រឿង វិញ្ញាណចងអាឃាត Ep-3

 


រឿង: វិញ្ញាណចងអាឃាត

_________________________

ក្រឡេកមកគ្នីគ្នានាយភុំវិញម្ដង/

          គ្នីគ្នារបស់នាយភុំពេលនេះនៅសល់តែ៩នាក់ទៀតប៉ុណ្ណោះដែលនៅសេសសល់ ៤នាក់ទៀតបានស្លាប់ដោយមិនដាច់អាល័យ ហើយពេលនេះត្រូវនាយភុំរត់ចោលទៀត ក្នុងចិត្ដរបស់គេម្នាក់ៗគិតថានាយភុំចង់បោះបង់ពួកគេចោលបន្ទាប់ពីមានរឿងហើយ។

          “ថ្មីៗនេះលោកបងមិនដឹងជាបាត់ទៅណាទេ មិនឃើញមករកពួកយើងសោះ តិចគាត់បោះបង់ពួកយើងចោលទៅ” ម្នាក់ក្នុងចំណោមគ្នា៨នាក់និយាយឡើង

          “ឯងឆ្កួតទេហេ​ លោកបងមិចនឹងទុកពួកយើងចោលទៅ ប្រហែលជាគាត់មានរឿងផ្ទាល់ខ្លួន” គ្នាវាម្នាក់និយាយឡើង។

          “តែគាត់មិនខលមិនអីមកសោះ ពីមុនមិនដែលចឹងទេ” និយាយហើយពួកវាធ្វើមុខជូរហួញ ព្រោះថ្មីៗនេះពិតជាបាត់នាយភុំមិនឃើញមករកពួកវាពិតមែន ឬមួយក៏នាយភុំមានរឿងអី?

          “ណ្ហើយ... បើលោកបងមិននៅយើងក៏អាចទៅនេះទៅនោះបានដែរ និយាយចឹងយើងទៅកន្លែងមួយទៅ ទីនោះសប្បាយគួរសម” ម្នាក់ក្នុងចំណោមពួកគេ៨នាក់ក៏និយាយឡើង។

          “កន្លែងណា?” ពួកវាសួរទៅអាម្នាក់នោះស្រស់គ្នា។

          “បើចង់ដឹងតាមយើងមក” ថាហើយវាក៏បញ្ឆេះម៉ូតូនាំមុខទៅរុយ ទុកអោយគ្នាមួយវាធ្វើមុខង៉េមង៉ាង ហើយមិនចាំយូរក៏ចេញម៉ូតូតាមពីក្រោយ។

          តាមផ្លូវដែលពួកគេធ្វើដំណើរថ្ងៃនេះមានសភាពស្ងាត់ល្អ ពុំសូវមានឡានម៉ូតូចរាចរណ៍ច្រើនដូចរាល់ដងនោះទេ ពួកគេក៏ឆ្ងល់ដែរទាំងដែលផ្លូវនេះ ឡានម៉ូតូជិះទៅមកច្រើនសឹងអី។ កន្លែងដែលគ្នាវានាំទៅនោះគឺផ្ទះទឹកសមុទ្រនៅឯជាយក្រុង ជិះធម្មតាគួរណាតែទៅដល់ហើយតែជិះយូរណាស់ហើយនៅតែមិនទាន់ដល់ទៀត។

          “អេ អាម៉ាកកន្លែងនេះដូចជាជិះកាត់ម្ដងរួចហើយ” គ្នាវាម្នាក់និយាយឡើងពេលដែលចាប់អារម្មណ៍ថាកន្លែងដែលកំពុងតែជិះនេះដូចជាជិះកាត់មុននឹងរួចហើយ មិចក៏មកបង្ហាញម្ដងទៀតចឹង? គេឆ្ងល់ខ្លាំងណាស់ តែអ្វីដែលគេនិយាយមុននេះគ្មានអ្នកណាបានលឺនោះទេ គេក៏មិនបាននិយាយម្ដងទៀតដែរ គិតតែពីជិះទៅមុខបន្ដទៀតដោយមានគ្នាគេជាអ្នកនាំផ្លូវពីមុខ។

          ម្ដងនេះពួកគេបានទៅដល់គោលដៅដែលពួកគេចង់ទៅហើយ គឺផ្ទះទឹកសមុទ្រដែលគ្នាគេម្នាក់នាំមក។

          “នែ! ដល់ហើយវ៉ើយ” អាម្នាក់ដែលនាំមក និយាយឡើងហើយក៏ចុះពីលើម៉ូតូដើរសំដៅទៅផ្ទះនោះ។

          “ផ្ទះស្អីគេហា?” ម្នាក់ដែលជាគ្នីគ្នាវាសួរឡើង

          ពេលដែលលឺមិត្ដវាសួរដូច្នេះវាក៏បញ្ឈប់ដំណើរហើយដោះមួកវាចេញរួចសម្លឹងមើលផ្ទះដែលវានាំគ្នាវាមកយ៉ាងយកចិត្ដទុកដាក់

          “ផ្ទះនេះ....”

          “ផ្ទះនេះដូចជាផ្ទះដែលយើងទៅជាមួយលោកបងកាលពីលើកមុន” ម្នាក់នោះមិនទាន់និយាយចប់ផង អាម្នាក់ទៀតក៏និយាយឡើង

          “មែនហើយៗ” គ្នាវាទាំងអស់ក៏យល់ឃើញដូច្នេះដែរ

          “មិចក៏ចឹង? មុននេះយើងឃើញថាវាជាផ្ទះទឹកសមុទ្រច្បាស់ណាស់ មិចក៏...មិចក៏ចឹង??” ពេលនេះម្នាក់ៗមានតែសញ្ញាសួរលើក្បាលប៉ុណ្ណោះ វាមិនគួរអោយជឿពិតមែន ព្រោះទាំងដែលផ្លូវពួកគេជិះមិនមែនជាផ្លូវទៅផ្ទះដែលពួកគេទៅលើកមុននោះទេ ថែមទាំងផ្លូវម្ខាងម្នាក់ទៀត មិចនឹងអាចមកដល់ផ្ទះមួយនោះទៅ?

          “វីវហើយទេដឹង នេះខ្មោចលងទាំងថ្ងៃហេ?” គ្នាវានិយាយឡើង

          “ចឹងទេតើបានជាយើងជិះមុននេះមានអារម្មណ៍ថាផ្លូវនេះជិះហើយម្ដងរួចហើយ” ម្នាក់ដែលយល់ឃើញថាផ្លូវដែលគេជិះមកមិនស្រួលមុននេះក៏និយាយឡើងមក ហើយធ្វើអោយគ្នីគ្នាពួកវាប្ដូរទឹកមុខភ្លាមពេលដែលពួកគេយល់ឃើញដូច្នេះដែរ។

          “យើងមិនមែនត្រូវខ្មោចលងទេដឹង ខ្មោចឯណាមកលងពេលថ្ងៃចែសបែបនេះ” និយាយមិនទាន់ផុតពីមាត់ផង មេឃក៏ចាប់ផ្ដើមងងឹង ពពកចាប់ផ្ដើមខ្មួលខ្មាញ់ចូលគ្នាបង្កឲ្យ មានផ្គរនិងផ្លេតបន្ទោរឡើងមក មិនប៉ុន្មានក៏ធ្លាក់ភ្លៀងយ៉ាងខ្លាំងក្លា

          “ពុទ្ធោអើយ មួយឆាកជិវិតទើបតែឃើញម្ដងទេ ឧតុនិយមក៏ព្យាករណ៍មិនទាន់ដែរ” គ្នាវាម្នាក់និយាយឡើងមក ពេលដែលអ្វីៗជុំវិញខ្លួនស្រាប់តែប្រែប្រួលភ្លាមៗបែបនេះ ពិតជាដូចក្នុងរឿងគ្មានខុស ពេលនេះពួកវាជួបផ្ទាល់ក៏បានត្រឹមតែស្រឡាំងកាំងធ្វើអ្វីមិនត្រូវ

          “ឯងនៅនិយាយដល់ណាទៀត ភ្លៀងចង់អាយ៉ាស់មេឃទៅហើយ ចូលក្នុងសិនទៅ” ថាហើយវាក៏ចាប់អូសកគ្នាវាទៅខាងក្នុង

          ពួកវាត្រូវបង្ខំចិត្ដចូលទៅក្នុងផ្ទះនោះដោយមិនអាចខានបាន ទោះពួកវាចង់ត្រលប់ទៅវិញក៏មិនបានដែរ ពេលនេះមានតែផ្លូវចូលមកក្នុងផ្ទះនេះប៉ុណ្ណោះទោះជាមានចម្ងល់ប៉ុណ្ណាក៏ត្រូវទុកសិនដែរ ដោះទាល់មួយគ្រាសិនហើយ។

          “នេះយើងត្រូវសម្រាកនៅទីនេះមែនទេ?” គ្នាវាម្នាក់និយាយឡើងមកពេលដែលគ្នីគ្នាពួកវាស្ងាត់មាត់អស់

          “ឯងចង់ទៅវិញយ៉ាងមិច មើលទៅខាងក្រៅទៅវាគ្រោះថ្នាក់ជាងនៅទីនេះទៀត”

          “យើងមិនចង់ដេកនៅទីនេះទេ នេះស្អីក៏យើងមិនយកមកជាប់ខ្លួនដែរ បានស្អីស៊ីទៅ?” ពួកវានិយាយហើយក៏បានត្រឹមតែដកដង្ហើមធំរាងខ្លួន ពេលនេះពិតជាគ្មានមធ្យោបាយពិតមែន។

          “ចង្រៃយ៍ ទូរស័ព្ទក៏គ្មានសេវាដែរ ពិតជាចប់មែនហើយ” គ្នាវាម្នាក់និយាយឡើង

          “ពេលដែលរាំងភ្លៀង ឬក៏ស្អែកនេះពួកយើងអាចទៅវិញបានហើយ ឯងកុំធ្វើដូចជាជិតដាច់ខ្យល់ស្លាប់យ៉ាងនេះ យ៉ាងច្រើនមួយយប់ដេកនៅទីនេះប៉ុណ្ណោះ”

      ត្រូវហើយពេលនេះគេគ្រាន់តែសម្រាកទីនេះមួយយប់សិនប៉ុណ្ណោះ មើលទៅគ្មានអ្វីពិបាកទេ។ ពួកវាម្នាក់ៗទៅសម្អាតកន្លែងសម្រាប់ដេករៀងខ្លួនហើយទាញបារីម្នាក់មួយដើមមកជក់ ព្រោះយប់នេះត្រូវអត់បាយហើយ មើលទៅមេឃធ្លាក់ភ្លៀងគ្មានការអន់ថយទេមានតែភ្លៀងលើសដើម។

          “ម៉ោងប៉ុន្មានហើយវ៉ើយ?” គ្នាវាម្នាក់សួរឡើង

          ហើយពួកវាក៏ទាញទូរស័ព្ទយកមកមើល ឃើញថាពេលនេះម៉ោង11យប់ទៅហើយ

          “ម៉ោង១១យប់ហើយ” គ្នាវានិយាយ

          “ស្អីគេ? យើងមកដល់ទីនេះម៉ោង៣ថ្ងៃត្រង់ ឥឡូវនេះម៉ោង11យប់? ស្អីក៏លឿនម្ល៉េះ? ឯងអត់ច្រលំទេហេ?” អ្នកដែលសួរម៉ោងនោះនិយាយឡើងទាំងមិនអស់ចិត្ដ វាដូចជាមិនធម្មតាសោះ

          “ភ្ញាក់ផ្អើលស្អី ម៉ោងដើរកាន់តែលឿនកាន់តែល្អ ព្រឹកឡើងយើងឆាប់បានទៅវិញ” មែនហើយវានិយាយត្រូវ កាន់តែឆាប់កាន់តែល្អនឹងឆាប់បានទៅវិញ។

          បន្ទាប់ពីស្ងាត់អស់ជាយូរពួកវាម្នាក់ៗក៏ដេកលក់អស់នៅឡើយតែ២នាក់ប៉ុណ្ណោះដែលមិនទាន់ដេក ពួកវាអង្គុយសញ្ជឹងគិតអ្វីម្យ៉ាង

          “ឯងយល់ថាចម្លែកទេ?/ឯងយល់ថាចម្លែកទេ?” បន្ទាប់ពីគិតឃើញហើយវាក៏ងាកមកនិយាយជាមួយមិត្ដវាម្នាក់ដែលមិនទាន់ដេកនោះ ហើយក៏និយាយនូវសំណួរដូចគ្នា។

          “ឯងនិយាយមុនទៅ យើងគិតថាឯងគិតដូចយើង” ម្នាក់ដែលអោយគេនិយាយមុននេះមានឈ្មោះថាដេន ដេនចង់ដឹងថាមិត្ដវាដែលនិយាយមុននេះគិតដូចវាឬអត់

          “យើងគិតថាគ្រប់យ៉ាងដូចជាមិនស្រួលសោះ មានអារម្មណ៍ថា...”

          “មានអារម្មណ៍ថាមិនសុវត្ថិភាពមែនទេ” មិនទាន់និយាយចប់ផងដេនក៏ជួយបន្ថែម ហើយវាពិតជាបែបនឹងពិតមែន

          “យើងគិតថាចាប់ពីថ្ងៃដែលបងភុំនាំយើងទៅផ្ទះនោះមក មានអារម្មណ៍ថារឿងចម្លែក​ៗកើតឡើងច្រើនណាស់ សូម្បីតែពេកនេះក៏ដោយ” ដេននិយាយដោយទឹកមុខសញ្ជឹងគិត ហើយមិត្ដដែលនិយាយជាមួយគេក៏បន្ដ

          “តាមពិតយើងមានអារម្មណ៍បែបនេះតាំងពីពេលដែលអាផាតវាងាប់ម្ល៉េះ តែមិនប្រាកដប៉ុន្មានដែរ យើងចាប់ផ្ដើមចម្លែកទៀតនោះគឺពេលដែលគ្នាយើង៣នាក់ទៀតបានស្លាប់ យើងកាន់តែមានអារម្មណ៍ថាមិនស្រួល” ម្នាក់ដែលនិយាយនេះឈ្មោះរបស់គេគឺវិន វិនគឺជាអ្នកដឹងរឿងទាំងអស់ថាមិនស្រួល តែគេខ្លាចគេគិតផ្លេសផ្ដាសម្នាក់ឯងតែពេលនេះមានដេនម្នាក់ដែលគិតដូចជាគេដែរ។

          “យើងគិតថាប្រហែលជាលោកបងក៏គិតដូច២នាក់យើងដែរ ទើបបានជាគាត់ប្រញាប់ទៅជួបម៉ែគាត់បែបនេះ” ដេននិយាយឡើង ហើយពេលនោះស្រាប់តែគ្នាគេដែលកំពុងដេកនោះស្រាប់តែក្រោកអង្គុយឡើង កាត់ចង្វាក់ពួកគេទាំងពីរនាក់និយាយគ្នា ​អការៈដែលវាក្រោកនោះមិនប្រក្រតីទាល់តែសោះ វាក្រោកអង្គុយត្រង់ឆ្អឹង ហើយភ្នែកប្រែទៅជាពណ៌សអស់ វាមិនងាកមករកដេននិងវិនទេ បែរជាងើបឡើងទៅជាន់ខាងលើនៃផ្ទះនេះទៅវិញ ឃើញដូច្នេះដេននិងវិនក៏ងើបឡើងដើរទៅតាមវា សភាពរបស់វាដើរយឺតនោះទេ តែពួកគេទាំងពីរនាក់បែរជាតាមវាមិនទាន់ទៅវិញ។

          វាគិតតែពីដើរទៅមុខមិនងាកក្រោយ ទោះវិននិងដេនហៅយ៉ាងណាក៏ដោយ វាដើរទៅមុខរហូតដល់រាហាលនៃផ្ទះ រាហាលខាងលើមិនមានអ្វីទប់នោះទេ គឺទទេស្អាត។

          “អាឡាំប្រយ័ត្ន!!!” វិនស្រែកដល់ភ្លាត់សម្លេងពេលដែលអាឡាំដើរទៅមុខរហូតដល់ធ្លាក់ពីលើរាហាលទៅក្រោម ឯដេនស្ទុះទៅចាប់អាឡាំដែរ តែចាប់មិនទាន់។

          អាឡាំធ្លាក់ចុះទៅក្រោមយ៉ាងអាណោចអាធម៍ ក្បាលរបស់វាបែកឈាមសាចពេញឥដ្ឋក្រោមតំណក់ទឹកភ្លៀងដែលកំពុងតែធ្លាប់ ទឹកភ្លៀងបានពាំនាំឈាមរបស់វាហូរទៅតាមលូ នាយដេននិងវិនឃើញបែបនេះហើយបែកញើសសស្រាក់ ហើយពួកគេទាំងពីរងាកមើលមុខគ្នា ក៏យល់ន័យភ្លាម។ ដេននិងវិនរត់ចុះទៅក្រោមវិញឃើញថាគ្នីគ្នាគេដែលដេកនៅទៅនេះមុននេះបាត់អស់ទៅហើយ ពួកគេទៅណា???

          វិនស្លេស្លាហៅគ្នីគ្នារបស់គេប្រណាំងនឹងសម្លេងទឹកភ្លៀង ដេនដែលមានទូរស័ព្ទនឹងដៃក៏បញ្ចាំងភ្លើងរកមើល។

          “ធ្វើយ៉ាងមិចទៅអាដេន?” វិនសួរដោយអារម្មណ៍រវើររវាយ

          “ឯងតាំងអារម្មណ៍សិនទៅ រកមើលពួកវាសិនទៅ យើងឡើងទៅខាងលើរកមើល ឯងនៅខាងក្រោមមើលតាមបន្ទប់ទៅ មានរឿងអីក៏ដោយត្រូវតាំងអារម្មណ៍ឯងអោយបានល្អ” វិនងក់ក្បាលទទួលបញ្ជារបស់ដេន និយាយហើយដេនក៏ឡើងទៅមើលខាងលើ។

          “កុំ....កុំមករកខ្ញុំ... ខ្ញ...ខ្ញុំអត់ដឹងអីទេ... កុំចូលមក កុំ” ដេនលឺសម្លេងគ្នារបស់គេនៅជាន់ខាងលើដំបូល គេក៏ប្រញាប់រត់ទៅជាន់ខាងលើគេបង្អស់រកមើល តែពេលទៅដល់

          “.....” សម្លេងក៏បាត់ អ្វីៗទទេស្អាត

          ប្រាវ!!

          សម្លេងធ្លាក់របស់ពីជាន់ក្រោមនេះ ដេនចាប់ផ្ដើមបែកញើសប៉ុនៗគ្រាប់ពោតហើយព្យាយាមដើរតាមប្រភពសម្លេងដែលធ្លាក់អម្បែងមិញនេះ។ ទៅដល់ទីនោះដេនក៏បាញ់ហ្វាស់ពីទូរស័ព្ទបញ្ចាំងមើលសភាពជុំវិញ អ្វីដែលគេបានឃើញគឺសាកសពរបស់គ្នារបស់គេដែលបញ្ឈរភ្នែកឡើងលើ ហើយ ក របស់វាត្រូវបានព្យួរដោយខ្សែពួរ ដេនថយក្រោយមួយជំហានព្រោះតែអ្វីដែលគេបានឃើញវាស្ដែងៗពេក គេថយទៅបុកនឹងអ្វីម្យាងក្បែរនោះ គេក៏បញ្ចាំងភ្លើងទៅរកភ្លាម

          ឆ្វាច់!

          មិនទាន់បញ្ចាំងទៅរកផង កាំបិតសស្ញាចក៏មករកមុខរបស់គេមុនបាត់ទៅហើយ បណ្ដាលអោយឈាមហូរចេញពីផ្ទៃមុនរបស់គេមកស្រោចពេញខ្លួន។

          “អាផេង!” គេហៅឈ្មោះគ្នារបស់គេយ៉ាងលំបាក នេះវាកើតស្អីនឹងមិចក៏ក្លាយទៅជាចឹង

          សភាពអាផេងពេលនេះមិនដូចជាមនុស្សប្រក្រតីទេ វាដូចជាមានអ្វីសន្ធិតយ៉ាងចឹង ភ្នែករបស់វាគ្មានប្រស្រីទេ គ្រាប់ភ្នែកឡើងស ក្រឡាប់ទៅក្រឡាប់មកហើយនិយាយស្អីក៏មិនដឹង ស្ដាប់មិនយល់ទាល់តែសោះ

          “ឯង!!! ឯងសមតែស្លាប់!!” សម្លេងរបស់អាផេងប្រែទៅជាសម្លេងមនុស្សស្រី អាផេងស្ទុះលើកកាំបិតមកចាក់ ក របស់ដេន ដេនដឹងមុនក៏គេចទៅម្ខាងហើយចាប់ដៃអាផេងជាប់ តែកម្លាំងអាផេងពេលនេះខ្លាំងខុសពីធម្មតា ដេនព្យាយាមចាប់ដៃរបស់វាអស់ពីកម្លាំងតែចាប់មិនឈ្នះ ទាំងពីរនាក់ប្រតាយប្រតប់គ្នាធ្វើអោយដេនត្រូវដួលនឹងដីដោយអាផេងជាអ្នកនៅពីលើ អាផេងប្រឹងបើកភ្នែកធំៗហើយប្រើកម្លាំងរបស់វាចាក់ដេន ដោយដេននៅមានកម្លាំងក៏ប្រឹងទប់កាំបិតដែលជិតដល់បំពង់ករបស់គេនោះ ដេនក្ដោបកាំបិតជាប់ធ្វើយ៉ាងណាមិនអាចអោយកាំបិតចាក់ដល់បំពង់ករបស់គេបានទេ។

          ភូស!/

          ដំបងធំមួយបានសំពោងក្បាលរបស់អាផេងដោយដៃរបស់វិន ក្បាលអាផេងបានបែកឈាមយ៉ាងតំណំ វាដួលទៅម្ខាងដោយបើកភ្នែកធំក្រឡោត។

          “អាដេន! ឯងមិនអីទេហេ?” វិនស្ទុះមកគ្រាដេនពេលដែលឃើញវាដេកនឹងដីដោយដៃរបស់វាសុទ្ធតែឈាម

                ដេនងាកទៅមើលអាផេងដោយកែវភ្នែកសោកសៅ វិនក៏យកដៃដាក់ក្រោមច្រមុះអាផេងពិនិត្យមើលដង្ហើម ពេលនេះអាផេងដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

          វិនលើកដេនអោយអង្គុយត្រង់ខ្លួនហើយ ដោះអាវរបស់ខ្លួនរុំដៃអោយដេន។

          “ឯងប្រាប់យើងអោយតាំងស្មារតីមែនទេ? ពេលនេះឯងក៏ដូចគ្នា គ្មានអ្នកណាចង់អោយរឿងបែបនេះកើតឡើងទេ” វិននិយាយដាស់អារម្មណ៍ដេនដែលកំពុងតែរវើររវាយ

          ដេនហាក់តាំងស្មារតីបានវិញហើយក៏សួរទៅវិន៖

          “ឯណាគ្នីគ្នាយើងទាំងប៉ុន្មាននាក់ទៀត?”

          “ពួកវានៅខាងក្រោម មុននេះពួកវាខ្លាចខ្លាំងពេក ហើយនាំគ្នាទៅពួនក្នុងហិបធំមួយក្នុងបន្ទប់” វិននិយាយប្រាប់ដេន មុននេះពេលដែលវិនរកឃើញគ្នារបស់ខ្លួន ក៏ស្រាប់តែលឺសម្លេងធ្លាក់របស់ពីខាងលើ ទើបប្រញាប់រត់មកមើល ហើយក៏បានជួយដេនទាន់ពេលវេលា។

          “យើងរកឃើញតែ៣នាក់ទេ ចុះឯង?” វិនសួរទៅដេន

          “យើង...យើងរកឃើញតែ២នាក់ទេ តែ...ដូចឯងបានឃើញហើយ” ដេនទម្លាក់ទឹកមុខចុះហើយងាកមើលទៅជ្រុងម្ខាងដែលមានសាកសពមិត្ដរបស់គេម្នាក់ទៀត

          វិនលើកទូរស័ព្ទរបស់ដេនបញ្ចាំងទៅជ្រុងដែលដេនសម្លឹង ហើយក៏ឃើញគ្នារបស់វាម្នាក់ទៀតបញ្ឈរភ្នែកឡើងលើហើយ ក ត្រូវបានព្យួរជាប់នឹងដំបូលបន្ទប់ ដោយស្លាប់ទាំងបិទភ្នែកមិនជិត។

          វិនដកដង្ហើមធំហើយយកដៃជ្រោងសក់ទៅលើ

          “យើងមិនដែលគិតថាមានថ្ងៃនេះទេ ឬមួយក៏ពួកយើងធ្វើអាក្រក់ច្រើនពេក” វិននិយាយដោយអារម្មណ៍ដឹងខុស បើមានឱកាសគេនឹងកែប្រែ។

          “តោះ ទៅរកពួក៣នាក់នោះទៅ កុំគិតច្រើនអី” ដេនក្រោកឈរឡើងហើយវ៉ៃស្មារបស់វិនតិចៗជាការលើកទឹកចិត្ដហើយក៏នាំគ្នាចុះទៅក្រោមរកគ្នា៣នាក់នោះដែលវិនរកឃើញ។

          មកដល់ក្រោមភ្លាមដេនក៏ស្ទុះទៅរកគ្នាដែលនៅសល់៣នាក់ទៀត ហើយអោបពួកគេ “ពួកឯងមិនអីទេហេ?” ដេនសួរដោយចិត្ដព្រួយបារម្ភជាខ្លាំង

          “យើងមិនអីទេ ចុះឯង?” ពួកវាសួរទៅដេនវិញ

          “ពួកឯងមិនអីទៅបានហើយ” ដេនតបដោយស្នាមញញឹមទៅពួកវា ក្នុងចំណោមគ្នាវាទាំង១៣នាក់ មនុស្សដែលគេគោរពស្រលាញ់ជាងគេគឺភុំ បន្ទាប់ពីភុំគឺនាយដេននិងវិននេះឯង។

          “សុំទោស... សុំទោសដែលនាំពួកឯងធ្វើដំណើរមកទៅនេះ” ម្នាក់ដែលបានបបួលគ្នីគ្នាមកទីនេះនិយាយឡើងដោយទឹកមុខដឹងខុសហើយអោនមុខចុះយ៉ាងអស់សង្ឃឹម គេមានឈ្មោះថាធី។

          “អាធី ពួកយើងមិនបន្ទោសឯងទេ ទោះឯងមិននាំយើងមកក៏ដោយ ក៏គេគង់តែនាំយើងមកទេ” ដេននិយាយឡើងមកក្នុងន័យសំដៅលើរបស់អរូបនោះ មែនហើយទោះជាធីមិននាំមកដ៏ដោយក៏គង់តែមកទីនេះទេ ព្រោះអ្វីៗគេបានកំណត់រួចទៅហើយ។

          “អ្នកណា?” អាធីសួរឡើងដោយទឹកមុខឡីឡឺ

          “អ្នកណាឯងមិនចាំបាច់ដឹងទេ ពួកយើងក៏មិនប្រាកដថារួចខ្លួនដែរ” វិនជាអ្នកនិយាយជំនួសដេន គេដឹងថាអ្នកនៅទីនេះមិនលើកលែងអោយគេនោះទេ ព្រោះយើងជាអ្នកទៅបំពានលើគេមុន រឿងដែលកើតឡើងហើយបកក្រោយវិញក៏មិនបានដែរ។

          “ពួកយើងកុំបំបែកគ្នាអី នៅផ្ដុំគ្នាបែបនេះហើយ” ដេននិយាយហើយក៏ដើរទៅអង្គុយកន្លែងដែលពួកគេដេកមុននេះ ហើយផ្អែកក្បាលនឹងជញ្ជាំងយ៉ាងអស់សង្ឃឹម។ វិននិងគ្នា៣នាក់ទៀតក៏ទៅអង្គុយត្រង់នោះដូចគ្នា។

          “ចង់ដេកក៏មិនអាចដេកដែរ ខ្លាចតែដេកហើយក្រោកវិញមិនបាន” ដេននិយាយដោយទឹកមុខអស់សំណើចនឹងរឿងមួយនេះ មិនស្មានសោះថាមានរឿងបែបនេះកើតឡើង តាំងពីដើរពន្លកមកមិនធ្លាប់ជួបទេ ឬមួយពេលនេះជាពេលអវសានរបស់គេ?

Comments

Popular posts from this blog

រឿង វិញ្ញាណចងអាឃាត End Ep-8

THREE THOUSAND WORDS

ស្រមោលស្នេហ៍ពណ៌ខ្មៅ