រឿង វិញ្ញាណចងអាឃាត End Ep-8

 


រឿង: វិញ្ញាណចងអាឃាត

_________________________

          នាពេលនេះគ្រប់យ៉ាងដែលជានៅភុំវិញនាយភុំគឺពពេញទៅអោយអាប់ផ្សែងក្រាស់ខ្មឹក ខ្យល់ជំនោរខ្លាំងៗកំពុងតែធ្វើការបោកបក់ ពេលនេះនាយភុំព្រមទាំងព្រះគ្រូនិងក្រុមភ្លេង និងសង្ឃប្រមាណជា១០អង្គកំពុងតែធ្វើការរៀបចំរបស់របរ ដើម្បីប្រារព្ធពិធីក្នុងពេលបន្ដិចទៀតនេះ។

          ក្នុងខណៈពេលនេះអ្វីដែលសំខាន់មិនមែនជាពិធីបំបួសនាគដែលកំពុងតែចាប់ផ្ដើមនេះទេ គឺជាពិធីអ្វីម្យ៉ាងដែលយើងមិនដឹង។ គ្រប់យ៉ាងមិនចម្លែកទេដែលគោលដៅរបស់ពួកគេមករកផ្ទះមួយខ្នងដែលក្រុមនាយភុំបានបំពាន តែបែរជាមិនឃើញផ្ទះនោះទៅវិញ ហើយសភាពពេលនេះមិនខុសពីកាលដែលនាយភុំមកដល់លើកមុននោះទេ គ្រប់យ៉ាងគឺទទេស្អាត មានត្រឹមតែដីវាលមួយប៉ុណ្ណោះ ព្រះគ្រូសម្លឹងទៅជ្រៅក្នុងសភាពដែលពពេញទៅដោយផ្សែងសអណ្ដែតពាសពេញ។

          “យកធូប១៣សសៃអោយយើង!” ព្រះគ្រូចេញបញ្ជាអោយសង្ឃមួយអង្គក៏ប្រញាប់ទៅយកធូប១៣សសៃមកអោយព្រះគ្រូភ្លាម

          ធូបដប់បីសសៃត្រូវបានអុចដោយដៃព្រះគ្រូ​ គាត់ដាក់ទឹកមួយផ្ទិលនៅចំពោះមុខ ព្រមទាំងសូត្រនូវអ្វីម្យ៉ាងមក គាត់បិទភ្នែកសូត្រដោយសម្លេងខ្លាំងៗនិងកន្រ្ដាក់ៗ លោកសង្ឃឯទៀតក៏សូត្របន្ដពីវគ្គរបស់គាត់ សំលេងធម៌សូត្រកងរំពងបន្លឺពេញទីស្ងប់ស្ងាត់ធ្វើអោយទីកន្លែងនេះកាន់តែមើលទៅព្រឺព្រួច បន្ទាប់ពីសូត្រមួយសន្ទុះព្រះគ្រូក៏បើកភ្នែកវិញរួចយកធូប១៣សសៃនោះកូរក្នុងផ្ទិលទឹក បន្ទាប់ពីកូររួចហើយគាត់បញ្ជាអោយសង្ឃមួយអង្គយកទៅព្រួសជុំវិញនោះ ព្រះគ្រូនៅតែសម្លឹងផ្ទៃដីរាបស្មើនោះជាប់

          “នាងឯងកុំចង់លែងអោយសោះនាងណាវិន” ព្រះគ្រូនិយាយដោយសម្លេងរាបស្មើនិងបង្គាប់ដោយអំណាច

          ភ្លាមនោះផ្ទៃដីដែលរាបស្មើនោះក៏ផុសនូវរូបរាងផ្ទះចំណាស់មួយដែលមុននេះត្រូវបានបំបាំងដោយអាប់ផ្សែងក្រាស់ខ្មឹក។ ព្រះគ្រូសម្លឹងមើលផ្ទៃមេឃបន្ដិចមុននឹងអង្គុយចុះ ដើម្បីរៀបចំពិធី

          “ពេលដែលផ្ទៃមេឃចាប់ផ្ដើមបញ្ចេញពន្លឺបូរមី ត្រូវតែចាប់ផ្ដើមភ្លាម” ព្រះគ្រូនិយាយហើយក៏អង្គុយបត់ជើងបិទភ្នែករងចាំពេលវេលាមកដល់ ឯនាយភុំកំពុងតែអង្គុយនៅខាងមុនគាត់ ព្រះសង្ឃព្រមទាំងក្រុមរង់ភ្លេងកំពុងតែប្រុងប្រៀបតាមអ្វីដែលព្រះគ្រូបានប្រាប់។

          មិនប៉ុន្មានផង ផ្ទៃមេឃបានបញ្ចេញនូវរស្មីបូរមីយ៉ាងត្រចែសត្រចង់ ក្រុមភ្លេង៤វង់ក៏ចាប់ផ្ដើមប្រគុំឡើងភ្លាម ដែលបន្លឺដោយស្គរធំ ទូងផ្អើលអស់ព្រៃព្រឹក្សារ

          ទូង!!! ទូង////

          សម្លេងស្គរវ៉ៃជាថ្មីម្ដងទៀត ហើយឧបករណ៍ភ្លេងដទៃក៏ចាប់ផ្ដើមប្រគុំតាមក្រោយសម្លេងស្គរ សម្លេងឆ្កែលូទ្រហឹងកំពុងតែលូប្រណាំងទៅមក លោកប្រមាណជា១០អង្គក៏ចាប់ផ្ដើមសូត្រឡើងពេលដែលព្រះគ្រូលើកដៃជាសញ្ញា

          សម្លេងទូងស្គរហើយស្រែកហ៊ោរដែលគេតែងតែធ្វើបែបនេះនៅពេលដែលមានការបំបួសនាគម្ដងៗ ព្រះគ្រូចាប់ផ្ដើមកោរសក់ដល់ភុំ ភុំលើកដៃប្រណមព្រមទាំងរំលឹកដល់គុណម្ដាយ។ គេមិនដឹងយល់សោះថាហេតុអ្វីបានជាមានអារម្មណ៍ចង់យំបែបនេះ ទប់ចិត្ដមិនបានភុំក៏យំមកហ៊ូរ

          “ហ៊ឺក... ហ៊ឺៗ” ភុំអណ្ដាតអណ្ដើតជាខ្លាំង គេគ្រប់គ្រងខ្លួនឯងមិនបានសោះ ហេតុអ្វីក៏យំដូច្នេះ

          “តាំងចិត្ដអោយជ្រះថ្លា នាយភុំ” ព្រះគ្រូនិយាយដាស់តឿន ហើយភុំក៏ខំប្រឹងទប់ទឹកភ្នែកដែលកំពុងតែហូរ

          កោរសក់របស់នាយភុំរួចរាល់ព្រះគ្រូក៏ចាប់ផ្ដើមចងសីម៉ា ដោយបន្ដទៅរុំព័ទ្ធផ្ទះទាំងមូល ដោយអោយនាយភុំជាអ្នកទៅរុំទីនោះ ហើយសុំខមាលទោស

          ភុំកាន់អំបោះដែលព្រះគ្រូអោយយកទៅរុំព័ទ្ធផ្ទះនោះ ក្នុងចិត្ដរបស់គេស្ទាក់ស្ទើរជាខ្លាំង ភុំសម្លឹងមើលសភាពផ្ទះទាំងមូលកាត់ផ្ទៃងងឹតដោយអារម្មណ៍ភ័យខ្លាច គេបែរជាស្ទាក់ស្ទើរពេលដែលសម្លឹងទៅផ្ទះមួយខ្នងនោះ

          “បើឯងនៅតែស្ទាក់ស្ទើរទៀត យើងជួយឯងនិងគ្នាឯងឯទៀតលែងបានហើយ” ព្រះគ្រូនិយាយឡើងពេលដែលឃើញអាការៈរបស់គេ។ គ្រាន់តែព្រះគ្រូនិយាយភ្លាមនាយភុំក៏តាំងចិត្ដជាថ្មីវិញម្ដងទៀត បើគេនៅតែរុញរារទៀត បងប្អូនល្អរបស់គេប្រាកដជាមិនអាចជួយបាន ហើយគេក៏ប្រហែលជាមិនអាចត្រលប់ទៅវិញបានដូចគ្នា។

          ភុំឈានជើងដើរចូលទៅដោយជំហានវែងៗនិងមួយៗ គេលើកអំបោះនោះរុំព័ទ្ធជុំវិញ តែមិនទាន់បានស្អីផង នាយភុំក៏ត្រូវប៉ើងហោះទៅលើដោយមិនបានត្រៀមខ្លួន

          “ភុំ!!” ព្រះគ្រូឧទានចេញមកពេលដែលឃើញទិដ្ឋភាពបែបនេះ

          “វាប្រហែលជាចង់លេងជាមួយយើងហើយ!” ព្រះគ្រូឧទានបែបនេះរួចក៏ទាញថង់សមួយចេញមក ហើយតម្រៀបជារូបរាងមួយ ព្រះគ្រូក៏ចាប់ផ្ដើមសូត្រនូវអ្វីម្យ៉ាង ហើយសង្ឃឯទៀតក៏ចាប់សូត្រដូចគាត់ភ្លាម ក្រុមភ្លេងបានដូរបទទៅតាមព្រះគ្រូតម្រូវ ភ្លេងក៏ចាប់ប្ដូរហើយសភាពទាំងមូលក៏បង្កនូវភាពព្រឺព្រួចជាខ្លាំង

          “អាហាស់ៗៗៗៗ ហាស់ៗៗៗៗ” សម្លេងសើចស្រួចស្រេសកងរំពងពេញផែនព្រះធរណី សឹងតែអាចអោយមេឃដីរំកើលបាន ភ្លាមនោះក៏លេចនូវរូបរាងរបស់នាងណាវិននៅលើដំបូងផ្ទះដែលសម្លឹងមកនាយភុំនិងព្រះគ្រូដោយកែវភ្នែកចងអាឃាត

          “អាកូនចង្រៃ!! អាសង្ឃកញ្ជាស់!! ឯងដឹងថាយើងចាំឯងយូរប៉ុណ្ណាហើយទេ???” នាងស្រែកព្រមទាំងចង្អុលមកព្រះគ្រូជាពិសេស ដោយអាការៈខឹងក្រោធជាខ្លាំង

          “នាងកុំសម្ដីថ្លោះពេក បន្ដិចទៀតយើងនឹងបញ្ជូននាងទៅស្លាប់ម្ដងទៀត” ព្រះគ្រូនិយាយដោយសម្លេងនឹងធឹង និងដោយសន្ដិវិធី

          “ហាហាហាហាហ!!! អាកញ្ចាស់ឯងស្មានតែអាចធ្វើអីយើងបានហេ? ឯងពឹងលើច័នពេញបរមីនេះ ចង់កញ្ចាត់យើងផងហេ??” នាងសើចឮៗព្រមទាំងស្រែកដាក់ព្រះគ្រូយ៉ាងព្រហើន

          “អាចសម្លាប់នាងឯងបានឬអត់ នាងឯងចាំតែមើលទៅ” គាត់និយាយហើយក៏ចាប់ផ្ដើមបាចនូវទម្ទិចអ្វីម្យ៉ាងលើរូបដែលគាត់សូន

          “អាវ..!!!” នាងណាវិនស្រាប់តែស្រែកហើយយកដៃស្ទាបខ្លួនដែលពេលនេះកំពុងតែក្ដៅរោលរាលពេញខ្លួន នាងចាប់ផ្ដើមបើកភ្នែកធំក្រឡោតហើយស្រែកទំហឹងកងរំពងពេញផ្ទៃអាកាស នាងប្រែខ្លួនទៅជាធំទៅៗ

          ក្រុមភ្លេងព្រមទាំងសង្ឃឯទៀតកំពុងតែភ្លឹកនឹងព្រឹត្ដិការណ៍ដែលកំពុងកើតឡើងដូចជានៅក្នុងកុនរឿងខ្មោចដែលយើងធ្លាប់បានឃើញ ពេលនេះម្នាក់ៗសឹងតែលេចនោមដាក់ខោរ ខ្លះភ័យញ័រខ្លួន ឯសង្ឃផ្សេងទៀតសឹងតែសន្លប់ដោយសភាពដែលបានឃើញនាងណាវិនមុននេះពិតជាគួរអោយខ្លាច ទាំងរូបរាងទាំងរាងកាយ ភ្នែកក្រហមឆ្អិនឆ្អៅកំពុងតែសម្លឹងមកព្រះគ្រូយ៉ាងក្រឡោត ផ្ទៃមុនរបស់នាងរលេសរលួយគួរអោយខ្ពើមរអើប រហូតដល់មើលហើយអាចនឹងក្អួតចេញមក ក្រុមភ្លេងនាំគ្នាស្ងាត់អស់ ឯសង្ឃឯទៀតបាត់មាត់បាត់កឈឹង ព្រះគ្រូក៏ស្រែកមួយវ៉ាសដាស់សតិអ្នករាល់គ្នាវិញ ហើយភ្លេងក៏ចាប់ផ្ដើមលែងជាថ្មីម្ដងទៀត ព្រះសង្ឃទាំងអស់ក៏សម្រួលឥរិយាបថរួចបិទភ្នែកសូត្រតាមព្រះគ្រូ

          ឯនាយភុំពេលនេះកំពុងតែ ទ្រោមខ្លួនពេលដែលត្រូវប៉ើងទៅម្ខាងហើយធ្លាក់មកវិញសឹងតែមិនសល់ជីវិត ព្រះគ្រូអោយសញ្ញាទៅភុំយកសីម៉ានោះទៅរុំបន្ដ ខណៈពេលដែលនាងណាវិនកំពុងតែវក់វីនឹងសម្លេងធម៌ដែលកងរំពងនិងសម្លេងភ្លេងបុរាណកំពុងបុកម្នេញ ហើយត្រូវបានផ្កាភ្លើងព្រោងព្រាតឆាបឆេះពេញរាងកាយដោយស្នាដៃរបស់របស់ព្រះគ្រូ

          (នាឯខាងវិន)

          វិនដែលអង្គុយក្នុងរង្វង់ដែលបានខណ្ឌអស់ជាច្រើនម៉ោង ហើយត្រូវបាននាងណាវិនបំភាន់ភ្នែកទៀតធ្វើអោយវិនពិបាកនឹងទប់ទល់ជាខ្លាំង ពេលនេះរាងកាយគ្នាគេទាំង៣នាក់បានបាត់ទៅហើយដោយស្នាដៃរបស់នាងណាវិន ខណៈពេលនោះសម្លេងអ្វីម្យ៉ាងស្រាប់តែបន្លឺឡើង វាជាសម្លេងស្គរ!

          វិនភ្ញាក់ផ្អើលជាខ្លាំងពេលដែលឮបែបនេះ តែភ្លាមៗគេមិនអាចងើបចេញបានទេ ព្រោះមិនទាន់ប្រាកដចិត្ដនៅឡើង តាមអារម្មណ៍របស់គេពេលនេះកំពុងតែប្រាប់ថា រងចាំបន្ដិចទៀតសិន។

          សម្លេងស្គរដែលវិញបានស្ដាប់ឮនោះបានរំពងជាលើកទី២ហើយសម្លេងសូត្រធម៌ក៏ចាប់ផ្ដើមបន្លឺឡើង ក្នុងចិត្ដពេលនេះត្រេតអរយ៉ាងខ្លាំង

          “លោកបងមកជួយពួកខ្ញុំហើយ” វិនពោលក្នុងចិត្ដហើយព្យាយាមបិទភ្នែកអង្គុយស្ងៀមមួយកន្លែង ភ្លាមនោះសម្លេងអ្វីម្យ៉ាងក៏ស្រាប់តែបន្លឺឡើង

          “សម្លេងនោះ! គឺសម្លេងរបស់ខ្មោចនោះ”​ ពេលនេះសម្លេងសើចលាន់សន្ធឹកពេញផ្ទៃអាកាស វិនដឹងយ៉ាងច្បាស់ថាជាសម្លេងអ្នកណា គេចាប់ផ្ដើមសម្រួលឥរិយាបថ ហើយសន្សឹមងើបចេញពីរង្វង់ដែលបានខណ្ឌ វិនចុករោយត្រង់ជើងជាខ្លាំងដែលធ្វើអោយគេមិនអាចងើបបានស្រួល វិនព្យាយាមបើកទ្វារនោះចេញទៅក្រៅ

          “....” វិនកាំងស្ញេញមួយកន្លែងពេលដែលឃើញក្រុមភ្លេង និងព្រះសង្ឃជាច្រើនអង្គកំពុងសកម្មនិងសូត្រធម៌ញាប់ស្អេក នៅឯខាងក្រៅរបង តែមានសង្ឃមួយអង្គទំនងជាមានអំណាចជាងគេ ដែលអង្គុយលើព្រំក្រហម ហើយបិទភ្នែកសូត្រព្រមទាំងដៃបាចអ្វីម្យ៉ាងទៅលើរូបដែលនៅលើដៃគាត់ វិនងើយសម្លឹងទៅលើ

          “អូស!!!” គេឧទានចេញមក អ្វីដែលគេបានឃើញពេលនេះគឺរូបរាងដ៏គួរអោយព្រឺព្រួចរបស់ខ្មោចស្រីនោះ ភ្លាមនោះឈ្លាតពេលដែលមានឧកាស វិនបានរត់ចូលទៅក្នុងវិញដើម្បីទៅរក នាយដេន អាធី និងម៉ក់ដែលបានបាត់ខ្លួនឈឹងពេលនេះ

          វិនរត់ឡើងទៅខាងលើកាត់សភាពស្ងប់ស្ងាត់ដ៏គួរអោយព្រឺព្រួយដែលប្រឹងស្រែកហៅគ្នារបស់គេ តែគ្មានចម្លើយតបមកវិញទេ។ វិននឹកឃើញភ្លាមៗពីកន្លែងដែលអាចរកឃើញពួកគេ ហើយគេក៏ដើរទៅភ្លាម

          “....” វិនស្រឡាំងកាំងពេលដែលឃើញគ្នីគ្នារបស់គេភ្លាម ម្នាក់ៗភ្នែកសអង្គុយត្រង់ផ្លឹងគ្មានកម្រើក ឯខ្លួនរបស់ពួកគេទាំង៣ឡើងរឹងអស់ដូចជារូបចម្លាក់

          “អាដេន!”

          “អាធី!”

          “អាម៉ក់!” វិនព្យាយាមអង្រួនពួកគេទាំង៣ តែគ្មានប្រយោជន៍ទេ ពួកគេទាំង៣អង្គុយស្ងៀមត្រឹង បញ្ឈរភ្នែកឡើងលើ វិនដែលពេលនេះមិនអាចជួយអ្វីបានក៏យំហ៊ូរចេញមក

          “ពួកឯងមិនអាចស្លាប់ទេ!! ហ៊ឺៗ... ឆាប់ដឹងខ្លួនវិញមក!! ឯងមិនអាចស្លាប់ទេ” វិនអោបពួកវាទាំង៣ហើយទ្រយំ តែគេមិនបានដឹងនោះទេថា ទឹកភ្នែករបស់គេធ្វើអោយឥទ្ធិពលខ្មៅងងឹតរបស់នាងណាវិនលែងមានប្រសិទ្ធភាព

          រាងកាយពួកគេទាំង៣ក៏ស្រាប់តែប្រែប្រួលមកធម្មតាវិញ ហើយក៏ចាប់ផ្ដើមកំរើកឡើង វិនដែលកំពុងតែយំមិនបានដឹងទេថា ពួកគេទាំង៣នេះមកដូចដើមវិញហើយ

          “អាវិន!!” ពួកគេទាំង៣ឧទានឡើង

          “ហាស?? ពួកឯងមិនទាន់ស្លាប់ទេហេ?? យើង...យើងស្មានតែពួកឯងទៅចោលយើងហើយ” វិនភ្ញាក់ផ្អើលជាខ្លាំងពេលដែលឃើញថា ពេលនេះពួកគេទាំង៣ប្រែមកជាលែងអីវិញ

          “មានរឿងអី? មុននេះយើងដូចជាត្រូវបានកម្លាំងអ្វីអូសមក” ដេននិយាយ ហើយប្រឹងរំលឹកដល់រូបភាពទាំងឡាយ តែនឹកមិនឃើញសោះ

                “យើងក៏ដូចគ្នា តែយើងចាំបានថា យើងមកដល់ទីនេះហើយត្រូវបានខ្មោចនោះស្រូបថាមពលពីខ្លួន ហើយយើងក៏ស្រាប់តែបែបនេះ” ម៉ក់និយាយ

          “យើងយល់ហើយ!!” ថាហើយវិនប្រញាប់ងើបឈរឡើងហើយនិយាយបន្ដ

          “នាងធ្វើបែបនេះក៏ព្រោះតែត្រូវទប់ទល់នឹងលោកគ្រូធំ ដែលពេលនេះកំពុងតែនៅខាងក្រៅចាត់ការខ្មោចនោះ” វិននិយាយមួយៗដើម្បីអោយគ្នាឯទៀតស្ដាប់បាន ហើយក៏ប្រញាប់ចុះទៅក្រោម

          “ឆាប់ឡើងមក យើងជិតបានចេញពីទីនេះហើយ” វិននិយាយហើយក៏ចុះទៅខាងក្រោមវិញ ពួកគេទាំង៣នាក់មើលមុខគ្នាទៅមកដោយក្ដីរំភើបហើយក៏ចុះទៅក្រោមតាមវិន

          (សកម្មភាពខាងព្រះគ្រូ)

          ពេលនេះពពកចាប់ផ្ដើមរសាត់មកគ្របដណ្ដប់ចន្រ្ទាដែលកំពុងតែពេញបរមី ធ្វើអោយផ្ទៃមេឃទាំងមូលចាប់ផ្ដើមងងឹត ហើយនាងណាវិនក៏ញញឹមចេញមកយ៉ាងសមចិត្ដ

          “ពេលវេលារបស់ឯងអស់ហើយ!” នាងងាកឆ្វាច់មកសម្លឹងមុខព្រះគ្រូដោយកែវភ្នែកចងអាឃាត ព្រះគ្រូបិទភ្នែកសូត្របន្ដទៀតមិនអាចបោះបង់បានទេ គាត់ចាប់ផ្ដើមដឹងដល់ភាពមិនស្រួលក្នុងពេលបន្ដិចទៀតនេះ គាត់ស្រាប់តែព្រឺឆ្អឹងពីខ្នងមកដល់ក្បាល គាត់ក៏បញ្ជាឡើងមក

          “មិនអាចឈប់ឬអន់ថយបានទេ ឧកាសតិចណាស់ ត្រូវតែប្ដូរដើម្បីជួយមនុស្ស!” ព្រះគ្រូនិយាយដោយសម្លេងខ្លាំងៗផ្ដល់កម្លាំងចិត្ដដល់អ្នកដែលនៅទីនេះទាំងឡាយ

          ភ្លេងប្រគុំឡើងគ្មានការអន់ថយសម្លេងសូត្រមន្ដរងំៗក៏ប្រឹងសូត្របន្លឺខ្លាំងទៅៗ ដែលប្រណាំងនឹងពេលវេលាដ៏ស្រ្ដួចស្ដើង ទោះសល់តិចបំផុតក៏ដោយក៏ត្រូវតែបន្ដដែរមិនអាចបោះបង់ទេ។

          ភ្លឹប/

          មេឃចាប់ផ្ដើមងងឹតដូចពន្លត់ភ្លើង ខ្យល់មកពីណាមកមិនដឹងហាក់ដូចជាខឹងខ្លាំងណាស់ បានមកបោកបក់របស់របស់របរព្រមទាំងឧបករណ៍ទាំងឡាយប៉ើងខ្ទិចខ្ទីអស់សឹងតែអាចពាំនាំមនុស្សទៅបាន ពេលនេះសូម្បីដែលអង្គុយក៏មិនអាចអង្គុយជាប់បានដែរ ព្រោះតែកម្លាំងខ្យល់ដែលបក់មកមានកម្លាំងខ្លាំងពេក។

          ព្រះគ្រូសន្សឹមបើកភ្នែក គាត់ពិតជាចង់សុំទោសភុំដែលមិនអាចជួយវាបាន ពេលនេះអ្វីដែលគាត់ត្រូវធ្វើក៏ធ្វើអស់ទៅហើយ នៅឡើយតែវាសនាដែលចារមកប៉ុណ្ណោះ។

          ដឹប//

          ខ្លួនព្រះគ្រូប៉ើងទៅម្ខាងដោយស្នាដៃរបស់នាងណាវិនដែលគ្រាន់តែលើកដៃម្ខាង គាត់ស្មានមិនដឹងសោះថានាងអាចមានកម្លាំងបានដល់ថ្នាក់នេះ ព្រះគ្រូត្រូវធ្លាក់មកដីវិញសឹងតែចង់បែកប្រមាត់

          “ហាស់ហាហាហាហា!!!!” សម្លេងសើចឮបន្លឺមកយ៉ាងសមចិត្ដ

          ព្រះគ្រូបែកឈាមគ្រាំក្នុង ធ្វើអោយគាត់ពិបាកទ្រាំក្នុងខ្លួនជាខ្លាំងគាត់មិនអាចស្លាប់ពេលនេះបានទេ គាត់មិនអាចអោយនាងណាវិនធ្វើតាមអំពើចិត្ដបានទេ គាត់ព្យាយាមក្រោកអង្គុយវិញហើយទាញថង់សរបស់គាត់មកធ្វើបន្ដ សម្លេងធម៌របស់ព្រះគ្រូពេលនេះស្ដាប់ទៅចម្លែក ដែលសូម្បីតែសង្ឃឯទៀតក៏មិនអាចសូត្របន្ដពីគាត់បានដែរ

          នាងណាវិនចាប់ផ្ដើមប្រតិកម្មឡើងមក នាងខ្ទប់ក្បាលទៅមកហើយប្រឹងទប់ទល់ជាមួយនឹងសង្ឃកញ្ចាស់នោះ។ ព្រះគ្រូសូត្រសឹងមិនដកដង្ហើម ហើយភ្លាមៗនោះក៏

          “អួក...” ព្រះគ្រូបែកក្អួតចេញមកដែលសុទ្ធតែឈាម

          “ព្រះគ្រូ!!!” ភុំស្ទុះរត់ចូលមករកព្រះគ្រូហើយត្រកងគាត់ ភុំសម្លឹងមើលទៅខ្មោចនាងណាវិនដោយក្ដីអង្វរក ពេលដែលឃើញនាងស្ទុះចង់មកបញ្ចប់ជីវិតរបស់ព្រះគ្រូតែម្ដង

          “ម៉ែ.... សូមម៉ែលើកលែងអោយគ្រប់គ្នាទៅ! ម៉ែលើកលែងអោយខ្ញុំព្រមទាំងអ្នកនៅទីនេះទាំងអស់” ភុំពោលហៅម៉ែទៅកាន់នាងណាវិន ធ្វើអោយនាងហាក់ភ្ញាក់ផ្អើលនិងផ្អាកនូវសកម្មភាពដោយឈរសម្លឹងមកកាន់ភុំ

          “ម៉ែបានយកជីវិតគ្នីគ្នារបស់ខ្ញុំច្រើនមកហើយ សូមម៉ែលើកលែងអោយអ្នកដែលនៅសេសសល់ផងចុះ ម៉ែចង់អោយខ្ញុំបួសមែនទេ? ខ្ញុំបួសហើយម៉ែ ខ្ញុំបួសសងគុណម៉ែហើយ ខ្ញុំនឹងឧទ្ទិសកុសលដល់ម៉ែ ខ្ញុំនឹងឈប់ធ្វើអាក្រក់តទៅទៀត ម៉ែប្រដៅខ្ញុំប៉ុណ្នឹងគ្រប់គ្រាន់ហើយ ខ្ញុំដឹងខុសហើយ ខ្ញុំសុំទោសដែលជាតិមុខខ្ញុំធ្វើខុសលើម៉ែ... ម៉ែហ៊ឺៗខ្ញុំសុំទោស!” ភុំលត់ជង្គង់នឹងដី ហើយក្រាបក្បាលចុះអង្វរម្ដាយពីអតីតជាតិរបស់ខ្លួន គេពិតជាដឹងខុសមែន គេដឹងខុសហើយ លះបង់មនុស្សច្រើនពេកហើយសម្រាប់ការសងសឹងមួយនេះ កំហុសគ្រប់យ៉ាងគឺសុទ្ធសឹងតែដោយសារគេ​ ពេលនេះអ្នកមានគុណរបស់គេម្នាក់ទៀតនេះមិនដឹងជាទ្រាំទ្របានឬអត់ទេ មិនដឹងថាអាចទៅចោលគេម្នាក់ទៀតឬអត់នោះទេ គេពិតជាសោកស្ដាយណាស់ សុំអោយឧកាសចុងក្រោយរបស់គេពេលនេះបានសម្រេចផងទៅចុះ សូមទុកឧកាសអោយគេបានកែខ្លួនផងចុះ

          នាងណាវិនក្ដុលក្ដួលក្នុងចិត្ដជាខ្លាំង តាមពិតអ្វីដែលនាងរងចាំមិនមែនការសងសឹងទេ ពេលនេះអ្វីដែលនាងរងចាំគឺបែបនេះទៅវិញ គឺចង់ឃើញកូនរបស់នាងសងគុណនាងបែបនេះ យ៉ាងណានាងងាប់ទៅបិទភ្នែកជិតហើយ ទោះជាយ៉ាងណាក៏ដោយ កូននៅតែជាកូនទោះជាតិនេះឬជាតិណាក៏នៅតែជាកូនដែរ ទោះជាដំបូងនាងចង់សម្លាប់ទាំងអស់ក៏ដោយចុងក្រោយគឺបែបនេះ។

          “យើងរងចាំជាយូរណាស់ហើយ... បើឯងធ្វើបែបនេះពីមុនម្ល៉ោះហើយយើងមិនតែលតោលមិនរងទុក្ខវេទនាដូចជាពេលនេះនោះទេ យើងមិនចង់សងសឹងអ្វីទេ យើងគ្រាន់តែចង់ប្រដៅឯង...”

          “អាក!!!”

          មិនទាន់និយាយចប់ស្រួលបួលផង ទឹកក្រហមអ្វីម្យ៉ាងបានស្រោចមកលើនាងណាវិន ធ្វើអោយឆេះរោលរាលពេញមួយតួខ្លួនរបស់នាង

          “ម៉ែ!!!!” ភុំស្លុតចិត្ដជាខ្លាំងពេលដែលឃើញអតីតម្ដាយខ្លួនសុខៗក៏ស្រាប់តែឆេះបែបនេះ ទាំងដែរមិនទាន់និយាយជាមួយគេចប់ស្រួលបួលផង។ ភុំដាក់ព្រះគ្រូចុះហើយស្ទុះទៅរកនាងណាវិន

          “ម៉ែ!! ម៉ែកុំកើតអី ម៉ែយ៉ាងមិចហើយ??” គេត្រកងម្ដាយអតីតរបស់ខ្លួនជាប់នឹងដៃដែលកំពុងតែឆាបឆេះ ភុំយំយ៉ាងស្រស្រាក់ស្រស្រាំ ទោះពេលនេះម្ដាយដែលខ្លួនហៅជាខ្មោចក៏ដោយ ពេលនេះគេមិនចង់ឃើញម្ដាយខ្លួនចាកចេញដោយបែបនេះទេ គេខុសធ្ងន់ណាស់ពីមុនមកដែលមិនអាចមើលថែគាត់អោយបានល្អ បែរជាបណ្ដោយអោយគាត់ទៅជាបែបនេះ គេសោកស្ដាយណាស់!

          “ភុំ... ម៉ែអស់ចិត្ដហើយកូន ម៉ែអាចទៅបានសុខហើយ ឯងកុំបារម្ភអី” នាងណាវិនលើកដៃអង្អែលមុខកូន តែដៃរបស់នាងពេលនេះកំពុងតែត្រូវបានឆេះអស់ទៅហើយ រាងកាយនាងចាប់ផ្ដើមរលាយម្ដងបន្ដិចៗ ទឹកភ្នែកភុំស្រស់ចុះលើផ្ទៃមុខម្ដាយជាច្រើនតំណក់ ហើយព្យាយាមអោបម្ដាយជាប់ទ្រូងមិនលែងដៃ ហាក់ដូចជាការលាចុងក្រោយដែលមិនអាចជួបទៀតបាន

          “លោកបង!!” ដេន ធីនិងម៉ក់ បានរត់ចេញពីផ្ទះមក ហើយអ្វីដែលពួកគេនឹកស្មានមិនដល់គឺបានជួបនឹងនាយភុំ តែអ្វីដែលធ្វើអោយពួកគេកាន់តែភ្ញាក់ផ្អើលទៀតនោះគឺខ្មោចស្រីនោះត្រូវបានភុំអោបជាប់

          “នេះ... នេះមានរឿងអីទៅ?? មិចក៏លោកបងអោបខ្មោច?? មិចក៏ក្បាលលោកបងអស់សក់យ៉ាងចឹង??” ម៉ក់សួរទៅនាយភុំដោយចម្ងល់ជាច្រើន

          “នាងជាម៉ែយើងជាតិមុន” ភុំនិយាយហើយអោនមុខចុះថើបលើថ្ងាស់ម្ដាយថ្នមៗ

          “ម៉ែលាហើយ....ម៉ែស្រលាញ់កូនណាស់” នាងណាវិននិយាយលាទៅកូនជាលើកចុងក្រោយមុននឹងរាងកាយជិតរលាយបាត់

          “មុននេះអាវិនអានយកឈាមរបស់វាស្រោចលើសាកសពដែលបានតម្រៀបក្នុងផ្ទះហើយក៏បានដុតកម្ទេចចោល មិនដឹងថានាងខ្មោចនេះជាម៉ែលោកបងទេ.... ខ្ញ ខ្ញុំនឹងទៅពន្លត់ឥឡូវនេះ!!” ដេននិយាយហើយក៏រត់ទៅក្នុងវិញ ឯវិនដែលទើបនឹងដើរចេញមកពីខាងក្នុងក៏បានឈរធ្មឹងភ្លឹកអស់នាទិដ្ឋភាពទាំងឡាយដែលបានកើតឡើង មុននេះបើដឹងមុនបន្ដិចគេនឹងមិនធ្វើទេ តែអ្វីៗហួសពេលហើយទោះជាដេនរត់ទៅពន្លត់ក៏ដោយក៏មិនទាន់ដែរ ព្រោះវាឆេះជិតអស់ទៅហើយ

          នាងណាវិនចាប់ផ្ដើមរលាយបាត់ទៅតាមខ្យល់នៅចំពោះមុខនាយភុំ ភុំសម្លឹងមើលរាងកាយម្ដាយខ្លួនដែលកំពុងតែរលាយនឹងរសាត់អណ្ដែកទៅលើអាកាសទាំងក្ដុកក្ដួល

          “ម៉ែ!!!! ហ៊ឹក.... ហ៊ឺៗៗ” ភុំស្រែកអស់សម្លេងហើយស្រែកយំខ្លាំងៗ កាត់សភាពដែលស្ងប់ស្ងាត់និងច្របូកច្របល់ គេឈឺចិត្ដណាស់ គេពិតជាពិបាកទទួលយកណាស់....។

          ____________

                មកដល់ភូមិវិញក៏មានពិធីរៀបចំបុណ្យសពនិងឧទ្ទិសកុសលដល់អ្នកដែលបានស្លាប់ទាំងអស់ដែលបានស្លាប់ក្នុងផ្ទះនោះ។ ពេលនេះព្រះសង្ឃជាច្រើនអង្គព្រមទាំងញាតិញោមទាំងអស់កំពុងតែសកម្មជាមួយនឹងកម្មវិធីបុណ្យសពមួយនេះ សាច់ញាតិសពទាំងអស់កំពុងតែទ្រហ៊ោរយំមិនដាច់អាល័យ មិនគួរសោះថាកូនៗរបស់ពួកគេស្លាប់ដោយបែបនេះ។

          “លោកបងភុំ” វិនឧទានហៅនាយភុំដែលពេលនេះត្រូវបានបួសជាសង្ឃហើយ

          “អឹម....” ភុំគ្រហឹមតិចៗ គេយល់ពីវិនចង់និយាយអីដល់គេ គេបានត្រឹមតែងក់ក្បាលទទួលយកវា ចាប់ពីពេលនេះតទៅគេនឹងឧទ្ទិសកុសលផលបុណ្យទាំងឡាយដល់គ្នីគ្នារបស់គេដែលបានស្លាប់ទាំងអស់អោយបានទៅចាប់ជាតិថ្មី ព្រមទាំងម្ដាយរបស់គេផងដែរ គឺនាងណាវិននោះឯង។

          “ខ្ញុំដឹងលោកបង ពិបាកហើយ ខ្ញុំមិនទៅណាចោលលោកបងទេ ខ្ញុំ អាដេន អាធីនិងអាម៉ក់ សម្រេចចិត្ដបួសជាមួយបង ពេលពិធីចប់សប់គ្រប់ហើយពួកខ្ញុំនឹងបួសនៅទីនេះ។

          “យើងទៅមើលព្រះគ្រូសិនហើយ...” ភុំងក់ក្បាលទទួលដឹងឮពីអ្វីដែលវិននិយាយហើយគេមិនចង់និយាយអ្វីច្រើនទេ ពេលនេះគេអស់កម្លាំងណាស់។

          មកដល់កុដ្ឋរបស់ព្រះគ្រូ/

          “ព្រះគ្រូយ៉ាងមិចទៅហើយ?” ភុំលើកអោយព្រះគ្រូអង្គុយអោយស្រួលបួលនិងលើកថាសថ្នាំព្រមទាំងបាយម្ហូបសម្រាប់គាត់

          “យើងមិនអីទេ ពីពេលនេះតទៅឯងត្រូវតែអប់រំផ្លូវចិត្ដអោយបានល្អមើលថែម្ដាយឯង និងធ្វើល្អដល់អ្នកឯទៀតតាមគន្លងធម៌ដ៏ថ្លៃថ្លារបស់ព្រះពុទ្ធ”

          “ករុណាព្រះគ្រូ” និយាយហើយ ភុំថ្វាយបង្គុំលាព្រះគ្រូទៅវិញ។

          “ក្រោយភ្លៀងមេឃនឹងស្រលះ”

_____ចប់ដោយបរិបូរណ៍_____

បន្ដិតទៀតខ្ញុំនឹងបកស្រាយលើរឿងទាំងមូល ❤❤ អរគុណសម្រាប់ការរងចាំអានពីដើមដល់ចប់ សូមជូនពរអ្នកទាំងអស់គ្នាជួបតែសេចក្ដីសុខ

Comments

Popular posts from this blog

ស្រមោលស្នេហ៍ពណ៌ខ្មៅ

ស្រមោលស្នេហ៍ពណ៌ខ្មៅ

ត្រលប់ទៅរក៣៦៥ថ្ងៃនៃក្ដីស្រលាញ់