អចេតនា (តចប់)
អចេតនា
Continues……
មកដល់កន្លែងរបស់យើងវិញខ្ញុំបានរៀបចំម្ហូបមួយចំនួនដែលខ្ញុំបានកម្ម៉ង់មក
ព្រមជាមួយនឹងស្រាខ្លះៗ ទុកគ្រាន់ក្រេបមើលទេសភាពតិចៗ
នាងឈរនៅជ្រុងម្ខាងនៃតុអាហារដែលខ្ញុំបានរៀបចំ ខ្ញុំក៏ចាក់ស្រាមួយកូនកែវអោយនាង
និងសម្រាប់ខ្លួនឯងមួយទៀត យើងក្រេបវាតិចៗសម្លឹងមើលទៅឆ្ងាយជាមួយនឹងទឹកសមុទ្រដ៏ធំល្វឹងល្វើយដាច់កន្ទុយភ្នែក
រៀងល្ងាចបន្តិចខ្ញុំប៊ិះនឹងភ្លេចថាខ្លួនឯងរៀបរបស់អ្វីម្យ៉ាងសម្រាប់នាង
ហើយខ្ញុំប្រាប់នាងអោយរងចាំមួយភ្លែត
នាងក៏យល់ព្រមហើយខ្ញុំក៏មិនបង្អង់យូរព្រោះថាវាដល់ពេលហើយ
ខ្ញុំក៏ចូលទៅក្នុងដើម្បីទៅយកវាមក ហើយនាងចាំខ្ញុំនៅខាងក្រៅរៀបចំរបស់របរនៅលើតុខ្លះៗដើម្បីមើលទៅវាមានភាពទាក់ទាញ។
ខ្ញុំនាំរាងកាយខ្លួនឯងចូលទៅក្នុងបន្ទប់ដែលខ្ញុំបានរៀបចំរបស់ម្យ៉ាងសម្រាប់នាង
ហើយខ្ញុំជឿជាក់ថានាងមិនបានដឹងខ្លួនមុននោះទេ
ខ្ញុំគិតទុកជាស្រេចហើយថាខ្ញុំនឹងប្រាប់នាងអំពីវាដែលវាបានើលាក់ទុកក្នុងចិត្ដយូរគួរសមហើយ
ខ្ញុំត្រៀមចិត្ដរួចរាល់ដើម្បីយកវាចេញ ភ្នែករបស់ខ្ញុំសម្លឹងទៅវាដោយភាពជឿជាក់
ខ្ញុំស្រូបខ្យល់ចូលសួតមួយដង្ហើមដើម្បីជាកម្លាំងចិត្ដ ហើយខ្ញុំកាន់វាទៅដោយក្ដីជឿជាក់ជាប៉ុនពេក។
ខ្ញុំចេញមកក្រៅជាមួយនឹងរបស់ពិសេសនៅក្នុងដៃ ប៉ុន្ដែ...
នៅខាងក្រៅវិញបែរជាពិសេសជាងអ្វីដែលខ្ញុំគិតទៅទៀតរហូតដល់ខ្ញុំហាស្ដីលែងចេញ!!
ខ្ញុំស្រឡាំងកាំងនឹងអ្វីដែលនៅចំពោះមុខខ្ញុំពេលនេះ
វាហាក់បីដូចជាកាំបិតមុខស្រួចទម្លោះក្ដីសង្ឃឹមរបស់ខ្ញុំយ៉ាងចឹង!!!
រាងកាយអ្នកណាម្នាក់កំពុងឈរអោបមនុស្សដែលខ្ញុំលួចស្រលាញ់នៅចំពោះមុខខ្ញុំ
ខួរក្បាលខ្ញុំរំលេចចេញសំណួរតែមួយគត់ «គេជាអ្នកណា??» ខ្ញុំមិនយល់នោះទេ
ថាហេតុអ្វីគេធ្វើបែបនេះ ខ្ញុំឈរទ្រឹងមើលសកម្មភាពដែលកំពុងបង្ហាញចំពោះមុខដោយអារម្មណ៍ឆេះឆួល។
តែភ្នែកទន់ភ្លន់ដែលខ្ញុំស្គាល់ក៏ដឹងពីវត្ដមានខ្ញុំ
នាងរហ័សដកដៃចេញពីការអោបបុរសដែលខ្ញុំមិនស្គាល់មុខ ហើយច្រានគេចេញបន្ដិច។
មិនបាច់និយាយក៏ខ្ញុំដឹងហើយថាបុរសដែលនៅចំពោះមុខខ្ញុំនិងនាងនេះជាអ្នកណា។
ខ្ញុំបានត្រឹមឈរអែលអុញ ដូចវាលល្ហោលឋាន នាងសម្លឹងមើលនំដែលនៅក្នុងដៃខ្ញុំ
ហើយខ្ញុំក៏ភ្លេចថាខ្លួនឯងកំពុងតែកាន់នំដូចគ្នា
ខ្ញុំអត់មានពាក្យត្រូវនិយាយបានត្រឹមតែហាមាត់ចេញជាពាក្យ “Happy
birthday!”
តាមពិតទៅខ្ញុំចង់ស៊ឺប្រាយនាងមុនថ្ងៃពិសេសរបស់នាង
ហើយគ្រប់យ៉ាង... ត្រូវរលាយក្លាយជាផេះ។ នេះមិនមែនលើកទីមួយនោះទេ
ហើយខ្ញុំក៏មិនមែនទើបតែមានស្នេហានោះដែរ តែលើកនេះវាឆ្អែតដល់បំពង់ករបស់ខ្ញុំ
វាអួលណែននិយាយអីលែងចេញ។ ខ្ញុំនេះចំជាផ្ដាស់មែន ហេតុអ្វីមិនប្រមាថខ្លួនសោះចឹង? ខ្ញុំល្ងង់ពេក
មិនចេះស្មានខ្លួនឯង។
ការគិតហូរហៀររបស់ខ្ញុំត្រូវបានផ្ដាច់នៅពេលម្ចាស់សម្លេងថ្មីកែកន់សភាពការ
គេប្រាប់ថាអោយអង្គុយចុះទៅ ហើយខ្ញុំក៏អត់ដឹងថាគេមកពីពេលណាដែរ។
អាហារលើតុត្រូវបានបន្ថែម ព្រោះលេចចេញសមាជិកមួយទៀតមក
ទោះបីម្ហូបលើតុនេះមានឪជារសប៉ុណ្ណាក៏ខ្ញុំលេបវាអត់ចូលដែល
វាដូចជាមានអ្វីម្យ៉ាងនៅជាប់បំពុងករបស់ខ្ញុំ ចង់ខ្ចាក់ក៏ខ្ចាក់អត់ចេញ
ចង់លេបក៏លេបអត់ចូល វានៅតឺត្រឹមហ្នឹង។
ខ្ញុំចាប់ដឹងពីក្រសែភ្នែកមនុស្សម្នាក់ដែលកំពុងសម្លឹងមកខ្ញុំ ប្រៀបបានជាពាក្យសុំទោស
ខ្ញុំយល់.... ខ្ញុំយល់ថានាងកំពុងតែចង់និយាយពីអី តែខ្ញុំអត់ចង់ដឹងនោះទេ
ពេលនេះខ្ញុំសុំធ្វើអត់ដឹងសិនចុះ
ខ្ញុំទ្រាំអោយវិនាទីនេះកន្លងផុតទៅអោយបានឆាប់កាន់តែល្អ តែវាបែរជាលើសដើមទៅវិញ។
ព្រោះសំណើរមនុស្សម្នាក់បានកាត់ផ្ដាច់ការគិតនិងការអត់ទ្រាំរបស់ខ្ញុំ
គេពឹងអោយខ្ញុំជួយថតរូបអោយគេនិងនាង!! ហ៊ើស...វាអត់ហួសហេតុនោះទេ
បើគ្រាន់តែគេពឹងអោយយើងថតរូបអោយគេប៉ុណ្ណឹង តែអ្វីដែលហួសហេតុនោះគឺ...
ដោយសារតែខ្ញុំគិតហួសហេតុខ្លួនឯង ខ្ញុំបណ្ដោយខ្លួនដោយខ្លួនឯងហើយក្លាយទៅជាការហួសហេតុដែលចាក់ស្រេសដល់បេះដូងរបស់ខ្ញុំ
ដូចជាកាំបិតរាប់ពាន់ចាក់ចូលមកក្នុងពេលតែមួយយ៉ាងចឹង។ ខ្ញុំអត់ជំទាស់ទេ
ព្រោះខ្ញុំបាននិយាយថាខ្ញុំសុខចិត្ដធ្វើជាកាមេរ៉ាមេនសម្រាប់នាង
ទុកថាខ្ញុំថតរូបសម្រាប់នាងទៅចុះ។
រូបភាពនោះវាដិតដាមជាប់នឹងខ្ញុំពេក
ហើយខ្ញុំចង់លុបចេញក៏មិនបាន រូបភាពដែលខ្ញុំមិនចង់ស្រម៉ៃឃើញទាល់តែសោះ
គឺនារីម្នាក់និងបុរសម្នាក់ដែលម្នាក់នោះគឺមិនមែនជាខ្ញុំនោះទេ
កំពុងតែកៀកកើយគ្នាជាមួយនឹងស្នាមញញឹមដែលខ្ញុំថាកក់ក្ដៅបំផុត។
អាហារពេលល្ងាចកន្លងផុតទៅដោយរលូន
ព្រោះមិនមានការនិយាយស្ដីអ្វីនោះទេ ក្រៅពីគូប្រុសស្រីនិយាយគ្នាចំពោះមុខខ្ញុំ
ប្រហែលជាខ្ញុំជាចំណែកលើសហើយ
បើអាចនោះខ្ញុំចង់តែជ្រែកដីគេចខ្លួនអោយបាត់ពីលោកាក្នុងខណៈពេលនេះទេ។
ថ្ងៃស្អែកចូលមកដល់ក៏ជាថ្ងៃចុងក្រោយសម្រាប់ដំណើរកំសាន្ដមួយនេះ
ខ្ញុំក៏ដឹងថាខ្លួនឯងអស់ពេលហើយ
មានសិទ្ធត្រឹមជាអ្នកកំដរប៉ុណ្នោះហេតុអ្វីក៏រំពឹងខ្ពស់យ៉ាងនេះ? កាន់តែទុកគេសំខាន់បេះដូងវាកាន់តែមានរបួស
ព្រោះថារបស់សំខាន់ប៉ុណ្ណាយើងត្រូវឈឺផ្សាប៉ុណ្ណឹងដូចគ្នា ដូច្នេះហើយកុំរំពឹងហួសពេក។
ខ្ញុំប្រៀបដូចជាខ្យល់បោកផាត់ទៅតាមគេ
ខ្ញុំដើរពីក្រោយគូស្នេហ៍មួយនេះដោយអស់សង្ឃឹមនិងអស់កម្លាំងរលីងពីខ្លួន ខ្ញុំហត់!!
ហត់ចិត្ដខ្លាំងណាស់ ខ្ញុំមិនគួរណាបណ្ដោយខ្លួនអោយដល់ពេលនេះនោះទេ។
ខ្ញុំយល់ពីអារម្មណ៍មួយនេះច្បាស់ បើសិនខ្ញុំជាបុរសម្នាក់នោះខ្ញុំក៏ធ្វើបែបហ្នឹងដែរ
តើមានមនុស្សប៉ុន្មាននាក់ស្មាក់អោយគេចក់យកស្នេហ៍របស់ខ្លួននោះ?
ដូច្នេះហើយមានតែហួងហែងបែបនេះប៉ុណ្ណោះដើម្បីអោយគេដកខ្លួន ព្រោះថាខ្ញុំធ្លាប់ហើយ
ហើយខ្ញុំក៏មិនចង់មានឈ្មោះថាជាអ្នកដណ្ដើមសង្សារគេនោះដែរ។
ខ្ញុំពិតជាស្អប់ជនទី៣ខ្លាំងណាស់ តែមើលពេលនេះចុះ
ខ្ញុំក្លាយជាជនទី៣ដោយមិនដឹងខ្លួនទៅវិញ។
ខ្ញុំដើរទៅច្រាំងស្រូបយកខ្យល់អាកាសបន្ធូរអារម្មណ៍តាមវាយោ
សម្លេងខ្យល់និងទឹកធ្វើអោយខ្ញុំនឹកដល់វេលាដំបូងដែលមកកាន់ទីនេះ
ខ្ញុំហួសចិត្ដមិននឹកស្មានថាក្លាយជាបែបនឹងត្រឹមតែមួយប៉ព្រិចភ្នែក។
ខ្ញុំសម្លឹងមើលទិដ្ឋភាពជុំវិញនិងអនុស្សារីយ៍នៅទៅនេះចុងក្រោយមុនពេលដែលខ្ញុំចាកចេញទៅនិងសម្រេចចិត្ដថាបំភ្លេចវា
សម្លេចខ្យល់ល្វើយៗពាំនាំចម្រៀងចាក់ដោតបេះដូងខ្ញុំមួយបទ
ដែលច្រៀងរៀបរាប់ពីទុក្ខសោករបស់ខ្ញុំនាពេលនេះ “ដាក់សំណួរសួរខ្លួនឯងម្ដេចព្រឹងសម្ដែងធ្វើដូចធម្មតា?
ទាំងដឹងយុទ្ធសាស្រ្ដស្នេហាគេប្រើបែបណាមកបោកចិត្ដខ្ញុំ? លង់ស្មាក់អោយគេបោក
បោកសន្ទិអារម្មណ៍ ទោះបីខ្ញុំមិនចង់ក៏ថ្នាំសណ្ដំជ្រៀបពេញខ្លួនហើយ...
នៅក្នុងចិត្ដទុកគេសំខាន់ បេះដូងកាន់តែងាយរងគ្រោះ ព្រោះខ្ញុំគ្រាន់ជាតួរជំនួស...
ជួសពេលគេត្រូវការ....”
ខ្ញុំបិទភ្នែកសណ្ដាប់ចម្រៀងមួយបទនេះ
ទឹកក្ដៅអ៊ុនៗហូរកាត់ផែនថ្ពាល់របស់ខ្ញុំ ខ្ញុំមិនមែនយំទេ... តែខ្ញុំហូរទឹកភ្នែក!
ព្រោះអាណិតខ្លួនឯង។ ខ្ញុំសម្រេចចិត្ដហើយថានឹងចាកចេញ
ព្រោះបើនៅតែបន្ដបែបនេះការឈឺចាប់នឹងកើតមានថ្វេរដង
ខ្ញុំមិនចង់បំបែបបំបាក់ស្នេហារបស់គេនោះទេ ហើយក៏មិនចង់យកខ្លួនបៀតនឹងរបស់គេនោះដែរ
ដូច្នេះហើយវិធីដែលល្អនោះគឺ... ដកខ្លួន!! ដឹងខ្លួនអោយហើយកុំអោយឈឺជាងនេះ។
ខ្ញុំបានបន្សល់ការសប្បាយរីករាយទៅកាន់នាង
នាងបានបន្សល់ការចងចាំសម្រាប់ខ្ញុំ ហើយខ្ញុំក៏អរគុណនាងដែរ
ដូចេ្នះហើយបើជ្រុលជាកំសាកហើយខ្ញុំកំសាកអោយដល់ទីចុះ
ខ្ញុំប្រៀងសំបុត្រមួយជូននាងមុនពេលដែលខ្ញុំចាកចេញទៅ
កុំអោយនាងថាខ្ញុំទៅដោយគ្មានមូលហេតុ ហើយខ្ញុំប្រាប់នាងតាមសំបុត្រថា
“អរគុណ!
ដែលផ្ដល់ការយល់ច្រលំដ៏សប្បាយរីករាយកន្លងមក ខ្ញុំពិតជាអត់បានដឹងមែន
បើដឹងមុន...ខ្ញុំអត់ចង់រំពឹងពីអ្នកខ្លាំងបែបនេះហេ៎”
ហើយខ្ញុំសង្ឃឹមថានាងយល់ បើអាច...ខ្ញុំចង់ក្លាយជាមនុស្សរបស់នាង តែមិនមែនពេលនេះទេ។
មែនហើយ ខ្ញុំឈឺចាប់បែបនេះក៏ព្រោះខ្ញុំរំពឹងខ្លាំងពេក ខ្ញុំយល់ច្រលំថា
នាងក៏ស្រលាញ់ខ្ញុំដែរ តែក៏នៅតែមិនអាចទៅរួច
ហើយរិតតែមិនអាចកើតឡើងនោះគឺនាងក្បត់សង្សាររបស់ខ្លួន ព្រោះនាងគ្មានថ្ងៃធ្វើបែបនោះ។
ខ្ញុំគ្រាន់តែចង់ប្រាប់អ្នកទាំងអស់គ្នាថា...
បើសិនយើងដឹងថាជារបស់គេហើយ កុំប៉ងអី នាំតែមានបាបនោះទេ ជៀសឆ្ងាយទៅរបស់គេនោះ ដងខ្លួនទាន់គេមិនប្រកាន់យើង។
ហើយគួរតែរៀនយល់ពីអារម្មណ៍គេនិងខ្លួនឯងអោយច្បាស់ រៀនយកចិត្ដគេដាក់ចិត្ដយើង
ហើយសួរខ្លួនឯងថា តើប្រសិនបើយើងធ្វើបែបហ្នឹងគេមានអារម្មណ៍បែបណា?
ហើយបើគេធ្វើដាក់យើងវិញ តើយើងនឹងធ្វើបែបណា?
ហើយមួយទៀតនោះ...
កុំរំពឹងខ្លាំងពេក ចូរផ្ដល់ជាសង្ឃឹមបន្ដិចបន្ដួចជំនួសការរំពឹងវិញ
វាប្រសើរជាងការរំពឹងទាំងមិនអាចទៅរួច ហើយខកចិត្ដទទេៗ។
___________________________ THE END_______________
Comments
Post a Comment