អចេតនា
អចេតនា
តើអ្នកទាំងអស់គ្នាធ្លាប់ដែរទេ? ស្រលាញ់គេទាំងដែរគេមានម្ចាស់ទៅហើយ...
យើងមិនចង់មានឈ្មោះទៅដណ្ដើមរបស់គេនោះទេ
តែយើងបែរជាបណ្ដោយខ្លួនអោយធ្លាក់ចូលអន្លង់មួយនោះទៅវិញ។ ក្ដីសង្ឃឹមដែលមានចំពោះគេ
ក្ដីសុខក្លែងក្លាយដែលបានកើតចេញពីគេ ធ្វើអោយយើងមិនអាចគេចផុតបាន បើទោះបីជាបដិសេធយ៉ាងណាក៏ដោយ។
ខ្ញុំធ្លាប់ហើយ ហើយក៏អស់ជំនឿទៀតដែរ។
រឿងរ៉ាវស្នេហាខ្ញុំចំពោះមនុស្សស្រីដែលមានម្ចាស់ម្នាក់...//
មួយរយៈពេលមុន ខ្ញុំបានស្គាល់នឹងនារីម្នាក់
ខ្ញុំចាប់អារម្មណ៍នឹងនាង ព្រោះថានាងតែងតែបង្ហាញអារម្មណ៍ឯកការរបស់នាងមករហូតតាមរយៈ Facebook ហើយខ្ញុំចាប់ផ្ដើមចង់ដឹងពីនាង។
ថ្ងៃដំបូងដែលខ្ញុំឆាតទៅនាង ខ្ញុំសួរនាំនាងពីមូលហេតុដែលនាងតែងតែពិបាកចិត្ដ
ហើយនាងក៏ប្រាប់ថាគ្មានអីទេ គ្រាន់តែតាមអារម្មណ៍តិចតួច។ ថ្ងៃបន្ទាប់
យើងនិយាយគ្នាធម្មតា តែហាក់បីដូចស្គាល់គ្នាយូរណាស់ហើយយ៉ាងចឹង។
ខ្ញុំចាប់ផ្ដើមមានអារម្មណ៍ល្អៗពេលដែលបាននិយាយជាមួយនាង
ហើយបន្ទាប់ពីនោះខ្ញុំតែងតែរងចាំនាងឆ្លើយតបនឹងខ្ញុំ បើទោះបីមួយមាត់ក៏ដោយចុះ។
គ្រប់យ៉ាងពិតជាសប្បាយរីករាយណាស់ យើងចាប់ផ្ដើមមានអារម្មណ៍ល្អៗ
ហើយនាងក៏ចាប់ផ្ដើមលែងឯងការដូចមុន តែម្ដងម្កាលនាងបង្ហាញពីអារម្មណ៍សោកសៅម្ដង។
កន្លងទៅជិតមួយខែខ្ញុំនិងនាងបានណាត់គ្នាទៅញ៉ាំអី
ហើយនោះជាថ្ងៃដែលខ្ញុំរំភើបបំផុតពេលដែលបានជួបនាងនៅខាងក្រៅ នាងស្អាតខ្លាំងណាស់
ជាពិសេសនោះគឺស្នាមញញឹមរបស់នាង
វាជាស្នាមញញឹមមួយដែលខ្ញុំមានអារម្មណ៍ថាកក់ក្ដៅបំផុតពេលដែលនាងញញឹមមកកាន់ខ្ញុំ។ នៅខាងក្រៅយើងមិនសូវនិយាយរកគ្នាទេ
ដោយសារតែអៀនរាងខ្លួន។ បន្ទាប់ពីញ៉ាំអីរួចនាងក៏អោយខ្ញុំជូនត្រលប់ទៅផ្ទះ
ខ្ញុំក៏ចាប់ផ្ដើមស្និតនឹងនាងខ្លាំងឡើងៗរហូតដល់ខ្ញុំមានអារម្មណ៍ប្លែកៗ
ខ្ញុំនៅមិនសុខនោះទេបើសិនជាមិនបានជួបមុខនាង
ដូច្នេះហើយរៀងរាល់ព្រឹកខ្ញុំតែងតែទិញអាហារយកទៅអោយនាងដល់ផ្ទះ
ព្រោះឃើញមុននាងទើបខ្ញុំអាចដងដង្ហើមបាន។ ថ្វីបើគេយល់ថាខ្ញុំឆ្កួតតែអារម្មណ៍ចំពោះមនុស្សម្នាក់មិនមែនចេះតែមាននោះទេ
ដូចពេលនេះចឹង ខ្ញុំក៏មិនយល់ពីខ្លួនឯងដូចគ្នា គ្រាន់តែខ្ញុំដឹងថា
គ្រប់ពេលដែលខ្ញុំធ្វើដើម្បីនាងគឺខ្ញុំតែងតែសប្បាយចិត្ដ។
មួយរយៈក្រោយមកនាងក៏ចាប់ផ្ដើមដូចដើមវិញ
នាងតែងតែសោកសៅហើយខ្ញុំខំនិយាយយ៉ាងណាក៏មិនអាចជួយអ្វីនាងបាន ហើយខ្ញុំក៏នឹកឃើញកន្លែងមួយ។
“នាងទំនេរដែរទេ?”
ខ្ញុំសួរនាង
“ចាស៎ទំនេរតើ”
“កុំពិបាកចិត្ដអី
ខ្ញុំស្គាល់កន្លែងមួយដែលធ្វើអោយនាងមានអារម្មណ៍ល្អវិញ”
“កន្លែងអីទៅ?”
“ពិបាកចិត្ដចឹងទៅលេងកំពតជាមួយគ្នាទៅល្អទេ?
ទៅនោះទេសភាពស្អាតៗ ហើយមានកន្លែងលេងច្រើនណាស់ ម្យ៉ាងទៀត ក្រែងនាងចូលចិត្ដសមុត្រមែនទេ?
ចឹងយើងទៅទីនោះទៅ ខ្ញុំនឹងកក់សំបុត្រសម្រាប់នាង, ល្អទេ?”
ខ្ញុំរៀបរាប់ ព្រមទាំងបង្ហាញរូបភាពទៅកាន់នាងជាមួយនឹងទីតាំងដែលត្រូវទៅ។
“ក៏ល្អដែរ ចឹងស្អែកនេះយើងទៅៗ”
នាងយល់ព្រមឥតស្ទាក់ស្ទើរ។
ថ្ងៃស្អែកយើងក៏រៀងចំខ្លួនដើម្បីដំណើរតំសាន្តមួយនេះ។ វាពិតជាធ្វើអោយខ្ញុំរំភើបខ្លាំងណាស់
ជាពេលវេលាមួយដែលខ្ញុំមិនអាចបំភ្លេចបាន ហើយខ្ញុំមិនដែលរំពឹងសោះឡើយថានឹងបានក្បែរនាងដូចពេលនេះ។
ការចងចាំមួយនេះវាដិតដាមខ្លាំងណាស់សម្រាប់ខ្ញុំ។ ពួកយើងធ្វើដំណើរទៅកំពតជាមួយគ្នា
ដោយមានរថភ្លើងជាមធ្យោបាយ។ ប្រសិនបើអ្នកទាំងអស់គ្នាមានដំណើរកំសាន្ដទៅកំពតនោះ
កុំភ្លេចសាកល្បងណា៎ យើងនឹងបានគយគន់ទេសភាពដ៏ស្រស់ស្អាតតាមផ្លូវធ្វើដំណើរលើរថភ្លើង។
ខ្ញុំសម្លឹងមើលទេសភាពជុំវិញ ប៉ុន្ដែនៅតែចាញ់សម្រស់នារីម្នាក់ដែលកំពុងតែអង្គុយក្បែរខ្ញុំ
នាងហាក់ភ្លឹកនឹងទេសភាពជុំវិញនាង ហើយអារម្មណ៍សោកសៅរបស់នាងក៏គ្មានលើមុខដែរ
គ្រប់យ៉ាងដូចជាផ្ការីកដ៏ស្រស់បំព្រោងមួយយ៉ាងចឹង។ ខ្ញុំសម្លឹងនាងឥតព្រិច
តែក៏ត្រូវងាកទៅវិញព្រោះខ្លាចនាងដឹងថា ខ្ញុំកំពុងតែមើលមុខនាង។
ខ្ញុំក៏ចាប់ភ្លឹកនឹងទេសភាពវិញម្ដង ប៉ុន្មានជា៣នាទី ដៃទន់ៗភ្ជាប់ជាមួយរបស់មួយដាក់ក្បែរត្រចៀករបស់ខ្ញុំ
ខ្ញុំងាកទៅក៏ឃើញថានាងកំពុងតែដាក់កាសត្រចៀកស្ដាប់ជាមួយនឹងខ្ញុំ
តើអ្នកទាំងអស់គ្នាដឹងទេ? អារម្មណ៍ពេលនោះខ្ញុំពិបាកនិយាយណាស់ ដឹងត្រឹមថារំភើប...
បេះដូងរបស់ខ្ញុំផ្ដើមលោតញាប់ៗ មុខរបស់ខ្ញុំផ្ដើមមានកំដៅភាយៗ ឬមួយក៏ខ្ញុំអៀន?
ប្រហែលជាបែបនោះហើយ។ ខ្ញុំបិទភ្នែកទទួលយកអារម្មណ៍មួយនោះអោយដិតនៅជាប់បេះដូង
ចម្រៀងរបស់នាងចាក់រណ្ដំចិត្ដរបស់ខ្ញុំអោយលង់លក់តាមភ្លេង
យើងប្ដូរមកនិយាយគ្នាពីនេះពីនោះនិងថតរូបលេងរហូតដល់កន្លែងដែលយើងត្រូវចុះ។
យើងចុះមកដល់កំពត
ហើយទៅរកកន្លែងសម្រាកដែលយើងបានកក់។ បន្ទាប់ពីនោះយើងក៏ទៅលេងនៅឯសមុទ្រ
ទិដ្ឋភាពសមុទ្រទាំងមូលចាំងព្រិចៗចំភ្នែកខ្ញុំ វាធំធេងខ្លាំងណាស់
ប្រៀបដូចជាចិត្ដខ្ញុំមួយនេះដែលមានចំពោះមនុស្សម្នាក់ដែលឈរក្បែរខ្ញុំនេះយ៉ាងចឹង។
កំលាំងខ្យល់បក់ ផាត់សក់ក្រអូបសាយរបស់នាងចូលក្នុងច្រមុះខ្ញុំ វាក្រអូបដល់បេះដូងមួយនេះ
នាងលាដៃទទួលយកអារម្មណ៍ស្រស់ថ្លាពីជំនោរខ្យល់បក់
ដែលធ្វើអោយនាងមើលទៅដូចជាទេពធីតាចុះមកពីឋានសួគ៍
នាងក៏ដើរទៅរកទោងលើទឹកហើយដាក់ខ្លួនតូចច្រលឹងរបស់នាងជិះលើវា
ខ្ញុំក៏ដើរតាមនាងហើយទៅអង្គុយនៅទីនោះជាមួយនាង យើងនិយាយគ្នាដូចរាល់ដងដូចពេលដែលយើងលេងឆាតជាមួយគ្នា។
“សិទ្ធ! ខ្ញុំអរគុណដែលនាំខ្ញុំមកទីនេះ”
នាងហៅឈ្មោះខ្ញុំហើយនិយាយអរគុណជាមួយនឹងសម្លេងដ៏ស្រទន់របស់នាង
“អរគុណខ្ញុំធ្វើអី? ជារឿងធម្មតាទេ”
ខ្ញុំញញឹមដាក់នាង
នាងសើចស្រស់ដាក់ខ្ញុំហើយអោនមុខចុះមើលទៅទឹកសមុទ្រដែលនៅរឹមៗនឹងជើងរបស់នាង
ហើយសម្លេងទូរស័ព្ទក៏រោទ៍ឡើងធ្វើអោយនាងបញ្ឈប់សកម្មភាពបន្ដិចហើយងើបទៅទទួលទូរស័ព្ទ។
ខ្ញុំមិនបានដឹងថានាងនិយាយជាមួយនាក់ណាឬនិយាយពីអ្វីនោះទេ
គ្រាន់តែដឹងថាពេលនាងដាក់ទូរស័ព្ទចុះ ទឹកមុខរបស់នាងមិនសូវជាស្រស់បស់ប៉ុន្មានទេ។ ខ្ញុំក៏សួរនាង
“កើតអីហេ៎? ម៉ាក់ខលអោយត្រលប់ទៅផ្ទះវិញ?”
“ទេ អត់មានអីទេ” នាងគេចមុខចេញ
“ចុះធ្វើមុខពីបាកមើលម្ល៉េះ?”
“ឆ្កួត? មានមកពីណា, តោះប្ដូរបរិយាកាសទៅ”
នាងអូសដៃខ្ញុំចេញមក ហើយយើងប្ដូរមកអង្គុយបែបផិចនិចវិញ នាងអោយខ្ញុំលេងយូកេឡេៗអោយនាងស្ដាប់
នាងផ្អែកស្មារបស់ខ្ញុំហើយច្រៀងតិចៗទៅតាមភ្លេងដែលខ្ញុំលេង
ខ្ញុំមិនយល់សោះឡើយថាហេតុអ្វីនាងមានឥទ្ធិពលចំពោះបេះដូងខ្ញុំខ្លាំងម្ល៉េះ?
ទាំងដែលខ្ញុំទើបតែស្គាល់នាងប៉ុណ្ណោះ ឬមួយខ្ញុំ.... ខ្ញុំប្រហែលជាស្រលាញ់នាងហើយ។
បន្ទាប់ពីយើងញ៉ាំអីបែបផិចនិចរួចយើងក៏ថតរូបលេងម្ដងទៀត ខ្ញុំស្មាក់ធ្វើជាកាមេរ៉ាមេន សម្រាប់នាងព្រោះខ្ញុំចូលចិត្ដស្នាមញញឹមដែលមានលើមុខនាង
ជួលខ្ញុំថតមួយថ្ងៃពេញក៏ខ្ញុំមិនគិតលុយដែរ។ នាងនាំខ្ញុំរត់ប្រលែងលេងពេញវាលខ្សាច់
ទិដ្ឋភាពនោះពិតជាគួរអោយស្រលាញ់ណាស់
ខ្ញុំកាន់តែយល់ហើយថាខ្ញុំពិតជាធ្លាក់ក្នុងអន្លង់ស្នេហ៍មួយនេះពិតមែន។
ចេញពីទៅនោះមកខ្ញុំក៏បបួលនាងជិះកង់ដោយមានខ្ញុំជាអ្នកឌុប
យើងជិះគយគន់ទេសភាពតាមមេមដែលគេប្រាប់។ តាមផ្លូវធ្វើដំណើរមានតែនាងនិងខ្ញុំប៉ុណ្ណោះ
ខ្ញុំជិះបណ្ដើរប្រាប់នាងពីនេះពីនោះបណ្ដើរ។ ខ្ញុំហាក់ដឹងពីកំដៅភាយៗពីក្រោយខ្នងខ្ញុំ
ម្រាមដៃតូចៗសន្សឹមមករួមរឹតចង្កេះរបស់ខ្ញុំ រាងកាយទន់ភ្លន់របស់នាងប៉ះនឹងខ្នងក្រាស់របស់ខ្ញុំ។
មិនដឹងថាគួររៀបរាប់បែបណានោះទេ ដឹងត្រឹមពេលនេះខ្ញុំមានក្ដីសុខណាស់
ហើយខ្ញុំមិនចង់អោយវេលានេះរបូតផុតឡើយ បើអាចនោះខ្ញុំសុំពេលវេលាឈប់ត្រឹមនេះ។ ជិះមកដល់រាងឆ្ងាយបន្ដិតពួកយើងក៏ស្រេកទឹក
ចៃដន្យអីមានតូបកាហ្វេមួយក្បែរនោះ ខ្ញុំក៏ឈប់កង់ហើយចុះទៅកម្ម៉ង់អីផឹក។
អ្នកលក់ឆុងកាហ្វេបណ្ដើរហើយមើលមុខពួកខ្ញុំបណ្ដើរ មួយសន្ទុះក្រោយមករបស់ដែលយើងកម្ម៉ង់ក៏រួចរាល់
អ្នកលក់ហុចវាមកអោយយើងព្រមជាមួយនឹងពាក្យប៉ុន្មានមាត់ថា
“បង! ពីរនាក់បងសមគ្នាដល់ហាយ”
ខ្ញុំនិងនាងចាប់ផ្ដើមងាករកគ្នាពេលដែលលឺពាក្យនោះ
ខ្ញុំក៏អត់នឹកស្មានដូចគ្នាថាគាត់និយាយពាក្យនេះមកកាន់ពួកយើង
ហើយខ្ញុំចាប់ផ្ដើមមានអារម្មណ៍ល្អៗឡើងមកព្រមគ្នាទន្ទឹមនឹងពាក្យអម្បែងមិញនេះ។
នាងញញឹមដាក់ខ្ញុំដូចទម្លាប់ តែលើកនេះភ្ជាប់ជាមួយនឹងផ្ទៃមុខពណ៌ក្រហមតិចៗ វាកាន់តែលើកសម្រស់មកអោយនាងថែមទៀត
វាបានបញ្ជាក់ថានាងក៏មានអារម្មណ៍ពិសេសជាមួយខ្ញុំដែរ។ នាងងាកមុខចេញបន្ដិចបន្ទាប់ពីការភ្លឹកនឹងគ្នាមួយសន្ទុះ
ហើយពួកយើងក៏ទៅកន្លែងសម្រាកវិញ។ តាមផ្លូវមកវិញអត់មានអ្នកណានិយាយអីទេ
ព្រោះដឹងហើយថាក្នុងចិត្ដបែបណា បានត្រឹមតែញញឹមអឹមអៀនរៀងខ្លួនប៉ុណ្ណោះ។
មកដល់កន្លែងរបស់យើងវិញខ្ញុំបានរៀបចំម្ហូបមួយចំនួនដែលខ្ញុំបានកម្ម៉ង់មក
ព្រមជាមួយនឹងស្រាខ្លះៗ ទុកគ្រាន់ក្រេបមើលទេសភាពតិចៗ
នាងឈរនៅជ្រុងម្ខាងនៃតុអាហារដែលខ្ញុំបានរៀបចំ ខ្ញុំក៏ចាក់ស្រាមួយកូនកែវអោយនាង
និងសម្រាប់ខ្លួនឯងមួយទៀត យើងក្រេបវាតិចៗសម្លឹងមើលទៅឆ្ងាយជាមួយនឹងទឹកសមុទ្រដ៏ធំល្វឹងល្វើយដាច់កន្ទុយភ្នែក
រៀងល្ងាចបន្តិចខ្ញុំប៊ិះនឹងភ្លេចថាខ្លួនឯងរៀបរបស់អ្វីម្យ៉ាងសម្រាប់នាង
ហើយខ្ញុំប្រាប់នាងអោយរងចាំមួយភ្លែត
នាងក៏យល់ព្រមហើយខ្ញុំក៏មិនបង្អង់យូរព្រោះថាវាដល់ពេលហើយ
ខ្ញុំក៏ចូលទៅក្នុងដើម្បីទៅយកវាមក ហើយនាងចាំខ្ញុំនៅខាងក្រៅរៀបចំរបស់របរនៅលើតុខ្លះៗដើម្បីមើលទៅវាមានភាពទាក់ទាញ។
ខ្ញុំនាំរាងកាយខ្លួនឯងចូលទៅក្នុងបន្ទប់ដែលខ្ញុំបានរៀបចំរបស់ម្យ៉ាងសម្រាប់នាង
ហើយខ្ញុំជឿជាក់ថានាងមិនបានដឹងខ្លួនមុននោះទេ
ខ្ញុំគិតទុកជាស្រេចហើយថាខ្ញុំនឹងប្រាប់នាងអំពីវាដែលវាបានើលាក់ទុកក្នុងចិត្ដយូរគួរសមហើយ
ខ្ញុំត្រៀមចិត្ដរួចរាល់ដើម្បីយកវាចេញ ភ្នែករបស់ខ្ញុំសម្លឹងទៅវាដោយភាពជឿជាក់
ខ្ញុំស្រូបខ្យល់ចូលសួតមួយដង្ហើមដើម្បីជាកម្លាំងចិត្ដ ហើយខ្ញុំកាន់វាទៅដោយក្ដីជឿជាក់ជាប៉ុនពេក។
ខ្ញុំចេញមកក្រៅជាមួយនឹងរបស់ពិសេសនៅក្នុងដៃ ប៉ុន្ដែ...
នៅខាងក្រៅវិញបែរជាពិសេសជាងអ្វីដែលខ្ញុំគិតទៅទៀតរហូតដល់ខ្ញុំហាស្ដីលែងចេញ!!
ខ្ញុំស្រឡាំងកាំងនឹងអ្វីដែលនៅចំពោះមុខខ្ញុំពេលនេះ
វាហាក់បីដូចជាកាំបិតមុខស្រួចទម្លោះក្ដីសង្ឃឹមរបស់ខ្ញុំយ៉ាងចឹង!!!
Comments
Post a Comment