រឿង វិញ្ញាណចងអាឃាត Ep-2
រឿង: វិញ្ញាណចងអាឃាត
_________________________
លោកបងដែលពួកវាតែងតែហៅនិងគោរពជាងគេនោះឈ្មោះថា
ភុំ។ និយាយពីភុំនេះតាំងពីដើមមកតែងតែប្រមាថទៅលើអ្វីដែលគេមិនជឿជាពិសេសនោះរឿងអរិយជំនឿនេះឯង
ភុំចាប់ផ្ដើមមានអារម្មណ៍មិនស្រួលកើតឡើងពេលដែលស្ដាប់ដីការរបស់សង្ឃនោះហើយ
គេក៏នឹកឃើញម្ដាយរបស់គេភ្លាម ម្ដាយរបស់គេធ្លាប់និយាយប្រាប់ថា
ពេលណាដែលគេមានអារម្មណ៍មិនស្រួលឬក៏មានអ្វីមួយតាមយាយីត្រូវឆាប់មករកគាត់ភ្លាម។ បែបនេះហើយទើបបានជាភុំត្រូវទៅរកម្ដាយរបស់គេដើម្បីប្រាប់ពីដំណឹងទាំងអស់នេះព្រោះវាដូចជាមិនមែនចៃដន្យនោះទេ។
តាមផ្លូវធ្វើដំណើរភុំចេះតែមានអារម្មណ៍ថាត្រជាក់ចម្លែកខុសពីធម្មតា
ដូចជានៅជិតរបស់អ្វីដែលត្រជាក់ៗបែបនេះ
តែគេមិនខ្វល់ច្រើនគិតតែពីបើកម៉ូតូយ៉ាងណាត្រូវតែឆាប់ដល់ផ្ទះម្ដាយរបស់គេ។
ពេលដែលចូលទៅដល់ភូមិភ្លាម
អ្នកភូមិទាំងនោះសម្លឹងមកភុំយ៉ាងចម្លែក ហើយពួកគេហៅគ្នីគ្នាមកខ្សិបដោយភ្នែកតាមមើលភុំឥតឈប់
ដូចជាសរសើរដល់អ្វីមួយ។
ភុំជិះមកដល់ផ្ទះភ្លាមក៏ប្រញាប់ឈប់ម៉ូតូហើយដើរមករកម្ដាយគេយ៉ាងញាប់ជើង
គ្រាន់តែមកដល់ភ្លាមម្ដាយគេក៏ញញឹមញញែមខុសពីរាល់ដងដែលតែងតែក្រវីក្បាលពេលដែលគេមករកគាត់
ភុំចាប់ផ្ដើមចម្លែកចិត្ដហើយក៏សួរភ្លាម៖
“ម៉ាក់!
នេះកើតស្អីនឹងមិចក៏ញញឹមៗដាក់ខ្ញុំបែបនេះ?” គេសួរដោយអារម្មណ៍មួរម៉ៅ
ម្ដាយភុំមិនឆ្លើយភ្លាមៗទេ
គាត់ញញឹមហើយចាប់ដៃភុំ
“នេះឯងរកបានកូនប្រសារស្រីអោយយើងហើយហេ
មិចក៏ស្អាតយ៉ាងនេះ?”
“ម៉ាក់និយាយស្អី? កូនប្រសារអី?”
គេសួរដោយងឿងឆ្ងល់ នេះគេខានមកយូរក្នុងភូមិក៏ចម្លែក
កាន់តែចម្លែកទៀតនោះគឺម្ដាយរបស់គេនេះឯង
“មិចក៏មិននាំនាងចូលមកក្នុងមក
អោយនាងអង្គុយលើម៉ូតូបែបនេះ ដូចជាមិនសមសោះឡើយ”
គ្រាន់តែលឺម្ដាយគេនិយាយបែបនេះភ្លាមមិនចាំយូរគេក៏ងាកទៅឆ្វាច់!
....អ្វីៗទទេស្អាតទាំងអស់
មានតែម៉ូតូគេដែលចតចោលគ្មានមនុស្សស្រីដូចដែលម្ដាយគេនិយាយឡើយ គេក៏ប្រែទឹកមុខភ្លាម
“ម៉ាក់? ម៉ាក់ព្រឹលភ្នែកទេដឹង?”
ម្ដាយគេមិនតបទេតែបែរជាងាកទៅញញឹមដាក់ម៉ូតូទៅវិញ
ឃើញបែបនេះគេក៏ចាប់អូសដៃម្ដាយខ្លួនឡើងទៅលើផ្ទះយ៉ាងប្រញាប់ប្រញាល
ហើយទាញទ្វារបិទព្រមទាំងបង្អួចដែលចំហរក៏ត្រូវបានទាញបិទជិតៗអស់ រួចរាល់ហើយគេក៏ចាប់ស្មារម្ដាយគេហើយដកដង្ហើមធំបន្ដិចមុននឹងនិយាយ៖
“ម៉ាក់ស្ដាប់ខ្ញុំនិយាយ!
មិនមែនកូនប្រសារស្រីអីទេ... គឺ....គឺៗខ្ម...ខ្មោច!!!” គេប្រឹងនិយាយយ៉ាងលំបាកមិននឹកស្មានថាមនុស្សដូចជាគេពេលនេះមកជឿរឿងខ្មោចអីបែបនឹងសោះ
ម្ដាយគេធ្វើមុខរាងឆ្ងល់បន្ដិច
រួចក៏អើតតាមចន្លោះបង្អួចទៅក្រោម
អ្វីដែលគាត់មើលម្ដងនេះគឺពិតជាដូចអ្វីដែលភុំនិយាយពិតមែន
ស្រីស្អាតដែលគាត់ឃើញមុននេះប្រែទៅជាមានសក់វែងអូសដី ខោអាវប្រឡាក់សុទ្ធតែឈាម
ចំណែកឯមុខរបស់នាងឡើងរលួយអស់ថែមទាំងគ្មានភ្នែកទៀតផង។
ម្ដាយភុំចាប់ផ្ដើមបែកញើញប៉ុនៗគ្រាប់ពោត
ហើយងាកមកនិយាយជាមួយភុំវិញ៖
“ឯងទៅធ្វើស្អីខ្លះហា?
យើងធ្លាប់ប្រាប់ឯងថាយ៉ាងមិច?” គាត់អង្រួនខ្លួនរបស់ភុំដោយអស់សង្ឃឹម
កាលពីដើមមកគាត់តែងតែក្រាលរំលឹកភុំអំពីវាសនារបស់គេ
ព្រោះពេលដែលកើតគេមកម្ដាយភុំត្រូវបានតេគុណម្នាក់ទស្សន៍ទាញអោយអំពីកូនរបស់គាត់
ភុំមានក្រយៅអាក្រក់ដែលមានរបស់អរូបជាច្រើនតាមយាយីឥតឈប់
ដើម្បីសុវត្ថិភាពត្រូវតែអោយភុំបួសជាសង្ឃពេលពេញវ័យកំលោះ តែភុំនេះមិនព្រមសោះឡើយ
ចេះតែបណ្ដោយហើយបណ្ដោយទៀតរហូតដល់មានថ្ងៃនេះ។
“ខ្ញុំ....
ខ្ញុំនិងភឿនទាំងអស់បានទៅឈ្លានពានផ្ទះគេទុកចោលមួយកន្លែងកាលពីប៉ុន្មានថ្ងៃមុន...
ខ្ញុំបានអោយពួកវាបោះផាវចូលទៅបរិវេណផ្ទះនោះដោយចង់អោយខ្មោចឆ្កួតៗអស់នោះភ័យ...តែមកដល់ថ្ងៃនេះ
មានរឿងកើតឡើងច្រើនណាស់! ភឿនខ្ញុំ៤នាក់ហើយដែលបានស្លាប់ដោយចៃដន្យបំផុត
វាចៃដន្យពេក... ខ្ញុំក៏បានជួបនឹងតេគុណមួយអង្គដែលចោលដីការប៉ុន្មានម៉ាត់ថា
មានស្រមោលខ្មៅៗវិលវល់នឹងពួកខ្ញុំ ហើយពួកខ្ញុំនឹងត្រូវជួបហេតុការណ៍អាក្រក់ៗម្ដងម្នាក់ៗ
ហើយខ្ញុំក៏នឹកឃើញសម្ដីរបស់ម៉ាក់!”
ភុំរៀបរាប់រឿងរ៉ាវនិងហេតុការណ៍ដែលបានកើតឡើងចំពោះគេអោយម្ដាយស្ដាប់គ្មានចន្លោះ
ម្ដាយភុំដល់ថ្នាក់ចំហរមាត់មិនដឹងត្រូវចាប់អីធ្វើអីនោះទេ
គាត់មានតែកូនម្នាក់ប៉ុណ្ណោះ បើភុំមានរឿងអីដូចដែលព្រះសង្ឃអង្គនោះទស្សន៍ទាយអោយគាត់ពិតមែន
គាត់ប្រាដកជាឆ្កួតមិនខានទេ។
គិតបានប៉ុណ្នេះគាត់ក៏ប្រញាប់ទៅរកខ្សែកព្រះដែលម្ដាយឪពុកគាត់ធ្លាប់ទុកអោយមកពាក់អោយភុំ
“ព្រះសាកសិទ្ធ
សូមជួយថែរក្សារកូនប្រុសរបស់ខ្ញុំផងចុះ”
គាត់ក្ដោបព្រះពុទ្ធរូបរួចបួងសួងដោយទឹកភ្នែកហូររហាម មានម្ដាយណាដែលឈរមើលកូនជួបរឿងបែបនេះនោះ។
ពេលនេះភុំបានដឹងថាខ្លួនដល់ពេលវេលានេះហើយ
មិនអាចបណ្ដោយទៀតទេ ម្ដាយខ្លួននៅតែឯងគ្មានឪពុកជួយមើលថែទេ
គេមិនអាចព្រោះតែភាពមានៈរបស់ខ្លួនធ្វើអោយមនុស្សជុំវិញគេពិបាកនោះទេ។
យប់នេះភុំត្រូវសម្រាកនៅផ្ទះម្ដាយខ្លួនសិនព្រោះគេមិនទាន់ត្រៀមខ្លួននៅឡើយទេចំពោះរឿងនេះ
ទើបត្រូវតែពឹងលើម្ដាយជួសដោះស្រាយប៉ុណ្ណោះ។
ម្ដាយភុំបានរត់ទៅរកព្រះតេគុណដែលបានទស្សន៍អោយគាត់នោះ
មានព្រះតេគុណអង្គនឹងប៉ុណ្ណោះដែលអាចជួយគាត់បាន
មកដល់វត្ដភ្លាមខ្យល់ក៏ស្រាប់តែធ្លាប់មកយ៉ាងចម្លែកហាក់ដូចជាខឹងសម្បារ
បក់បោកខ្លាំងៗសឹងតែអាចពាំនាំកុដ្ឋលោកទៅជាមួយ។ ម្ដាយភុំខំដើរយ៉ាងលំបាកដើម្បីអោយដល់កុដ្ឋព្រះតេគុណនោះនៅ
មិនទាន់ដើរដល់ស្រួលបួលផងលោកបងក៏បើកទ្វារចាំ
គាត់ហាក់បីដូចជាដឹងមុនទៅហើយថាមានមនុស្សមករកគាត់
ទើបព្រះតេគុណរងចាំស្វារគមន៍ដោយចិត្ដត្រជាក់។
ម្ដាយភុំដើរប្រញាប់ៗរួចចូលទៅថ្វាយបង្គុំព្រះតេគុណដោយការគោរព
“ព្រះគ្រូ! កូនខ្ញុំព្រះករុណាមានរឿងហើយ
សូមព្រះគ្រូបង្ហាញផ្លូវផងថាគួរតែធ្វើបែបណា”
គាត់និយាយទៅកាន់ព្រះតេគុណឬព្រះគ្រូដោយក្បាលនៅក្រាបនឹងឥដ្ឋនៅឡើយ។
“ហ៊ឺម... យើងដឹងមុនទៅហើយ”
ព្រះគ្រូតបដោយដកដង្ហើមធំ
“អញ្ចឹងព្រះគ្រូមានពុទ្ធដីការមក
ខ្ញុំករុណានឹងអោយកូនធ្វើតាមភ្លាម” ម្ដាយភុំងើបក្បាលហើយសម្លឹងមកព្រះគ្រូដោយក្ដីអង្វរក។
“យើងធ្លាប់ប្រាប់ឯងទៅហើយពេលដែលអាភុំវាកើត...
មានតែរឿងមួយប៉ុណ្ណោះដែលអាចរក្សារជីវិតរបស់វាបាន គឺត្រូវតែបួសនេះឯង”
ព្រះគ្រូប្រាប់ដោយសម្លេងស្មើរ
“ខ្ញុំព្រះករុណានឹងទៅនិយាយជាមួយវាម្ដងទៀតព្រះគ្រូ”
“មិនបាច់ទេ បន្ដិចទៀតវានឹងមកដោយខ្លួនឯង”
ព្រះគ្រូនិយាយដោយជឿជាក់ ព្រោះគាត់បានដឹងទៅហើយថាមានរឿងអ្វីកើតឡើងពេលបន្ដិចទៀតនេះ។
“យប់នេះអោយវាសម្រាកនៅទីនេះសិនហើយ
ព្រឹកស្អែកយើងនឹងមន្ដទៅជួបវា” ព្រះគ្រូនិយាយ
“ករុណាព្រះគ្រូ”
និយាយហើយម្ដាយភុំក៏លាព្រះគ្រូត្រលប់ទៅវិញ។
ពេលដែលម្ដាយភុំចេញទៅព្រះគ្រូសម្លឹងមើលផ្ទៃមេឃពណ៌ខ្មៅងងឹតដោយការពិចារណា។
“មើលទៅវាមិនងាយនឹងចប់នោះទេ”
ព្រះគ្រូនិយាយម្នាក់ឯងពេលដែលសម្លឹងទៅមេឃហើយក៏ចូលកុដ្ឋវិញ។
(ព្រឹកស្អែក)
ភុំភ្ញាក់ពីព្រលឹមហើយងង្គុយគិតរឿងម្យាងដែលម្ដាយគេតែងតែរំលឹកគេជារឿយៗ
កំពុងតែគិតព្រះគ្រូក៏និមន្ដមកដល់ ភុំចុះពីលើផ្ទះដើម្បីនិមន្ដព្រះគ្រូរកកន្លែងគង់។
“ព្រះគ្រូ”
ភុំហៅព្រះគ្រូដោយសម្លេងរាបស្មើ
“យើងចង់និយាយរឿងខ្លះជាមួយឯង”
ព្រះគ្រូនិយាយហើយក៏និមន្ដគង់លើកៅអីដែលភុំលើកយកមកអោយ។
“ករុណា”
ភុំអង្គុយនឹងដីបត់ជើង រងចាំស្ដាប់ព្រះតេគុណនិយាយ
“ឯងទៅធ្វើអ្វីខ្លះមក?
បានជាធ្វើអោយគេមានកំលឹងដលថ្នាក់នេះ”
“ករុណាព្រះគ្រូ
ខ្ញុំ.... ខ្ញុំទើបតែទៅទីនោះប៉ុណ្ណោះមិនធ្លាប់បំពានកន្លែងនោះពីមុនមកទេ”
គេប្រាប់ព្រះគ្រូតាមការពិត វាពិតជាបែបនោះមែន គេមិនធ្លាប់ទៅបំពានកន្លែងនោះពីមុនមកទេ
ទើបតែដឹងពីទីនោះថ្មីៗនេះឯង កន្លែងផ្សេងមិនដែលអី
តែកន្លែងនេះដូចជាពិបាកស្រោចស្រង់ដល់ហើយ។
ព្រះតេគុណសម្លឹងមុខភុំយ៉ាងយកចិត្ដទុកដាក់ហើយស្ដាប់រឿងរ៉ាវរបស់គេពេលដែលទៅបំពានទីនោះ។
ភុំនិយាយអ្វីគ្រប់យ៉ាងដល់ព្រះគ្រូគ្មានចន្លោះ ហើយព្យាយាមមើលអការៈរបស់ព្រះគ្រូ។
ព្រះគ្រូស្ដាប់់ហើយប្រមើរមើលគ្រប់យ៉ាងដែលកើតហេតុ
ព្រោះគាត់មានលក្ខណៈពិសេសអាចទស្សន៍ទាយនិងមើលអតីតកាលបាន។ គាត់បិទភ្នែកតាំងអារម្មណ៍របស់គាត់ប្រមើរមើល
ដោយមានញើសហូរពីក្បាលមកឥតឈប់មើលទៅដូចជាមិនធម្មតាសោះ។
គាត់តាំងអារម្មណ៍មួយសន្ទុះរួចក៏បើកភ្នែកវិញនិយាយជាមួយភុំ។
“អាភុំ
ឯងធ្វើអោយគេខឹងខ្លាំងណាស់ ឯងទៅបំពានកន្លែងដែលមានវិញ្ញាណកាចសាហាវជាច្រើន
ដែលសាហាវជាងគេនោះគឺបំពានកន្លែងនាងណាវិននេះឯង
វានឹងតាមចងពារជាមួយឯងមិនអោយឯងរួចខ្លួនទេ
អ្វីដែលយើងស្មានមិនដល់នោះឯងគឺជាកូនរបស់នាងជាតិមុន”
ព្រះគ្រូនិយាយរៀបរាប់ដោយទឹកមុខនឹងធឹង
ភុំភ្ញាក់ផ្អើលជាខ្លាំងពេលដែលលឺបែបនេះ
“មិនអាចទេដឹងព្រះគ្រូ! ខ្ញុំមិចនឹងអាចជាកូនខ្មោចនោះទៅ” គេនិយាយដោយមិនជឿសោះឡើយ
“មាននិស្ស័យទើបមកជួបគ្នា
មានកម្មពារទើបមកសង” ព្រះគ្រូតបបែបហីៗខ្លីៗតែបញ្ជាក់ច្បាស់ៗ។ ភុំចាប់ផ្ដើមបែបញើសជោគខ្លួន
ភ័យអស់ពីពោះ។
“ឯងដឹងទេ?
អតិតជាតិរបស់ឯងធ្វើបាបម្ដាយឯងណាស់ នាងណាវិនរងទុក្ខវេទនាតែលតោលគ្មានកន្លែងនៅ
ត្រូវកូនធ្វើបាប ប្ដីធ្វើបាប ម្ដាយបង្កើតម្ដាយក្មេកស្អប់ខ្ពើមព្រោះនាងជាស្រីរាត្រី
នាងស្លាប់ព្រោះគេរំលោភនិងធ្វើបាប បង្អត់បាយបង្អត់ទឹកព្រោះនាងបម្រើភ្ញៀវមិនបានល្អ
ចុងក្រោយនាងក៏សម្រេចចិត្ដសម្លាប់ខ្លួនក្នុងបន្ទប់ទឹកក្រោយពេលដែលគេចាប់នាងទៅបម្រើភ្ញៀវរួច
ភ្ញៀវចុងក្រោយរបស់នាងគឺជាគ្នីគ្នារបស់ឯង ឯងជាអ្នកនាំពួកវាមក
មុននឹងនាងសម្រេចចិត្ដសម្លាប់ខ្លួន នាងបានអង្វរឯងជាខ្លាំង
សុំអោយឯងឈប់ដើរពារលាអាវ៉ាសែ នាងសុំអោយឯងបួសសងគុណនាង
ឧទ្ទិសកុសលដល់នាងពេលដែលនាងស្លាប់ទៅ ឯងមិនត្រឹមតែមិនព្រមទេ នៅវ៉ៃនាងណាវិនទៀត
ដោយក្ដីឈឺចាប់ជាខ្លាំងនិងរងទុក្ខវេទនា នាងសម្រេចចិត្ដសម្លាប់ខ្លួនដោយចងកំហឹងជាប់កន្លងមក
មិនសាបសូន្យនោះទេ នាងចាំពេលវេលានេះជាច្រើនឆ្នាំមកហើយ។”
ភុំស្ដាប់ទាំងអារម្មណ៍មិនជាប់ខ្លួន
ស្ដាប់ដល់ថ្នាក់ចំហរមាត់ដូចរូងភ្នំ
គេពិតជាមិនដឹងសោះឡើយថាអតិតជាតិរបស់ខ្លួនអាក្រក់ដល់ថ្នាក់នេះនោះទេ
បើគេជានាងណាវិនគេក៏មិនអាលើកលែងបានដូចគ្នា។
“ខ្ញុំករុណាត្រូវធ្វើយ៉ាងមិចទៅព្រះគ្រូ...
សូមព្រះគ្រូបង្ហាញផ្លូវផង” គេស្ទុះទៅចាប់អង្រួនជើញព្រះគ្រូដោយក្ដីអង្វរក
ព្រមទាំងក្រាបក្បាលដល់ដី គេមិនអាចស្លាប់បានទេ
គេត្រូវមើលថែម្ដាយចាស់ដ៏ឯកោរម្នាក់នេះ
កន្លងមកគេធ្វើបាបម្ដាយគេច្រើនមកហើយម្ដងនេះមិនអាចអោយគាត់រងទុក្ខវេទនាដូចម្ដាយខ្លួនពីជាតិមុននោះទេ។
“ផ្លូវមានតែមួយប៉ុណ្ណោះ
យើងក៏មិនអាចធានាបានដែល អ្វីៗតាមវាសនាដែលបានចារមកប៉ុណ្ណោះអាភុំ!”
មែនហើយព្រះគ្រូនិយាយត្រូវ
វាសនាចារមកទៅហើយចង់កែប្រែមិនបាននោះទេតែក៏មិនអាចបណ្ដោយតាមវាសនាបានដែរ។
ថាហើយព្រះគ្រូក៏ងើបនិមន្ដទៅវិញ
រឿងដែលគាត់អាចធ្វើបានគាត់បានធ្វើអស់ទៅហើយនៅឡើយតែវាសនារបស់នាយភុំប៉ុណ្ណោះ
អាចឬមិនអាចឆ្លងផុតយើងមានតែចាំមើលនោះឯង។

Comments
Post a Comment