ត្រលប់ទៅរក៣៦៥ថ្ងៃនៃក្ដីស្រលាញ់
![]() |
ត្រលប់ទៅរក៣៦៥ថ្ងៃនៃក្ដីស្រលាញ់
អាចនិយាយថា
ខ្ញុំគំនិតក្មេងក៏បានឬខ្ញុំមិនទាន់ធំក៏បាន
ខ្ញុំផ្ដើមក្ដីស្រលាញ់មួយជាមួយនឹងនារីម្នាក់ នាងមានអ្វីគ្រប់យ៉ាងដែលខ្ញុំគ្មាន
ខ្ញុំតែងតែគិតថាខ្លួនឯងពិតជាអន់មែនទែន ដូចជាពាក្យគេតែងតែនិយាយចឹង
បើមិនទាន់មានអ្វីទេ កុំមានស្នេហាអី អ្វីដែលខ្ញុំគ្មាននោះគឺ ចិត្ដ គំនិត
និងការព្យាយាម។ គិតទៅក្មេងៗពិតជាចង់ដឹងចង់លឺនូវអ្វីដែលគេហាមណាស់ ខ្ញុំគ្រាន់តែចង់ស្គាល់ថា
អ្វីទៅជាស្នេហាហើយវាមានរសជាតិបែបណា? ផ្អែមដូចទឹកឃ្មុំ?ឬល្វីងដូចថ្នាំពុល?
បន្ទាប់ពីខ្ញុំបានស្គាល់ហើយ លើកដំបូងនោះគឺ... ផ្អែមណាស់ រំភើបញាប់ញ័រ
មិនបានប៉ុន្មានផងក៏ប្រែវិញ... ប្រែទៅជា....ធុញធប់។
៣៦៥ថ្ងៃមុន...
ខ្ញុំជាបុរសជួរមុខប្រចាំសាលា
ខ្ញុំមិនអួននោះទេ ស្រីៗច្រើនណាស់ដែលតាមស្រលាញ់ខ្ញុំហើយត្រូវខ្ញុំបដិសេធ...
ហេតុផលនោះគឺខ្ញុំមិនចង់ស្គាល់ឡើយអារម្មណ៍ខ្លោចផ្សា ហើយរឹតតែមិនចង់ទៀតនោះគឺធ្វើបាបអ្នកណា។
តែខ្ញុំនៅតែមិនអាចគេចផុត ខ្ញុំធ្លាក់ចូលក្នុងអារម្មណ៍ស្នេហាពីពេលណាក៏មិនដឹង។
នាងជាមនុស្សស្រីម្នាក់ដែលប្លែកខុសពីនារីដទៃ
គ្រាន់តែថ្ងៃជួបនាងដំបូងខ្ញុំក៏រំជើបរំជួលបាត់ទៅហើយ។ ខ្ញុំប្រើពេលយូរគួរសមទម្រាំនឹងបាននាង
នាងនិយាយថានាងក៏ពេញចិត្ដខ្ញុំដូចគ្នា។
៣ខែដំបូងអ្វីៗស្រស់បំព្រោងទាំងអស់ នាងមិនដែលសូម្បីរករឿងឈ្លោះជាមួយខ្ញុំ
អាចថាគូស្នេហ៍ដទៃប្រៀបនឹងពួកយើងមិនបានទេ។ ទំនេរពួកយើងក៏ជួបគ្នា
ពេលរវល់ក៏ប្រាប់ថារវល់។ នាងជាមនុស្សដែលយល់ពីខ្ញុំជាងគេ
តែខ្ញុំបែរជាមិនយល់ពីនាងទៅវិញ ខ្ញុំតែងតែរកលេសបន្ទាប់ពី៣ខែដំបូង ខ្ញុំលែងចង់ជួបនាង
ព្រោះមានអារម្មណ៍ថាធុញទ្រាន់ ខ្ញុំក៏មិនយល់ដែរថាសុខៗមិចក៏មានអារម្មណ៍បែបនេះ?
ទាំងដែលគែមិនដែលរករឿងឬក៏បិទសិទ្ធខ្ញុំអ្វីនោះទេ
តើអ្នកទាំងអស់គ្នាធ្លាប់ដែរទេ?សុខៗក៏ធុញគេដោយមិនដឹងរឿង។
ខ្ញុំផ្ដើមចាកឆ្ងាយពីនាង
ពីមួយថ្ងៃទៅមួយថ្ងៃ។ នាងក៏បាននិយាយដែលថា «បង!មួយរយៈនេះបងប្លែកណាស់? បងកើតអី? មិចបានគ្មានពេលជួបនឹងអូនសោះចឹង?»
ខ្ញុំថាអត់មានទេ គ្រាន់តែរវល់ប៉ុណ្ណោះ ហើយនាងក៏លែងសួរទៀតទៅ
យើងចេះតែបន្ដបែបនេះរហូតដល់មួយខែទៀត ខ្ញុំផ្ដើមចេះសាវ៉ាពីណាមកក៏អត់ដឹង
ខ្ញុំដើរលេងច្រើន ស៊ីផឹក ហើយលួចលាក់មានស្រី តែខ្ញុំមិនអោយនាងដឹងទេ
បើទោះខ្ញុំខូចក៏ដោយ តែខ្ញុំមិនដែលខ្វាយខ្វល់ពីនាងទៀតឡើយ ហើយគ្រប់ពេលនាងតែងតែផ្ញើរសារមកខ្ញុំរឿយៗ
ព្រឹក* (បងកុំភ្លេចញ៉ាំបាយផងណា៎!)
ថ្ងៃត្រង់*(ថ្ងៃត្រង់ហើយ ញ៉ាំបាយផង!)
យប់*(កុំភ្លេចញ៉ាំបាយផង!)
ខ្ញុំចង់តែតបថា
ឈប់ទៅខ្ញុំធុញណាស់!!!! បាយព្រឹកបាយថ្ងៃបាយល្ងាច!!! ធុញខ្លាំងណាស់។
ខ្ញុំមិនតបសាររបស់នាងព្រោះចង់ចាកចេញទៅដោយមិនលា តែចិត្ដមិនដាច់ព្រោះនាងតែងតែផ្ងើរសារមកបែបនេះជារៀងរាល់ថ្ងៃ
ខ្ញុំអាណិតនាងទើបខ្ញុំធ្វើរឿងមួយដែលខ្ញុំមិនដែលធ្វើពីមុនមកទៅលើនាង។
ថ្ងៃនោះខ្ញុំបានណាត់នាងនៅហាងកាហ្វេមួយកន្លែងដែលនាងចូលចិត្ដ
ហើយខ្ញុំមិនហើបមាត់រកនាងទេ នាងក៏មិនហើបមាត់រកខ្ញុំដូចគ្នា ហើយខ្ញុំក៏ហុចក្រដាសមួយអោយទៅនាង
ក្នុងនោះសរសេរថា៖ «ចាប់ពីថ្ងៃនេះទៅ យើងផ្អាកទាក់ទងគ្នាសិនទៅ!
ខ្ញុំមានអារម្មណ៍ថាខ្ញុំធុញនឹងនាងហើយ តើនាងមិនគិតថាធុញនឹងខ្ញុំដែលទេមែនទេ?
ធុញខ្ញុំទៅឈប់ផ្ងើរសារមកដដែលៗបែបនេះទៀត
នាងគិតថាខ្ញុំមិនចេះរកបាយស៊ីខ្លួនឯងឬក៏យ៉ាងមិច? ឈប់ទៅណា! ខ្ញុំហាត់នឹងនាងណាស់
ឈប់រំខានខ្ញុំទៀត»
នាងអានហើយគ្រាន់តែញញឹមដាក់ខ្ញុំហើយនាងក៏ងើបចេញហើយថែមទាំងគិតលុយថ្លៃកាហ្វេអោយខ្ញុំទៀត។
ខ្ញុំនឹកស្មានថានាងនឹងយំហើយស្រក់ទឹកភ្នែកនៅចំពោះមុខខ្ញុំ
តែផ្ទុយទៅវិញនាងចាកចេញទៅដោយទឹកមុខស្មើធេងដូចសមុទ្រស្ងប់ខ្យល់ ហើយខ្ញុំបែរជាមានអារម្មណ៍ខុសឆ្គងលើនាងទៅវិញ
ខ្ញុំគិតក្នុងចិត្ដថា ក្រែងនេះជាអ្វីដែលខ្ញុំចង់បានហេ៎?
ហេតុអ្វីក៏មិនស្ងប់ចិត្ដយ៉ាងចឹង? ឬមួយក្នុងចិត្ដនៅតែមាននាង?
បើមាននាងហេតុអ្វីខ្ញុំគ្មានអារម្មណ៍ខ្វល់ខ្វាយយ៉ាងចឹង? ខ្ញុំមិនយល់ពីខ្លួនឯង
ហើយក៏ក្រវីក្បាលតិចៗបណ្ដេញអារម្មណ៍រវើររវាយ។
ប៉ុន្មានថ្ងៃកន្លងផុតទៅ
នាងពិតជាធ្វើតាមអ្វីដែលខ្ញុំបានប្រាប់នាងពិតមែន នាងមិនបានផ្ងើរសារមកខ្ញុំទៀតនោះទេ
តែខ្ញុំបែរជាអង្គុយចាំសាររបស់នាងទៅវិញ
ទាំងដែលខ្លួនជាអ្នកប្រាប់គេអោយឈប់ផ្ងើរសារមកសោះ ខ្ញុំហួសចិត្ដនឹងខ្លួនឯងមែនទែន
មិនយល់ថាមូលហេតុអី ខ្ញុំក៏បិទភ្នែកសម្រួលអារម្មណ៍របស់ខ្លួនបន្តិច
មួយសន្ទុះក្រោយមកក៏លាន់លឺសម្លេងសារមក
ខ្ញុំស្ទុះវឹងយកទូរស័ព្ទមកមើលថាជាសាររបស់អ្នកណា
ក្នុងចិត្ដរំពឹងថាជានាងអ្នកផ្ងើរមកចុះ។
ខ្ញុំបើកទូរស័ព្ទមើលយឺតៗ
ហើយវាដូចជាការរំពឹងទុកពិតមែនគឺជានាងដែលផ្ងើរសារមកខ្ញុំ តែលើកនេះគឺមិនដូចរាល់ដងទេ
មិនមែនអោយហូបបាយទៀតនោះទេ វាជាអត្ថបទមួយដែលសរសេរថា៖ «លោក!
ខ្ញុំអរគុណគ្រប់យ៉ាងដែលលោកបានផ្ដល់អោយមួយរយៈពេលមុនដែលលោកស្រលាញ់ខ្ញុំ។
ខ្ញុំពិតជាមិនដឹងសោះឡើយថាលោកអស់ចិត្ដនឹងខ្ញុំពីពេលណា
ព្រោះខ្ញុំតែងតែជឿទុកចិត្ដលើលោកមិនថាលោកនិយាយអ្វីក៏ដោយ លោកតែងតែប្រាប់ថារវល់នេះរវល់នោះ
ខ្ញុំតែងតែរងចាំលោក! ហេតុដែលខ្ញុំតែងតែប្រាប់លោកជារឿយៗអោយលោកញ៉ាំបាយ ក៏ព្រោះអ្វី?
លោកមើលខ្លួនឯងទៅមើលថាខ្លួនឯងស្គមកំរិតណា? មកពីលោកមិនចេះស្រលាញ់ខ្លួន
ទើបខ្ញុំតែងតែនៅក្បែរលោក តែលោកបែរជាមិនយល់ពីទឹកចិត្ដមួយនេះទៅវិញ? បើលោកយល់ពីខ្ញុំបន្តិចលោកនឹងដឹងថាខ្ញុំស្រលាញ់លោកកម្រិតណា
ហេតុអីធ្វើទង្វើល្អៗបានតែដំបូង? មិចលោកមិនធ្វើដូចពេលដែលលោកចង់បានខ្ញុំដំបូងផងទៅ?
ស្រលាញ់អោយស្មើចុងស្មើដើមវាមិនបានទេឬយ៉ាងមិច? ឬមួយប្រុសទាំងអស់សុទ្ធតែចឹង?
នេះជាសារចុងក្រោយរបស់ខ្ញុំចំពោះលោក ខ្ញុំមិនខឹងនឹងលោកទេ
តែខ្ញុំស្អប់មនុស្សដូចជាលោក! ខ្ញុំស្មាលលាហើយ នេះក៏ជាលើកចុងក្រោយដែរ
សង្ឃឹមថាពេលជួបគ្នាចៃដន្យ លោកនឹងប្រសើរជាងនេះ»
ខ្ញុំអានសាររបស់នាងហើយ
ជង្គុងក៏ទល់នឹងដី ខ្ញុំពិតជាអត់បានដឹងមែនថានាងលះបង់យ៉ាងណាចំពោះខ្ញុំ
ក្រែងខ្ញុំមិនចង់ស្គាល់ភាពឈឺផ្សារហេ៎?
ក្រែងខ្ញុំតែងតែប្រកាន់គោលការណ៍មិនធ្វើបាបអ្នកណាហី? ចុះមិចពេលនេះ? ទៅជាចឹងទៅវិញ?
ខ្ញុំធ្វើបាបចិត្ដមនុស្សស្រីម្នាក់ដែលខ្ញុំតែងតែទៅលួចមើលនាងជារឿយៗ
ស្រម៉ៃឃើញនាងរាល់ថ្ងៃ សុបិន្ដឃើញរាល់រាត្រី ពិបាកណាស់ទម្រាំនឹងយកនាងបានពីប្រុសដទៃ
មិចក៏ខ្ញុំនឹកមិនឃើញសោះចឹង? ចោរម្សៀតណាស់។ ខ្ញុំជាមនុស្សបែបនេះពីពេលណាមក?
ភាពទារុណក្នុងចិត្ដ បុកម្ដេញខ្ញុំរាល់ថ្ងៃស្ទើរតែមិនអាចទ្រាំបាន។
ថ្ងៃដែលនាងសរសេរសារចុងក្រោយមកខ្ញុំមក
មកទល់ពេលនេះខ្ញុំទឹកភ្នែករាល់ថ្ងៃ ខ្ញុំមិនអាចសូម្បីខលទៅនាង
គ្រប់ពេលដែលទូរស័ព្ទទៅតែងតែទទួលបាននូវពាក្យមិនអាចទាក់ទងបាន។
តែយ៉ាងណាខ្ញុំនៅតែព្យាយាម ខ្ញុំខលព្រឹកខលល្ងាចខលយប់
ទោះទទួលបានពាក្យបដិសេធពីទូរស័ព្ទក៏ដោយ។
ខ្ញុំក្លាយជាមនុស្សរោគចិត្ដមួយថ្ងៃៗគិតតែពីអង្គុយចុចទូរស័ព្ទ
លឺសម្លេងសារបន្តិចក៏រត់ទៅមើលដូចមនុស្សឆ្កួត ទាំងដែលជាសាររបស់ក្រុមហ៊ុនសោះ។
ខ្ញុំអង្គុយដកដង្ហើមធំជាប្រចាំ
ខ្ញុំសម្លឹងមើលខ្លួនឯងក្នុងកញ្ចក់ ឃើញទឹកមុខគួរអោយខ្ពើមរអើមរបស់ខ្លួន
សក់រញ៉េររញ៉ៃរ ពុកមាត់ដោះពេញផ្ទៃមុខ តើជាមនុស្សត្រង់ណា? សត្វធាតុសុទ្ធសាធ។
ខ្ញុំយកដៃខ្ទប់មុខ ហើយងើបឈរអស់កម្ពស់
ខ្ញុំនឹកឃើញវិធីម្យ៉ាងបន្ទាប់ពីខ្ញុំនឹកដល់ពាក្យរបស់នាងចុងក្រោយ «សង្ឃឹមថាពេលជួបគ្នាចៃដន្យ
លោកនឹងប្រសើរជាងនេះ»
ខ្ញុំយល់ថាខ្លួនឯងត្រូវធ្វើអីហើយ។
ខ្ញុំបានទៅហាងកាត់សក់ កាត់ម៉ូតសក់ដែលនាងតែងតែប្រាប់ថាស្រលាញ់
ទៅទិញខោអាវដែលនាងតែងតែប្រាប់ថានាងចូលចិត្ដមនុស្សប្រុសស្លៀកពាក់បែបនេះ
ទៅទិញសៀវភៅដែលនាងថាចូលចិត្ដអាន ទៅញ៉ាំរបស់ដែលនាងថាចូលចិត្ដញ៉ាំ ទៅហាងកាហ្វេដែលនាងថាចូលចិត្ដផឹក
និងចុងក្រោយគឺ ញ៉ាំបាយទៀងពេល។
ខ្ញុំធ្វើបែបនេះជាប្រចាំវាធ្វើអោយអារម្មណ៍របស់ខ្ញុំធូរស្បើយ
ព្រោះដូចជាមាននាងនៅក្បែរខ្ញុំយ៉ាងចឹង។ ខ្ញុំទើបតែដឹងថាក្ដីស្រលាញ់ជ្រាលជ្រៅចំពោះមនុស្សម្នាក់វាធំធេងប៉ុណ្ណា
ហើយបាត់បង់មនុស្សម្នាក់វាពិបាកធ្វើចិត្ដប៉ុណ្ណា។
ច្រើនថ្ងៃកន្លងផុតទៅ
ជិតចូលដល់ថ្ងៃដែលខ្ញុំនិងនាងធ្លាប់ស្រលាញ់គ្នា
ខ្ញុំក៏ទៅហាងមួយកន្លែងដែលជាហាងរបស់មិត្តភ័ក្ដរបស់នាង ហើយខ្ញុំបានសួរនាំគេពីនាង
តែនាងឆ្លើយប្រាប់ថាអ្វីក៏នាងមិនដឹងដែរពីមិត្ដស្រីចាស់របស់ខ្ញុំ។
ខ្ញុំរាងខកចិត្ដបន្ដិចតែនៅតែញញឹម។ ខ្ញុំដើរចេញពីហាងដោយមិនភ្លេចទុកសំបុត្រមួយច្បាប់ដែលរៀបរាប់ពីក្ដីនឹកចំពោះខ្ញុំទៅនាង
ដល់មិត្ដរបស់នាងសម្រាប់អោយទៅនាង ព្រោះខ្ញុំគ្មានអ្វីទាក់ទងទៅនាងបាន Facebook ក៏នាងបិទចោលដែរ
ដូច្នេះហើយមានតែវិធីនេះប៉ុណ្ណោះ។
ឈានដល់ថ្ងៃគម្រួបខួបរបស់ខ្ញុំនិងនាងដែលធ្លាប់ស្រលាញ់គ្នា
ខ្ញុំបានទៅទិញនំនៅហាងមួយកន្លែងដែលនៅឆ្ងាយពីក្រុងព្រោះខ្ញុំចង់លំហែបន្ដិច។
ខ្ញុំឈប់ឡានហើយចុះទៅទិញនំ
«អត់ទោសអ្នកនាង?
តើមាននំខេកដែលមានតម្លៃធម្មតាដែរទេ? រសជាតិសូកូឡា?»
«សុំទោសផងលោក
ហាងនៅទីនេះមិនប្រើនំដែលមានសូកូឡាទេ អធ្យាស្រ័យផងណា»
«ចឹងមិនអីទេ!មួយណាក៏បានដែរ»
«ចាស!សូមរងចាំបន្ដិច»
ខ្ញុំរងចាំតាមអ្វីដែលអ្នកលក់ប្រាប់
មួយភ្លេតក្រោយមកនាងក៏យកនំមកអោយខ្ញុំ ដោយនាងបាននិយាយថានំនេះមិនគិតថ្លៃទេ
ខ្ញុំសួរថាហេតុអី?
នាងក៏ប្រាប់ថារីករាយថ្ងៃពិសេសរបស់លោកហើយនាងក៏បិទហាងបន្ទាប់ពីលក់នំនេះមកអោយខ្ញុំហើយ។
ខ្ញុំឈរទ្រឹងមិនយល់ថាហេតុអ្វី មិចក៏នាងដឹងថាថ្ងៃពីសេសរបស់ខ្ញុំ? ឬនាងស្គាល់ខ្ញុំ?
ខ្ញុំពិតជាចង់សួរនាងណាស់ តែនាងបានបិទទ្វារហាងបាត់ទៅហើយ
ខ្ញុំក៏ឡើងឡានទៅកន្លែងមួយទៀត។
ខ្ញុំចេះតែជិះៗទៅឃើញត្រង់ណាស្អាតក៏ឈប់ត្រង់នោះតែរកមិនទាន់ឃើញ
ជិះបានមួយសន្ទុះខ្ញុំឃើញកន្លែងមួយ ទីនោះពពេញដោយផ្កាស្អាតៗ ជាពិសេសនោះគឺពណ៌លឿង
ជាពណ៌ដែលមនុស្សខ្ញុំស្រលាញ់ចូលចិត្ដណាមួយនំខេកដែលខ្ញុំទិញមានពណ៌លឿងទៀតផងនោះ វាពិតជាសាកសមមែនទែន។
ខ្ញុំឈប់ឡានគៀនផ្លូវហើយដើរសំដៅទៅសួនផ្កានោះ។ តាមផ្លូវដែលដើរចូលទៅមានរបងជាជួរៗ
ហើយមានដាក់ភ្លើងរាត្រីតូចៗតាមនោះ វារ៉ូមែនទិចខ្លាំងណាស់ ខ្ញុំចម្លែកចិត្ដតែមិនអាចបញ្ឈប់ដំណើរខ្លួនឯងបាន
ដោយសារទីនេះបានទាក់ទាញខ្ញុំអោយឈ្លក់វវ្វែង។
ខ្ញុំឈប់ងក់ទល់មុខនឹងរោងមួយដែលមានកៅអីទោងមួយ
ខ្ញុំដាក់ខ្លួនអង្គុយហើយលើកប្រអប់នំរបស់ខ្ញុំដាក់លើតុ
ខ្ញុំសម្លឹងមើលទិដ្ឋភាពដ៏ស្រស់ត្រកាលមួយនេះអោយដិតក្នុងអារម្មណ៍ចូលដល់ក្រអៅបេះដូងរបស់ខ្ញុំ
ខ្ញុំបិទភ្នែកបួងសួង ហើយសង្ឃឹមថាមនុស្សដែលខ្ញុំស្រលាញ់នឹងវិលមករកខ្ញុំវិញព្រោះនេះជាខួប១ឆ្នាំនៃការចាប់ផ្ដើម។
បន្ដិចក្រោយមកមាននារីម្នាក់ដើរចូលមកសួនផ្កានេះ
ខ្ញុំនឹកស្មានថាប្រហែលជាម្ចាស់សួននេះហើយខ្ញុំរៀបអីមិនទាន់ក៏ត្រឹមគេចខ្លួនទៅពួននៅម្ខាងសិន។
គួរអោយអស់សំណើចណាស់ ខ្ញុំបែរជាទៅពួនទៅវិញមិនព្រមប្រាប់គេស្រួលបួលបើគេសួរនាំ
ធ្វើដូចជាចោរចូលលួចអីយ៉ាងចឹង។
តែជ្រុលជាពួនហើយក៏ពួនតែម្ដងទៅចាំមើលថាតើនារីម្នាក់នោះធ្វើអីនៅទីនេះ។
ក្នុងដៃរបស់នាងមានកាន់ប្រអប់មួយ
ទំនងដូចជាប្រអប់នំ និងផ្កាពណ៌លឿងនោះ
នាងដាក់ខ្លួនអង្គុយចុះនឹងទោងហើយដាក់ប្រអប់នំរបស់នាងលើតុ
ខ្ញុំមើលមុខនាងមិនឃើញសោះព្រោះនាងពាក់មួកជិត បាំងមុខរបស់នាងបាត់។
ខ្ញុំគ្រាន់តែអាចស្រម៉ៃថានាងមានឥរិយាបថទន់ភ្លន់ ដៃស្រឡូន បបូរមាត់ផ្កាឈូក
នាងដូចជា...... ដូចជាមនុស្សម្នាក់នោះខ្លាំងណាស់
ខ្ញុំនៅអាចចំណាំនាងបានត្រង់បបូរមាត់តូចពណ៌ផ្កាឈូកមួយនោះ។
ខ្ញុំលឺសម្លេងខ្សឹកខ្សួល...ដូចជាសម្លេងយំ។
បេះដូងរបស់ខ្ញុំស្រាប់តែលោតដុកដាក់ វាឈឺពឺតឡើងមក ខ្ញុំមិនយល់សោះថាហេតុអ្វី? នារីម្នាក់នោះក៏បាននិយាយឡើងមក
«មកទល់ពេលនេះហើយខ្ញុំនៅតែធ្វើចិត្ដមិនបាន
តើហេតុអីទៅ? ខ្ញុំនៅនឹកម្នាក់នោះទៀតហេ៎? គេអាក្រក់ណាស់
គេសមតែអង្គុយយំដូចខ្ញុំពេលនេះ មិចបានជាខ្ញុំត្រូវខូចចិត្ដនឹងមនុស្សដែលមិនអោយតម្លៃខ្ញុំ?
ខ្ញុំបានបាត់បង់មនុស្សដែលខ្ញុំធ្លាប់ស្រលាញ់ តែគេបានបាត់បង់មនុស្សដែលស្រលាញ់គេខ្លាំងបំផុត»
ថាហើយនាងក៏បិទភ្នែកផ្លុំទានដែលដោតនឹងនំរបស់នាង
នាងប្រុងនឹងចាកចេញតែដោយសារខ្ញុំមិនប្រយ័ត្នក៏រអិលជើងដួលធ្វើអោយមានសម្លេង។
«អ្នកណា?»
នាងស្រែកសួរ
ខ្ញុំក៏ប្រាប់ថាខ្ញុំគ្មានគំនិតអាក្រក់ទេ
គ្រាន់តែឃើញទីនេះស្អាតក៏ចូលមកទៅ ព្រោះមិនមានសញ្ញាហាមឃាត់អ្វីនៅទីនេះ។
ថាហើយខ្ញុំក៏ចេញមក
បេះដូងខ្ញុំស្ទើរតែធ្លាក់ដល់ដីពេលដែលខ្ញុំដឹងថាជាអ្នកណាដែលឈរនៅចំពោះមុខខ្ញុំនេះ
ទឹកភ្នែករបស់ខ្ញុំស្រាប់តែស្រក់មកប្រដេញគ្នា
ខ្ញុំពិតជាមិននឹកស្មានសោះថាខ្ញុំបានជួបនាងម្ដងទៀត ខ្ញុំរំភើប!! រំភើបដូចថ្ងៃដែលខ្ញុំបានជួបនាងលើកដំបូងយ៉ាងចឹង
មើលចុះនាងបែរជាស្គមជាងពីមុនទៅទៀត តើនាងនៅតែគិតពីខ្ញុំតើមែនទេ? តើរយៈពេលដែលពួកយើងបែកគ្នា
នាងសុខទុក្ខយ៉ាងមិចខ្លះ? ទឹកភ្នែកខ្ញុំហូរដូចបាក់ទំនប់
ខ្ញុំខូចចិត្ដខ្លាំងណាស់ដែលខ្ញុំធ្វើអោយនាងក្លាយទៅជាបែបនេះ
បេះដូងខ្ញុំដូចត្រូវគេប្របាច់នៅពេលដែលឃើញមនុស្សដែលខ្ញុំស្រលាញ់ស្ថិតក្នុងសភាពបែបនេះ។
ខ្ញុំមិនបណ្ដោយយូរ ខ្ញុំក៏រត់ទៅអោបនាង ដំបូងគិតថានាងនឹងច្រានខ្ញុំចេញ
នឹងជេរបន្ដិចខ្ញុំ តែខុសពីការគិតស្រលះ នាងបែរជាបណ្ដោយអោយខ្ញុំអោបនាង
ធ្វើអោយខ្ញុំដឹងថា ជម្រៅចិត្ដនេះវាជ្រៅប៉ុណ្ណា។ ដំណក់ទឹកក្ដៅខណ្ឌៗដាបជាប់នឹងស្មារបស់ខ្ញុំធ្វើអោយខ្ញុំដឹងថានាងកំពុងតែយំ
នាងយំចេញពីបេះដូងដ៏ឈឺចាប់របស់នាង បើគិតទៅខ្ញុំពិតជាអាក្រក់ណាស់
ហេតុអីខ្ញុំធ្វើបាបចិត្ដមនុស្សស្រីទន់ភ្លន់ម្នាក់នេះទៅកើត? ខ្ញុំអាក្រក់ណាស់
ចោរម្សៀតពិតមែន!! នាងគួរណាតែវ៉ៃខ្ញុំ ច្រានខ្ញុំ ជេរខ្ញុំ ព្រោះទង្វើខ្ញុំកន្លងមក
មិនគួរអោយលើកលែងនោះទេ តែនាងបែរជាធ្វើខុសពីការគិតរបស់ខ្ញុំទៅវិញ
នៅពេលនេះខ្ញុំដឹងហើយថា ក្ដីស្រលាញ់បែបណាទើបឋិតឋេរ ក្ដីស្រលាញ់បែបណាទើបមិនឈឺចាប់
មានតែការយល់ពីគ្នានោះទេ ដែលធ្វើអោយស្នេហ៍មិនប្រែទៅណា គេយល់ពីយើងហើយ
យើងក៏ត្រូវរៀនយល់ពីគេដែរ មានរឿងអីត្រូវនិយាយទល់មុខគ្នា
បើគេចវេសនោះនឹងឃ្លាតឆ្ងាយគ្នា។
«លោកមកទីនេះធ្វើអី?មិចក៏អោយខ្ញុំជួបលោកទៀត??»
នាងគួកខ្នងរបស់ខ្ញុំតិចៗ ទោះខឹងស្អប់ខ្ញុំតែកាយវិការនាងនៅតែបារម្ភពីខ្ញុំដដែល
ខ្ញុំមិនអាចធ្វើអ្វីបានក្រៅពីអោបនាងហើយនិយាយពាក្យសុំទោស
ខ្ញុំពិតជាដឹងខ្លួនខុសពិតមែន
ខ្ញុំនឹងប៉ះប៉ូវគ្រប់យ៉ាងប្រសិនបើនាងផ្ដល់ឪកាសខ្ញុំម្ដងទៀត។
ខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងដែលនាងត្រូវការ ទោះបីវាពិបាកប៉ុណ្ណាក៏ដោយ។
«លើកលែងអោយខ្ញុំម្ដងនេះតើបានទេ?»
ខ្ញុំលែងដៃពីការអោបប្ដូរមកលុតជង្គង់ចំពោះមុខនាង ខ្ញុំពិតជាត្រូវការចម្លើយរបស់នាង
តើអាចផ្ដល់អោយខ្ញុំបានទេ។
នាងមិនឆ្លើយនឹងខ្ញុំ
ត្រឹមតែយំខ្សឹកខ្សួល ឯខ្ញុំនៅតែបន្ដលុតជង្គង់ទោះមួយយប់មួយថ្ងៃក៏បានដែរអោយតែនាងព្រមផ្ដល់ឪកាសមកខ្ញុំម្ដងទៀត
ក្នុងចិត្ដរបស់ខ្ញុំសង្ឃឹម១% ទោះតិចយ៉ាងនេះក្ដីក៏នេះជាសង្ឃឹម
ព្រោះបើខ្ញុំជានាងខ្ញុំមិនផ្ដល់ឪកាសនោះដល់មនុស្សធន់ខ្ញុំចឹងទេ។
នាងអង្គុយចុះជិតខ្ញុំហើយលើកដៃរបស់នាងស្ទាបលើផ្ទៃមុខខ្ញុំ
នាងជូតទឹកភ្នែកដែលដាបលើថ្ពាល់អោយខ្ញុំ នាងប្រើកាយវិការថ្នមៗ
ចំពោះទង្វើរបស់នាងគឺនៅដដែលទាំងអស់ នាងមិនបានផ្លាស់ប្ដូរនោះទេ។ អ្វីដែលខ្ញុំស្មានមិនដល់
នាងអោនមុខមករកខ្ញុំតិចៗ ហើយប្រថាប់បបូរមាត់ទន់ភ្លន់របស់នាងលើបបូរមាត់របស់ខ្ញុំ
អារម្មណ៍រំភើបកើតមានឡើងចំពោះខ្ញុំ ទឹកភ្នែករបស់នាងហូរប៉ះនឹងថ្ពាល់របស់ខ្ញុំ
ហើយនាងក៏ងើបមុខចេញបន្តិចរួចនិយាយថា
«បងប្រែច្រើនណាស់!
ដឹងទេ? ដូចជាមិនមែនបងពីមុនទេ ខ្ញុំសឹងមិនជឿនឹងភ្នែកថាបងប្រែទៅជាបែបនេះ» នាងនិយាយមករកខ្ញុំដោយសម្ដីទន់ភ្លន់បំផុត
នាងញញឹមតិចៗមករកខ្ញុំ ជាស្នាមញញឹមដែលខ្ញុំខានឃើញជាច្រើនថ្ងៃខែមកហើយ។
«គឺ...
បើសិនអូនមិនធ្វើបែបហ្នឹង ម្លោះហើយបងមិនមានថ្ងៃនេះទេ អូនធ្វើអោយបងស្គាល់ថា
អ្វីទៅដែលមានតម្លៃលើលោកនេះ ហើយគ្មានអីប្រៀបស្មើបាន កុំចាកចោលបងម្ដងទៀតអី
វារស់ពិបាកជាងស្លាប់ទៅទៀត» ខ្ញុំអោនមុខចុះមិនហ៊ានមើលមុខនាង
ខ្ញុំខ្មាស់នាងនូវទង្វើដែលខ្ញុំបានធ្វើកន្លងមកចំពោះនាង មែនហើយបើកុំតែនាងចាកចោលខ្ញុំ
ខ្ញុំពិតជាមិនដឹងខ្លួនថាខ្លួនឯងអាក្រក់ថ្នាក់នេះទេ។
«បងដឹងទេ?
កែវដែលបែកហើយបងចង់រើសមកផ្គុំវិញវាមិនដូចដើមទេ តែខ្ញុំនឹងផ្ដល់ឪកាសបងម្ដងនេះទៀត
សូមប្រាប់បងជាលើកចុងក្រោយ កុំធ្វើអោយខ្ញុំខកចិត្ដម្ដងទៀត» នាងនិយាយហើយក៏លើកខ្ញុំអោយក្រោកឈរ
នាងស្រវ៉ាអោបខ្ញុំដោយក្ដីនឹករលឹក ខ្ញុំដឹងហើយថា នាងស្រលាញ់ខ្ញុំប៉ុណ្ណា
ហើយពីពេលនេះទៅខ្ញុំនឹងមិនបណ្ដោយអោយបាត់បង់ម្ដងទៀតទេ ព្រោះរបស់មួយដែលទម្រាំនឹងបានដល់ដៃវាពិបាកប៉ុណ្ណា
បើបាត់ទៅងាយៗវាមិនសាកសមនឹងពេលដែលយើងចង់បានវាដំបូង។
បច្ចុប្បន្ន...
មកដល់ពេលនេះខ្ញុំកំពុងតែមានគ្រួសារតូចមួយយ៉ាងកក់ក្ដៅ
ពួកយើងបានរស់នៅឯជាយក្រុងដែលមានសួនផ្កាដែលជាតំណាងនៃការផ្ដើមជាថ្មី
ត្រូវហើយក្រោយភ្លៀងមេឃនឹងស្រលះ។ មើលពេលនេះចុះស្រលះឡើងមានសមាជិកតូចមួយទៅហើយ។
អរគុណពេលវេលាដែលធ្វើអោយខ្ញុំស្គាល់មនុស្សម្នាក់
ចូរកុំអោយមនុស្សដែលស្រលាញ់អ្នកអស់សង្ឃឹមនិងក្ដីរំពឹងលើអ្នក
អ្នកគួរតែថែទាំវាអោយបានល្អទៅតាមអ្វីដែលអ្នកធ្វើបាន
ព្រោះមនុស្សដែលស្រលាញ់យើងពិតប្រាកដមិនងាយរកបាននោះទេ ដូច្នេះហើយក្ដាប់វាអោយជាប់ទៅ។
ការលើកលែងការអត់អោនគឺជាមធ្យោបាយដ៏ល្អបំផុត តែវាក៏មានដែនកំណត់របស់វាដែរ។
________________________THE______END__________<3
Comments
Post a Comment