រឿង វិញ្ញាណចងអាឃាត Ep-4
រឿង: វិញ្ញាណចងអាឃាត
_________________________
ងាកមកខាងនាយភុំវិញម្ដង/
ប៉ុន្មានថ្ងៃនេះភុំចេះតែមានអារម្មណ៍មិនល្អសោះ
អារម្មណ៍មិននៅខ្លួន នាយបារម្ភពីភឿនទាំងអស់ដែលពេលនេះមិនដឹងសុខទុកយ៉ាងណានោះទេ
ទូរស័ព្ទក៏មិនអាចទាក់ទងបានទៀត ភុំអន្ទះសារក្នុងចិត្ ដសុំម្ដាយទៅក៏គាត់មិនអនុញ្ញាត មើលទៅធ្វើបែបនេះមិនបានទេ។
ភុំចុះពីលើផ្ទះបំណងចាកចេញមិនប្រាប់ម្ដាយរបស់ខ្លួន
មិនទាន់ចុះដល់ដីស្រួលផងព្រះគ្រូក៏បង្ហាញខ្លួនចំពោះមុខគេ
“ព្រះគ្រូ…” ភុំពោលហៅព្រះគ្រូដោយភ្ញាក់ផ្អើលបន្ដិច មើលទៅគាត់ដូចជាដឹងថាគេចង់ទៅណា
“យើងដឹងហើយថាឯងចង់ធ្វើអី”
ព្រះគ្រូសម្លឹងមើលមុខរបស់ភុំបន្ដិចមុននឹងមានដីការបន្ដ
“គ្នីគ្នារបស់ឯងពេលនេះកំពុងនៅក្នុងការគ្រប់គ្រងរបស់គេ ពួកគេអាចស្លាប់គ្រប់ពេល
នៅពេលដែលលេខរបស់គេធ្លាក់ចុះ”
ភុំមើលមុខព្រះគ្រូបន្ដិច
ព្រោះតែមិនយល់ថាគាត់កំពុងតែនិយាយពីអ្វី។
“ព្រះគ្រូ កំពុងតែចង់ប្រាប់ខ្ញុំថា
បងប្អូនរបស់ខ្ញុំកំពុងត្រូវខ្មោចនោះលងមែនទេ?” គេសួរទៅព្រះគ្រូពេលដែលគិតយល់ន័យរបស់គាត់ដែលនិយាយមុននេះ
“គ្នាឯងស្លាប់អស់៣នាក់ទៀតទៅហើយ”
ព្រះគ្រូនិយាយហើយក៏ដកដង្ហើមធំមុននឹងនិយាយបន្ដ “គ្នាឯងត្រូវនាងណាវិនឃុំជាប់ហើយ
ចង់ជួយពួកគេនោះពិតជាពិបាកណាស់ ពេលនេះពួកវាកំពុងតែនៅក្នុងផ្ទះនោះ
ទោះមិនស្លាប់ដោយសារនាងណាវិនក៏ស្លាប់ដោយសារអត់អីស៊ីដែរ”
“ព្រះគ្រូបង្ហាញផ្លូវផង តើខ្ញុំត្រូវធ្វើយ៉ាងមិច??
ខ្ញុំមិនអាចអោយបងប្អូនរបស់ខ្ញុំស្លាប់ច្រើនយ៉ាងនេះទេ
លះបង់មនុស្សច្រើនពេកហើយខ្ញុំមិនអាចឈរមើលនោះទេ គ្រប់យ៉ាងមកពីខ្ញុំ
ខ្ញុំជាដើមហេតុធ្វើអោយពួកវាធ្លាក់ដល់ចំណុចនេះ បើខ្ញុំមិននាំពួកវាទៅទីនោះទេ
ពួកវាក៏មិនអាចមានរឿងបែបនេះកើតឡើងដែរ” ភុំនិយាយទាំងអួលដើមក
បើកុំតែគេនាំពួកវាទៅបំពានទីនោះ ម្លោះហើយពេលនេះមិនពិបាកបែបនេះទេ មិនអាចស្លាប់បងប្អូនរបស់គេច្រើនបែបនេះទេ។
“ធ្វើចិត្ដឯងអោយស្ងប់បើឯងចង់ជួយពួកវា ឯងត្រូវតែទ្រាំអោយដល់យប់ពេញបូរមី
ទើបឯងអាចចូលទៅជួយពួកវាចេញមកបាន”
“ធ្វើយ៉ាងណា?
បើយឺតពេលពួកវានឹងស្លាប់នៅទីនោះ ទម្រាំតែដល់យប់ពេញបូរមីពួកវាប្រាកដជាស្លាប់មិនខានទេព្រះគ្រូ!”
ភុំនិយាយទាំងទឹកភ្នែក កន្លងមកគ្នាគេទាំង១៣នាក់ស្រលាញ់គ្នាណាស់ទុកដូចជាបងប្អូនបង្កើតយ៉ាងចឹង
ពេលនេះនៅសល់តែ៦នាក់រួមទាំងគេប៉ុណ្ណោះ តើគេធ្វើចិត្ដយ៉ាងមិចបាន?
“សល់តែ៥ថ្ងៃទៀតទេ ឯងទ្រាំបន្ដិចទៅ”
ព្រះគ្រូតបដោយទឹកមុខនឹងធឹង
“ទេ! មិនបានទេ
ខ្ញុំត្រូវទៅរកពួកវាឥលូវនេះ” ថាហើយភុំក៏ទាញម៉ូតូជិះទៅរុយមិនខ្វល់ពីអ្វីដែលព្រះគ្រូបាននិយាយឡើយ
អោយទ្រាំប្រាំថ្ងៃទៀតយ៉ាងមិច បើសូម្បីតែដំណឹងរបស់ពួកគេនៅឯណា ធ្វើអ្វីខ្លះ មានរឿងអីខ្លះក៏ភុំមិនបានដឹងឮផងតើអោយទ្រាំម្ដេចនឹងបាន?
ភុំចាកចេញពីផ្ទះសំដៅទៅកន្លែងចាស់ដែលគេនិងគ្នីគ្នារបស់គេតែងតែមកចាំគ្នាឬមកនិយាយគ្នាលេងនៅទីនេះ
ក៏ប៉ុន្ដែឥឡូវលែងមានហើយ សូម្បីតែស្រមោលពួកវាក៏មិនឃើញផង។
ភុំឈប់ម៉ូតូនៅទីនោះដោយទឹកមុខស្ងៀមស្ងាត់ ហើយរំលឹកដល់គ្រាដែលគេទៅបំពានផ្ទះមួយខ្នងនោះ
មិនចាំយូរភុំក៏ជិះទៅភូមិនោះយ៉ាងសន្ទះសារ។
ភុំចាំច្បាស់ថាផ្លូវដែលគេកំពុងតែជិះគឺជាផ្លូវដែលសំដៅទៅផ្ទះនោះ
បើតាមធម្មតាគួរតែដល់ហើយ តែនេះជិះយ៉ាងណាក៏ដោយ មិនចេះឃើញដល់ទាល់តែសោះ។
ភុំឈប់ម៉ូតូក្បែរច្រកចូលមួយ
គេចាំបានថានៅជិតច្រកតូចមួយនេះគឺមានផ្ទះមួយខ្នងនោះ តែហេតុអីពេលនេះស្រាប់តែបាត់ស្រមោលឈឹង?
មានរឿងអីកើតឡើង?
ភុំមិនអស់ចិត្ដគិតថាខ្លួនឯងច្រលំផ្លូវ
តែមិនអាចទេ ផ្លូវនេះហើយដែលគេចាំបាន ផ្លូវផ្ទះមួយខ្នងនោះគឺមានច្រកតូចមួយនៅក្បែរ
ហើយមានកន្លែងដុតសម្រាមក្បែរនោះ តែពេលនេះបាត់តែផ្ទះចឹង? កន្លែងច្រកចូលតូចនៅតែមាន
ឯកន្លែងដុតសម្រាមក៏នៅទីនេះដែរ ចម្លែកអីតែផ្ទះមួយខ្នងនោះ? ឬមួយផ្ទះចេះរត់?
ពេលនេះភុំចុះពីលើម៉ូតូសម្លឹងទៅដីវាលរាបស្មើរមួយ
ដែលពីមុនគឺមានផ្ទះមួយខ្នងដែលជាដើមហេតុធ្វើអោយមានរឿងច្របូកច្របល់កើតឡើង
តែពេលនេះសល់ត្រឹមដីវាលមួយកន្លែងទៅវិញ? អ្នកភូមិជិតៗនេះក៏មិនដឹងទៅណាទៀត
ពេលដែលសួរនាំ ម្នាក់ៗធ្វើមុខភ័យស្លេរស្លើ ខ្លះដល់ថ្នាក់រត់ចេញពីគេ
ពេលដែលគេសួរអំពីផ្ទះនេះ។
ភុំចម្លែកចិត្ដហើយក៏ដឹងច្បាស់ពីសម្ដីរបស់ព្រះគ្រូពេលនេះ
មានតែរងចាំថ្ងៃពេញបរមីមកដល់ទេទើបអាចដោះស្រាយបាន។
“ហេតុអី??????” ភុំស្រែកអស់សម្លេងសួររកចម្លើយនៅក្នុងចិត្ដ
តែគ្មានអ្នកណាឆ្លើយនោះទេ សូម្បីតែខ្លួនគេក៏ដោយ គេមានអារម្មណ៍ថាឈឺចាប់
ឈឺចាប់ដែលធ្វើអោយជីវិតមនុស្ស៧នាក់ស្លាប់ដោយសារគេ
ពេលនេះសូម្បីតែសាកសពរបស់ពួកគេក៏ភុំមិនបានឃើញ ពេលនេះសូម្បីតែស្រមោលអ្នកដែលនៅសេសសល់ក៏មិនឃើញដែរ
តើហេតុអីទៅ?
ភុំបន្ទោសខ្លួនឯងជាខ្លាំង បើកុំតែគេ
ម្ល៉ោះហើយពួកវាមិនអាចជួបរឿងចឹងទេ បើកុំតែគេប្រមាថមើលងាយកន្លែងអស់នោះ
ក៏គ្មានរឿងបែបនេះកើតឡើងបានដែរ តែណ្ហើយ... លើលោកនេះគ្មានពាក្យបើសិនទេ
គ្រប់យ៉ាងបានសរសេរក្នុងទំព័រជីវិតបាត់ទៅហើយ គ្មានឧកាសបកក្រោយទេ តែ...
អាចមានឧកាសកែប្រែបាន។
ភុំចាប់ផ្ដើមយល់នូវរឿងទាំងឡាយ ហើយក៏សម្រេចចិត្ដត្រលប់ទៅជួបព្រះគ្រូវិញ
ពេលនេះមានតែព្រះគ្រូម្នាក់ប៉ុណ្ណោះដែលអាចជួយគេបាន។ គិតបែបនេះហើយភុំក៏ទាញម៉ូតូចាកចេញទៅរកព្រះគ្រូ។
នៅឯខាងមនុស្ស៥នាក់ឯណោះវិញ/
“អាដេន អាធី អាម៉ាប់ អាម៉ក់! ក្រោកឡើង”
វិនដាស់គ្នាគេដែលនៅសល់អោយក្រោកឡើង មើលទៅពេលនេះគួរជាពេលព្រឹកហើយ។ ពួកវា៤នាក់ស្ទុះក្រោកពេលដែលឮសម្លេងរបស់វិនដាស់
ហើយងើបអង្គុយត្រង់ខ្លួនដោយទឹកមុខអត់ងងុយជាខ្លាំង។
“យើងគិតថាអាចចាកចេញពីទីនេះបានហើយ”
វិននិយាយដោយការជឿជាក់បន្ដិចបន្ដួចក្នុងចិត្ដ
“ត្រូវហើយពេលនេះគួរណាជាពេលព្រឹកហើយ
ឆាប់ក្រោកឡើងយើងប្រញាប់ចាកចេញទៅ” ដេនស្ទុះក្រោកឈរហើយស្រវេស្រវ៉ារបស់ខ្លះនឹងដៃ
ទុកសម្រាប់ការពារខ្លួន។
ពួកគេទាំង៥នាក់ នាំគ្នារករបស់ការពាររៀងខ្លួនដើម្បីការពារសុវត្ថិភាពពេលដែលមានបញ្ហា
ពួកគេដើរទៅដល់ទ្វារផ្ទះហើយលើកដៃបើកទ្វារនោះតិចៗ
ដើម្បីប្រាកដចិត្ដថានៅខាងក្រៅពិតជាអស់បញ្ហាហើយអាចចាកចេញទៅបាន
ក្រាក/
ទ្វារត្រូវបានបើកដោយវិនជាអ្នកទាញ
ពេលនេះនៅខាងក្រៅគឺពិតជាដូចអ្វីដែលប៉ងទុកមែន
មេឃស្រលះល្អដូចជាថ្ងៃថ្មីជីវិតថ្មីសម្រាប់ពួកគេ វិននិងគ្នា៤នាក់ទៀតមើលមុខគ្នាយ៉ាងសប្បាយរីករាយ
ពេលនេះទាំងបេះដូងទាំងប្រមាត់រីកស្គុះស្គាយអស់ហើយ។
“ហាហាល្អណាស់ យើងរួចផុតហើយ”
ធីលោតចុះឡើងព្រោះតែសប្បាយចិត្ដពេក
“តោះយើង! ឆាប់ទៅ”
វិននិយាយហើយក៏ដើរទៅរកម៉ូតូរបស់គេដែលចតចោលអស់ជាច្រើនម៉ោងនៅខាងមុខផ្ទះដ៏សែនគ្រោះថ្នាក់មួយនេះ។
វិនយកសោរម៉ូតូចាក់ដើម្បីបញ្ឆេះ តែម៉ូតូរបស់គេពេលនេះប្រហែលជាប្រើការមិនកើតនោះទេ
ត្រូវទឹកភ្លៀងជោគជាំយូរម៉ោងបែបនេះ ពេលនេះប្រាកដជាមានបញ្ហាហើយ។ មិនត្រឹមតែម៉ូតូរបស់វិនទេ
ម៉ូតូរបស់គ្នាគេទាំង៤នាក់ទៀតក៏ប្រើការមិនបានដែរ។
“ម៉ូតូគ្នាដេរមិនឆេះទេវ៉ើយ”
វិននិយាយដោយអារម្មណ៍មួរម៉ៅ
“គ្នាក៏ចឹងដែរ” ដេនតប
“យើងក៏ចឹងដែរ”
“ពេលនេះធ្វើយ៉ាងមិច?” ធីសួរ
“គ្មានមធ្យោបាយទេ មានតែប្រើជើងដើរហើយ”
វិនញាក់ស្មាបន្ដិចហើយក៏ដើរចាកចេញពីម៉ូតូសំដៅទៅទ្វាររបង ហើយពួកគេទាំង៤នាក់ក៏ដើរតាមវិន
ពេលនេះគ្មានជំរើសទេ ម៉ូតូមិនឆេះមានតែផ្លូវដើរមួយគត់ រួចខ្លួនចេញពីផ្ទះនេះវាសំណាងណាស់ទៅហើយ
បើគ្រាន់តែដើរចាកចេញពីទីនេះធ្វើមិនបាននោះ ចឹងចូលទៅដេកស្លាប់ក្នុងផ្ទះនោះវិញទៅ។
ពួកគេទាំង៥នាក់ដើរចាកចេញពីផ្ទះនោះដោយសភាពអស់កម្លាំង
ម្នាក់ៗដើរសឹងតែអូសជើងមិនរួច។
“អាវិន អញឃ្លានហើយអស់កម្លាំងណាស់វ៉ើយ!
សម្រាកបន្ដិចសិនទៅ” អាម៉ាប់ធ្វើមុខពិបាកទ្រាំខ្លាំង នេះដើរយូរណាស់ហើយមិនទាន់ឃើញឡានម៉ូតូមួយឆ្លងកាត់ទៀត
ណាមួយគេមិនបានញ៉ាំអីតាំងពីម្សិលមិញ ហើយត្រូវមកដើរឆ្ងាយបែបនេះទៀត មានកម្លាំងមកពីណា។
“ឃ្លានអីតែឯង អញក៏ឃ្លាន ពួកវា៣នាក់ទៀតក៏ឃ្លានដែរ
ឯងទ្រាំបន្ដិចទៅតិចទៀតប្រាកដជាមានគេជិះកាត់ ប្រាកដជាទៅដល់ផ្លូវជាតិវិញហើយ”
វិនខំនិយាយលួងលោមដល់អាម៉ាប់ គេដឹងថាវាស៊ីច្រើន ពេលនេះវាមិនអាចទ្រាំដូចគេឯងបានទេ
វាប្រាកដជាឃ្លានណាស់ហើយ តែធ្វើមិចបើដើរជិតមួយថ្ងៃហើយមិនទាន់ឃើញអ្វីជាដុំកំភួនបែបនេះ។
អាម៉ាប់យល់ពីអ្វីដែលវិនចង់និយាយ ហើយគេក៏ប្រឹងដើរបន្ដ
ទោះជាវារអ៊ូដល់ស្លាប់ទៀតក៏គ្មានប្រយោជន៍ដែរ មានតែទ្រាំដើរបន្ដប៉ុណ្ណោះ។
មេឃចាប់ផ្ដើមក្ដៅហួតហែងជាខ្លាំងធ្វើអោយពួកគេទាំង៥នាក់ពិបាកក្នុងការដើរទៅមុខបន្ដ
ញើសបាចសាចពេញខ្លួន រីឯក្បាលសឹងតែហុយផ្សែងទៅហើយ។
“ក្ដៅក៏ក្ដៅ ហត់ក៏ហត់ ចេញក៏ជិតងាប់ មិនចេញក៏ជិតងាប់
ហ៊ើយ!!! ទេវតាចង់លេងសើចជាមួយយើងមែនទេ??” អាធីស្រែកឡើងកណ្ដាលផ្លូវដែលពេលនេះមានតែពួកគេ៥នាក់កំពុងតែដើរវ៉ើកៗដូច
Zombie ដែលដើរលើកជើងសឹងមិនរួច ជិតដួលម្ដងៗទៅហើយ
៤នាក់ទៀតបានត្រឹមតែដកដង្ហើមធំ មើលទៅពួកគេទាំង៥រងចាំតែសេចក្ដីស្លាប់មកដល់ប៉ុណ្ណោះ។
ពួកគេធ្វើដំណើរជិតពាក់កណ្ដាលថ្ងៃហើយ
ពេលនេះកម្លាំងក៏កាន់តែទ្រុតទៅៗដែរ តែទេវតាមិនទុកអោយពួកគេស្លាប់កណ្ដាលផ្លូវទេ ទើបបានជាធ្វើអោយពួកគេប្រទះដើមពុទ្រាធំមួយដើមក្បែរផ្លូវ។
“ពួកឯងឃើញដើមពុទ្រាធំមួយនោះទេ? វាទំនងជាមានផ្លែ
យើងឆាប់ទៅសម្រាកទីនោះសិនទៅ ហើយចាំបន្ដទៅមុខទៀត” វិនដែលដើរនាំមុខគេ ហើយក៏បានប្រទះនឹងដើមពុទ្រាមួយដើម
គេចង្អុលទៅដើមពុទ្រានោះដើម្បីអោយគ្នា៤នាក់ទៀតបានឃើញ។
គ្រាន់តែឃើញភ្លាម
កម្លាំងមិនដឹងមានមកពីណា ពួកគេទាំង៥នាក់រត់ទៅវឹងដើម្បីសម្រាកនៅត្រង់នោះ
ហើយបេះផ្លែពុទ្រានោះស៊ីដើម្បីដោះទាល់ក្រពះរបស់គេដែលខានមានអីចូលពោះយូរមកហើយ។
ពួកគេដើរទៅដល់ភ្លាមក៏ដាក់ខ្លួនដេកក្រោមម្លប់ដើមពុទ្រានោះ
ហើយអាធីនិងអាម៉ាក់ក៏ឡើងទៅបេះផ្លែពុទ្រានោះហូបនិងបេះអោយគ្នាឯទៀតខ្លះ។ វិនបិទភ្នែកសម្រាកយ៉ាងអស់កម្លាំងពេលនេះអស់ពីខ្លួនហើយ
គេរវ៉ើយខ្លាំងណាស់។
បន្ទាប់ពីបានសម្រាកនិងហូកបានខ្លះៗហើយ
ពួកគេក៏ធ្វើដំណើរទៅមុខទៀត ពេលនេះក៏ជាពេលរសៀលទៅហើយ មេឃក៏ចាប់ផ្ដើមងងឹតតិចៗបណ្ដើរៗហើយ។
ពួកគេប្រាំនាក់កំពុងតែត្រូវការជំនួយ គេរំពឹងថានឹងមានឡានម៉ូតូជិះកាត់ឬមាននរណាម្នាក់ដែលរស់នៅក្បែរៗនេះ
តែគ្មាននោះទេ តាមផ្លូវគឺទទេស្អាត មានតែស្មៅបក់រវិចៗតាមខ្យល់ប៉ុណ្ណោះ។ វិនងើយសម្លឹងមើលមេឃ
ហើយក៏សម្លឹងមកផ្លូវវិញអ្វីដែលគេបានឃើញពេលនេះគឺរបងផ្ទះ បើគិតទៅគួរអោយរំភើបណាស់មែនទេ?
តែអត់ទេ របងនោះគឺជារបងផ្ទះដែលគេមិនចង់ឃើញ គឺជារបងផ្ទះមរណៈដែលគេប៉ងចាកចេញ
តែហេតុអីក៏មកជួបទៀត? ហេតុអីក៏លែងសើចនិងជីវិតពួកគេខ្លាំងម្ល៉េះ?
“នេះ.... នេះគឺជាផ្ទះដែលយើងចេញមុននេះទេតើ!
មិច ក៏ដើរមួយថ្ងៃទៅហើយមកដល់នឹងទៀត???” ម៉ក់និយាយហើយសម្លឹងទៅផ្ទះធំជង្គ្រឹងដែលបង្ហាញនៅចំពោះមុខគេ
រាងកាយគេព្រមទាំងគ្នាឯទៀតឈរស្ងៀមទ្រឹង មើលហេតុការណ៍កើតឡើងចំពោះមុខ នេះចង់អោយពួកគេស្លាប់នៅទីនេះអញ្ចឹងឬ?
ហេតុអី? ហេតុអីទៅ??
ពេលនេះខួរក្បាលម្នាក់ៗមានតែសញ្ញារសួរ?
ដើរមួយថ្ងៃហើយចុងក្រោយនៅតែជាផ្ទះនេះដដែល តើផ្លូវគឺអស់ត្រឹមនេះហើយមែនទេ?
“យើងអស់សង្ឃឹមហើយ...”
ដេនដែលស្ងាត់អស់ជាយូរក៏និយាយឡើងដោយសម្លេងក្អួរៗ នេះពិតជាអស់សង្ឃឹមពិតមែន ទាល់ច្រកពិតមែនហើយ
គ្មានផ្លូវរស់សម្រាប់ជីវិតដ៏តូចទាបមួយនេះទេ។
“គេមិនអោយយើងចាកចេញស្រួលៗនោះទេ
អ្វីដែលគេត្រូវការគឺជីវិតរបស់យើង” វិននិយាយដោយភ្នែកសម្លឹងមើលទៅផ្ទះនោះជាប់
ពេលនេះគេដឹងច្បាស់ក្នុងចិត្ដហើយ គ្រប់យ៉ាងគឺវាសនាអ្នកកំណត់
កំណត់អោយគេត្រូវស្លាប់នៅទីនេះដោយមិនអាចប្រកែកបាន។
“ទេ!! យើងមិនអាចស្លាប់បានទេ
មិនអាចចាញ់វាទេ! មិនអាចទេ!!!!” ដេនស្រែកខ្លាំងៗហើយយកដៃជ្រោងសក់ខ្ញាំខ្លាំងៗ គេទាត់ទ្វាររបងមួយជើងពេញទំហឹងដោយមិនខ្វល់ថាជើងរបស់គេឈឺនោះទេ
គេមិនអាចដេកចាំស្លាប់ទេត្រូវតែធ្វើអ្វីម្យ៉ាង មិនអាចអោយវាសនាដ៏តូចមួយនេះបញ្ចប់ដោយបែបនឹងទេ។

Comments
Post a Comment