រឿង វិញ្ញាណចងអាឃាត Ep-7
រឿង: វិញ្ញាណចងអាឃាត
កន្លងទៅជាច្រើនម៉ោងការរងចាំក៏ខិតៗនឹងចូលមកដល់
មិនថាភុំ ព្រះគ្រូ រួមទាំង៤នាក់ឯទៀត សុទ្ធតែកំពុងតែរងចាំឧកាសមួយមកដល់ មិនត្រឹមតែប៉ុណ្នឹងទេ
នៅមានម្នាក់ទៀតដែលយើងមើលមិនឃើញក៏កំពុងតែរងចាំឧកាសមកដល់ដូចគ្នា ម្នាក់នោះគឺនាងណាវិន
ដែលជាខ្មោចចាំសងសឹងនូវគំនុំចាស់ ដែលបានរងចាំអស់ជាច្រើនឆ្នាំ។
ពេលនេះនាងកំពុងតែរងចាំឧកាសមួយមកដល់ដូចគ្នា។
រងចាំឧកាសមួយដែលត្រូវតែសងសឹងអោយសមចិត្ដរបស់នាង។
វិនព្រមទាំងគ្នា៣នាក់ទៀតបានអង្គុយបែបនេះយូរណាស់ហើយ
បើទោះជាគេអាចទ្រាំបានក៏មិនប្រាកដថា ៣នាក់ទៀតទ្រាំបានដែរ។ ធីរំកិលខ្លួនបន្ដិចដើម្បីពត់ពែងខ្លួនរបស់គេដែលចុករោយ
វិនក៏និយាយហាមភ្លាម៖
“កុំអោយចេញពីរង្វង់អោយសោះអាធី!”
វិននិយាយដោយភ្នែកកំពុងតែបិទ តែគេអាចដឹងបានថាអ្នកណាជាអ្នកកម្រើក
ព្រោះតែអាធីអង្គុយក្បែរគេនេះឯង។
ធីមើលមុខវិនបន្ដិច
ហើយក៏ពត់ពែងខ្លួនតិចៗដោយខ្លាចចេញពីរង្វង់ដែលវិនបានខណ្ឌ។ វិនហាមបែបនេះព្រោះតែខ្លាចធីធ្វើអីផ្ដេសផ្ដាសនឹងមានអារម្មណ៍ភ័យខ្លាច
តែតាមពិតទៅមិនមែនអាធីទេ គឺជាដេនឯណេះវិញ គេអង្គុយដោយអារម្មណ៍ក្នុងខ្លួនមិននឹងនរ
គេប្រឹងបិទភ្នែកដោយពិបាក ញើសកកចេញពីផ្ទៃមុនរបស់គេ
ដេនមានអារម្មណ៍ថាបើគេហ៊ានតែបើកភ្នែកនោះប្រាកដជាមានកម្លាំងអ្វីម្យ៉ាងអូសគេទៅ មិនទាន់និយាយផុតពីមាត់ផង
គេក៏មិនអាចទ្រាំទ្រនឹងអារម្មណ៍ខ្លួនឯងបានតទៅទៀត គេសន្សឹមបើកភ្នែក
ភ្លាមនោះកម្លាំងអ្វីម្យ៉ាងបានអូសយកគេទៅដោយគេមិនអាចត្រៀមខ្លួនទាន់។
“អាក៎...”
ដេនត្រូវបានអ្វីម្យ៉ាងរឹតកហើយអូសទៅក្រោយ
២នាក់ទៀតស្ទុះស្ទារកងើបទៅពេលដែលសុខៗដេនក៏ស្រាប់តែត្រូវបានអ្វីម្យ៉ាងអូសទៅបាត់
ធីនិងម៉ក់ស្លាន់ស្លោរជាខ្លាំង បម្រុងនឹងងើបទៅជួយដេន
តែត្រូវវិនចាប់ដៃជាប់មិនអោយពួកគេទៅ
“ពួកឯងកុំទៅ!” វិនបញ្ជាក់ប្រាប់
ហើយ២នាក់នោះក៏មើលមុខគេ
“ឯងមិនឃើញអាដេនត្រូវខ្មោចអូសទៅទេឬ??”
ពួកគេទាំងពីរនិយាយដំណាលគ្នា
“ដូចដែលយើងបានប្រាប់ធ្វើចិត្ដពួកឯងអោយស្ងប់
អ្វីៗនឹងមិនអីទេ” វិននិយាយទាំងដែលភ្នែកមិនបានបើកនោះទេ
“ចុះអាដេន?” ម៉ក់សួរ
“...”
វិនមិនតបនៅតែអង្គុយបិទភ្នែកធ្មឹងទៀត
ម៉ក់ប្រុងនឹងឈានជើងចាកចេញទៅរកដេនតែត្រូវវិននិយាយកាត់
“បើឯងហ៊ានតែដើរចេញទៅ
អ្នកដែលត្រូវស្លាប់មិនមែនអាដេនទេ គឺជាឯង!”
ម៉ក់ស្ទាក់ស្ទើរក្នុងចិត្ដមិនដឹងគួរធ្វើបែបមិច
ចិត្ដមួយចង់ជួយដល់ដេន ឯចិត្ដមួយទៀតមិនទាន់ចង់ស្លាប់
គេគ្មានជម្រើសក៏ជ្រើសធ្វើតាមអ្វីដែលវិនបានប្រាប់
គឺអង្គុយចុះសង្ងំបិទភ្នែកតាំងអារម្មណ៍ ឯធីក៏ដូចគ្នានឹងម៉ក់ដែរ គេក៏គ្មានជម្រើស
បើទៅជួយដេននឹងស្លាប់ខ្លួនឯងយល់ល្អធ្វើតាមអាវិនសិន ព្រោះមើលទៅគេដូចគេមានមធ្យោបាយដោះស្រាយ
ព្រោះវិនស្រលាញ់អាដេនជាងគេ វាមិចនឹងអាចអង្គុយស្ងៀមមើលអាដេនស្លាប់បានទៅ?
“តាមពិតអាដេនមិនបានត្រូវអូសទៅណាទេ
វាកំពុងតែអង្គុយតល់មុខយើង ហើយនៅក្បែរពួកឯងនេះ តែឯងមើលវាមិនឃើញទេ
រូបភាពអម្រែងមិញគ្រាន់ជាការភាន់ភ្នែកប៉ុណ្ណោះ ខ្មោចនោះប្រើប្រាស់វិធីនេះបញ្ឆោតយើង
បើពួកឯងហ៊ានតែងើបទៅនោះ អ្នកដែលត្រូវទៅគឺពួកឯង”
បន្ទប់ពីនាំគ្នាអង្គុយស្ងាត់មាត់ហើយវិនក៏និយាយឡើង
ធ្វើអោយពួកគេភ្ញាក់បន្ដិចនឹងអ្វីដែលវិននិយាយ
ហើយបើកភ្នែកតិចៗសម្លឹងមើលទៅកន្លែងដែលអាដេនបានអង្គុយមុននេះ
តែអ្វីដែល២នាក់អាធីនិងម៉ក់បានឃើញគឺទទេស្អាត មិនមានអាដេនអង្គុយត្រង់នោះ នោះទេ។
ការធ្វើបែបនេះរបស់ពួកគេទាំង៤នាក់
មិនបានដឹងទេថាកំពុងតែធ្វើអោយកែវភ្នែកដែលសម្លឹងមកមួយគូនោះខឹងក្រោធជាខ្លាំង
ហើយកែវភ្នែកនោះប្រែជាក្រហមទៅៗ នឹងបញ្ចេញពន្លឺឆ្វាចពេញផ្ទៃងងឹត។
“ពួកឯងចង់លេងជាមួយយើងហេ???”
ខ្មោចនោះគ្រហឹមក្នុងចិត្ដយ៉ាងព្រឺព្រួច
ហើយសម្លឹងពីផ្ទៃម្ខាងមកពួកគេទាំង៤នាក់យ៉ាងចងអាឃាត
ដូចជាចង់ហែកសាច់ពួកគេទាំង៤នាក់ជាជំរាកៗ
ផ្ទះដែលមានសភាពបិទជិតស្រាប់តែមានខ្យល់មកពីណាមិនដឹងធ្វើអោយភ្លើងមួយដុំដែលវិនខំថែកំពុងតែរកកល់នឹងរលត់
វិនភ្ញាក់ព្រើតដោយសារចំហាយខ្យល់ត្រជាក់ហើយគេក៏ឧទានឡើង៖
“មិនអាចអោយភ្លើងរលត់ទេ”
គេនិយាយហើយក៏មិនភ្លេចបន្ថែមនូវកម្ទិចកម្ទីបន្ថែមដើម្បីធ្វើអោយភ្លើងដែលឆេះមួយដុំនោះមិនអោយរលត់
ព្រោះបើវារលត់គេមិនប្រាកដនោះទេថា អាចនឹងមានអ្វីកើតឡើង។
ខ្យល់ដែលបានបញ្ចេញនោះ
មិនអាចធ្វើអោយភ្លើងនោះរលត់ទេ
ធ្វើអោយកំហឹងក្នុងចិត្ដរបស់អ្នកដែលកំពុងចង់អាឃាតពុះកញ្ជ្រោលឡើង
សភាពពេលនេះមិនទាន់អាចធ្វើអ្វីបានទេ មិនទាន់ដល់ពេលដែលនាងអាចបញ្ចេញកម្លាំងបាន
ព្រោះពេលនេះកំពុងតែចុះខ្សោយនឹងត្រូវបានពួកវាទាំង៤នាក់បំពាន
ណាមួយមិនទាន់ដល់ពេលដែលត្រូវបញ្ចេញទើបមិនទាន់ធ្វើអ្វីណាស់ណាដល់ពួកគេ។
ខ្យល់នៅតែមាននៅក្នុងផ្ទះមួយនេះ
ពេលនេះមិនត្រឹមតែមានខ្យល់នោះទេ អាក់ផ្សែងខ្មួលខ្មាញ់ក៏កំពុងតែសំរុកចូលមកដូចគ្នា
ហាក់ដូចជាដណ្ដើមគ្នាវាលទីទីកន្លែងនេះយ៉ាងចឹង។
“ហាហា....ហាហា!!! ពួកឯងកុំចង់លេងអោយសោះ
យើងមិនអោយរំលងមួយថ្ងៃនេះទេ យើងនឹងយកពួកឯងមកធ្វើជាបរិវាររបស់យើង!!”
សម្លេងស្រែកនិងសំណើចយ៉ាងគ្រលួចបានបន្លឺឡើងរហូតដល់ខ្ទរសភាពផ្ទះទាំងមូល
មិនថាវិនឬក៏៣នាក់ទៀតនោះទេ ពេលនេះកំពុងតែព្រឺព្រួចដល់ឆ្អឹងខ្នង
រកធ្វើអ្វីក៏មិនត្រូវ តែយ៉ាងណាក៏ដោយ
ទោះជាកំពុងមានរឿងអីក៏ដោយវិនកំពុងតែប្រាប់ដល់ខ្លួនឯងថា
ត្រូវតែរក្សាលំនឹងចិត្ដអោយបាន មិនអោយថ្លោះថ្លោយទេ។
(នៅឯខាងនាយភុំ)
ភុំកំពុងតែត្រូវបានក្រាបសំពះដល់បាតជើងរបស់ម្ដាយ
ហើយកំពុងតែក្រាបក្បាលសុំពរជ័យពីម្ដាយ
ដែលបន្ដិចទៀតនេះគេនឹងត្រូវទៅបំពេញតួនាទីម្យាងចុងក្រោយក្នុងជីវិតរបស់គេ
ភុំមិនប្រាកដថាអាចត្រលប់មកជួបម្ដាយខ្លួនវិញឬយ៉ាងណានោះទេ
ពេលនេះមានតែមើលលើវាសនាតែមួយគត់ ថាអាចត្រលប់មកវិញឬមួយយ៉ាងណា?
លោកជាច្រើនអង្គកំពុងតែត្រៀមខ្លួនក្នុងការរំដោះគ្រោះមួយក្នុងពេលបន្ដិចទៀតនេះ
ក្រុមវង់ភ្លេង៤ក្រុមកំពុងតែត្រៀមត្រាប់នូវឧបករណ៍ដែលព្រះគ្រូបានប្រាប់
ធូបទៀនជាច្រើនព្រមទាំងអំបោះមួយដុំធំត្រូវបានរៀបចំរួចរាល់ដើម្បីយកទៅធ្វើអ្វីម្យ៉ាង។
ព្រះគ្រូពេលនេះកំពុងតែនៅក្នុងវិហារធ្វើអ្វីមួយ គាត់បានអោយគេរៀបចំនូវរបស់របរមួយចំនួនដែលចាំបាច់ហើយទុកដាក់សម្រាប់គាត់អោយហើយមុនពេលដែលគាត់ចុះពីវិហារមក។
ព្រះគ្រូអើតមើលទៅផ្ទៃមេឃខ្មៅងងឹតដែលពេលនេះកំពុងតែបាត់ភ័ត្រារបស់ដួងច័ន្ទដែលត្រូវបានពពកខ្មៅខ្មួលខ្មាញ់រួមរិតជិតឈឹង
មិនសូម្បីតែឃើញពន្លឺនៃចន្រ្ទា។ ព្រះគ្រូប្ដូរទឹកមុខបន្ដិចហើយបែរមករកព្រះពុទ្ធរូបទល់មុខនឹងអាសណៈរបស់គាត់ហើយសូត្រនូវអ្វីម្យ៉ាងញាប់ឆ្មេរដែលយើងស្ដាប់មិនយល់។
បន្ទាប់ពីព្រះគ្រូបានសូត្រមួយសន្ទុះរួចមក
ពពកខ្មៅខ្មួលខ្មាញ់នោះក៏សន្សឹមៗពន្លាខ្លួនពីការរួមរិតចន្រ្ទាវិញម្ដងបន្ដិចៗ
ពន្លឺសៗពីដួងច័នកំពុងបញ្ចេញរស្មីឡើងវិញ ព្រះគ្រូក៏សន្សឹមៗបើកភ្នែកសម្លឹងមើលទៅលើមេឃសារជាថ្មី
ម្ដងនេះបានសមចិត្ដគាត់បន្ដិច។
ព្រះគ្រូមន្ដចុះពីលើវិហារវិញដោយអការៈប្រញាប់ៗ
ហើយមើលនូវអ្វីដែលគាត់បញ្ជាអោយគេរៀបចំនោះ ឃើញថារួចរាល់អស់ហើយគាត់ក៏បញ្ជាឡើង
“ឆាប់យកស្បងពណ៌លឿងចាស់មកអោយយើង
ហើយអោយអាភុំមកជួបយើងបន្ដិច” ព្រះគ្រូបញ្ជាដោយសម្លេងកាចៗ ហើយសង្ឃដែលនៅក្រោមគាត់
ក៏ប្រញាប់យកស្បងលឿងចាស់នោះមកអោយព្រះគ្រូយ៉ាងប្រញាប់ប្រញាលនិងមិនភ្លេចកោះហៅនាយភុំអោយមកជួបគាត់នោះទេ
ទាំងស្បងទាំងនាយភុំដែលព្រះគ្រូបានហៅក៏មកដល់
ព្រះគ្រូចាត់ចែងប្ដូរស្បងរបស់គាត់ចេញ និងបញ្ជាអោយភុំដងទឹកមួយធុងយកមកអោយគាត់។ ភុំប្រញាប់ធ្វើតាមបញ្ជាដែលព្រះគ្រូប្រាប់
ព្រះគ្រូសម្លឹងទៅផ្ទៃមេឃម្ដងទៀតមុននឹងនិយាយឡើង
“យើងពឹងលើវាសនាឯងហើយអាភុំ”
គាត់និយាយម្នាក់ឯងដោយភ្នែកសម្លឹងទៅមេឃមិនព្រិច
មិនប៉ុន្មាននាទីភុំក៏មកវិញដោយមានទឹកមួយធុងយកមកតាមបញ្ជារបស់ព្រះគ្រូ។
ព្រះគ្រូចាប់ផ្កាម្លិះមួយជិបដាក់ចូលក្នុងធុងទឹក
អោយអុជទៀនព្រមទាំងសូត្រធម៌ជាមួយនឹងទឹកមុខនឹងធឹងនិងញាប់មាត់ស្អេក
ព្រះគ្រូយកទៀនកូរទឹកហើយក៏ភ្ជាប់ទៀននឹងមាត់ធុងរួចដងចាក់អោយនាយភុំ។
ភុំរងារញាក់ញ័រដោយទឹកមន្ដរបស់ព្រះគ្រូ
គាត់ស្រោចមួយផ្ដិលសូត្រមួយដង្ហើម ភុំលើកដៃប្រណមរំលឹកដល់គុណម្ដាយ លើលោកនេះគ្មានអ្វីដែលធំជាងគុណម្ដាយនោះទេ
មិនថាមានរឿងអ្វីកើតឡើងក៏ដោយ ត្រូវរំលឹកដល់គុណម្ដាយឪពុកជានិច្ច
ទើបមានសេចក្ដីសុខគ្រប់ទីកន្លែងទាំងអស់។
មេឃចាប់ផ្ដើមធ្លាក់ខ្យល់ទៅៗ
ធ្វើអោយអាប់ផ្សែងរសាត់អណ្ដែតមកពាសពេញទី បង្កអោយបរិយាកាសទាំងមូលគួរអោយព្រឺព្រួយទៅ។
បន្ទាប់ពីព្រះគ្រូស្រោចទឹកដល់នាយភុំចប់រួចរាល់ ក៏បំពាក់ស្បងសដល់នាយ
ហើយកាត់សក់របស់នាយភុំមួយដុំដង្វាយនៅទីនេះ។
អ្វីដែលកំពុងតែរៀបចំឡើងគឺជាការបំបួសនាគ
ដែលត្រូវធ្វើឡើងនៅកន្លែងដ៏ព្រឺព្រួចមួយក្នុងពេលបន្ដិចទៀតនេះ។
“រួចរាល់ហើយ ឆាប់ចេញដំណើរទៅ”
ព្រះគ្រូបញ្ជាឡើង អោយគ្រប់គ្នាកំពុងតែត្រៀមធ្វើដំណើរទៅភ្លាមតាមបញ្ជារបស់គាត់។
តាមផ្លូវធ្វើដំណើរទៅព្រះគ្រូបានរៀបចំអោយអ្នកភូមិនៅទីនេះទាំងអស់ដុតទៀនតាមផ្លូវតាមផ្ទះ
និងទូងស្គរអមដំណើរផ្លូវរបស់នាយភុំ។
នាតាមផ្លូវប្រៀបដូចជាពិធីបំបួសនាគដ៏អស្ចារ្យមួយ
រហូតធ្វើអោយនាយភុំព្រឺឆ្អឹងខ្នងឡើង។ ពេលនេះក្នុងចិត្ដរបស់គេមិនគិតអ្វីក្រៅពីសម្លាញ់ស្លាប់រស់របស់វានោះទេ
ពេលនេះមិនដឹងទៅជាយ៉ាងណាទៅហើយទេ គេកំពុងតែអន្ទះសារចង់ដឹងខ្លាំងណាស់។
ភុំកំពុងតែរៀបខ្លួនប្រឈមមុខនឹងរឿងរ៉ាវបន្ដិចទៀតនេះ ទាំងចិត្ដអន្ទះសារនិងភ័យព្រួយ
អ្វីដែលធ្វើអោយគេបារម្ភជាងគេនោះគឺម្ដាយរបស់គេដែលមិនអាចអោយមកជាមួយបានទេ គេពិតជាបារម្ភពីម្ដាយរបស់គេខ្លាំងណាស់
មិនដឹងថាគេអាចត្រលប់មករកម្ដាយវិញបានឬមួយយ៉ាងណាទេ បើសិនជាអោយជ្រើសនោះ
គេមិនចង់ទៅប្រឈមមុខបែបនេះទេ គេសុខចិត្ដទ្រាំរស់នៅបែបនេះ
មិនចង់ចាកចេញពីម្ដាយដ៏កម្សត់របស់គេនេាះទេ
មកដល់ពេលនេះទើបគេដឹងថាកន្លងមកជាធ្វើអោយម្ដាយខ្លួនពិបាកច្រើនណាស់ មិនបានមើលថែគាត់អោយដិតដល់
មិនបានកំដរគាត់អោយសប្បាយចិត្ដ មិនបានចិញ្ចឹមគាត់អោយបានរស់ស្រួល
ហើយខណៈពេលនេះកំពុងតែធ្វើដំណើរចាកចេញពីគាត់ទៀត គេសម្លឹងទៅម្ដាយដោយកែវភ្នែកពេញប្រៀបទៅដោយតំណក់ទឹកថ្លាៗកំពុងតែកល់រកស្រក់ចុះមក។
ម្ដាយភុំកំពុងលើកដៃប្រណមដល់ក្បាលជាការបួងសួងដល់ទេវតានិងវត្ថុសាកសិទ្ធក្នុងលោកទាំងអស់អោយជួយថែរក្សារកូនប្រុសតែមួយគត់របស់គាត់
អោយត្រលប់មកវិញដោយសុខសប្បាយនិងមិនមានអ្វីកើតឡើង។ គាត់យំរហាមតាំងពីព្រឹកមក
ពេលនេះបើកុំតែមានអ្នកជិតខាងមកជួយទប់គាត់ កុំអីគាត់ត្រូវដួលនឹងដីបាត់ទៅហើយព្រោះគ្មានកំលាំងឈរនោះទេ។
ភុំមើលសភាពម្ដាយដោយចិត្ដអាណិតក្រៃលែង
ទោះជាកូនអាក្រក់ប៉ុណ្ណាក៏ដោយ ក៏នៅតែជាកូនម្ដាយ ម្ដាយនៅតែចាំកូន
ម្ដាយចង់ឃើញកូនបានសុខនិងរស់នៅដោយសុខសប្បាយ ទោះកូនខុសមួយរយដង
មួយលានដងក៏ម្ដាយនៅតែអភ័យទោសអោយបាន តែចំពោះគេវិញមិនដូចម្ដាយទេ គេតាមយកទោសពៃពីកូន
គេមិនលើកលែងអោយកូនជាដាច់ខាត ក្រៅពីម្ដាយគ្មានអ្នកណាអាចធ្វើចិត្ដមេត្ដាសណ្ដោះប្រណីបែបនេះបានឡើយ។
គិតហើយភុំបន្ទោសខ្លួនឯងជាខ្លាំងដែលមិនព្រមស្ដាប់តាមម្ដាយទាំងពីដើមមក
ទើបតែមកស្ដាយក្រោយនៅពេលនេះ
“កូននឹងត្រលប់មកវិញដោយសុខសប្បាយ កូននឹងសងអ្វីគ្រប់យ៉ាងដែលធ្លាប់ខុសឆ្គងពីមុនអោយអស់”
ភុំស្បថក្នុងចិត្ដហើយបែរមកសម្លឹងផ្លូវដែលត្រូវចាកចេញវិញ ដោយចិត្ដមោះមុត
គេសន្យាហើយថានឹងត្រលប់មកវិញដោយសុខសប្បាយ និងអាចនាំគ្នីគ្នារបស់គេមកវិញអោយអស់។
(នាឯខាង៤នាក់ខាងណេះវិញ)
វិនព្យាយាមសូត្រអ្វីម្យ៉ាងដែលគេចេះ
និងតាមអារម្មណ៍របស់ខ្លួនដែលបានប្រាប់ និងយកកម្ទិចអ្វីម្យ៉ាងដូចជាដីបាចទៅលើរូបរាងសាកសពដែលគេផ្គុំនោះ
ពេលដែលបាចទៅភ្លាម វាក៏បញ្ចេញផ្កាភ្លើងចេញមក
ហើយវិនក៏បិទភ្នែកសូត្រអ្វីម្យ៉ាងនោះម្ដងហើយម្ដងទៀត
វឹប//
ស្រមោលអ្វីម្យ៉ាងហោះកាត់ពីមុខវិន
ហើយភ្លាមៗនោះក៏បានអូសទាញយករាងកាយអាម៉ក់ទៅ
“អាម៉ក់!” វិនបើកភ្នែកវិញ
ពេលដែលដឹងថាគេបានយកអាម៉ក់ទៅបាត់ វិនព្យាយាមតាំងស្មារតីឡើងវិញ
ហើយព្យាយាមប្រាប់ខ្លួនឯងអោយធ្វើចិត្ដអោយបានស្ងប់
វឹប//
ម្ដងនេះគឺអាធី ពេលនេះអាធីត្រូវបានគេយកទៅដែរហើយ
វិនចាប់ផ្ដើមបែកញើញជោគក្បាល ហើយស្រែកហៅអាធី
“អាធី!!” គេនៅតែធ្វើដូចមុនទៀតមិនងើបចេញឬក៏បង្ហាញកប្បកិរិយាអ្វីឡើយ
គេនៅតែព្យាយាមបិទភ្នែកវិញហើយ តាំងអារម្មណ៍សារជាថ្មី។
សម្លេងឆ្កែលូស្រាប់តែរំពងឡើងពេញទំហឹង
សឹងតែអាចអោយគេបែកក្រដាសត្រចៀកបាន វិនស្រាប់តែដឹងដល់អ្វីម្យ៉ាងដែលមាននៅខាងក្រៅ
គេសន្សឹមបើកភ្នែកនិងព្យាយាមស្ដាប់តាមសម្លេងល្ហើយៗពីខាងក្រៅ តែគេមិនអាចងើបចេញបានទេ។
“ហាហាហា!!!! ល្អណាស់
យើងរងចាំយូរណាស់ហើយ!!” មិនមែនជាសម្លេងឆ្កែលូទៀតទេ
នេះគឺជាសម្លេងសើចស្រួយស្រេសរបស់នាងណាវិនដែលកំពុងតែរងចាំពេលវេលានេះជាយូរណាស់មកហើយ
ឥឡូវនេះដល់ពេលហើយ ដល់ពេលដែលត្រូវសរុបម្ដងទាំងអស់!!
“យើងមកដល់ហើយ យើងមកជួយឯងហើយ”
Comments
Post a Comment