រឿង វិញ្ញាណចងអាឃាត Ep-5


 រឿង: វិញ្ញាណចងអាឃាត

_________________________

         អាចដើរចេញបានគិតថាជារឿងមួយដែលសំណាង គិតថាគេអាចដោះលែងអោយមានសេរីភាព តែអត់ទេ ពេលនេះមិនដឹងជាមានរឿងអ្វីកើតឡើងបន្ដទេបន្ទាប់ពីនេះ គេពិតជាមិនលើកលែងពិតមែន វាគ្រាន់តែជាការដោះលែងអោយដើរកំសាន្ដប៉ុណ្ណោះ។ ហ៊ឺស គិតទៅទេវតាលែងសើចខ្លាំងណាស់ លែងសើចជាមួយនឹងជីវិតដែលសេសសល់៥នាក់នេះណាស់។

          ទាំង៥នាក់ដើរត្រូវដើរចូលបរិវាណផ្ទះដោយបង្ខំចិត្ដជាលើកទី២ គ្រាន់តែលើកទីមួយវាគ្រប់គ្រាន់ណាស់ទៅហើយ ហេតុអីមានលើកទី២ទៀត?

          មេឃចាប់ផ្ដើមធ្លាក់ងងឹត អាប់ផ្សែងមកពីណាមិនដឹង បង្កអោយបរិវាណផ្ទះមួយខ្នងនេះកាន់តែគួរអោយខ្លាចឡើង ដោយគ្រប់ទីកន្លែងហុំព័ទ្ធទៅដោយអ័ក្សផ្សែងសក្បុស មើលអ្វីមិនឃើញនោះទេ ក្រៅពីភាពងងឹតនឹងផ្សែងសៗអណ្ដែតពាសពេញទី។

          ក្នុងសភាពដ៏ស្ងប់ស្ងាត់ដេនក៏និយាយឡើង៖

          “តើពួកយើង៥នាក់នឹងត្រូវដេកស្លាប់ទីនេះទាំងអស់គ្នាមែនទេ?” គេនិយាយដោយឈ្ងោកមុខចុះ ហើយដកដង្ហើមធំយ៉ាងតានតឹងបំផុត

          “មិនអាចទេ យើងប្រាដកជាមានដំណោះស្រាយ” វិននិយាយលើកទឹកចិត្ដដល់គ្រប់គ្នាពេលដែលម្នាក់ៗគិតតែពីអង្គុយឈ្ងោកមុខចុះ។

          “មធ្យោបាយអី? បើពេលនេះសូម្បីតែស្អីស៊ីក៏គ្មាន? តើមានមធ្យោបាយអី?” ធីស្រែកសួរដោយសម្លេងខ្លាំងៗកណ្ដាលទីងងឹង ទោះមើលមិនឃើញមុខគ្នាច្បាស់ក៏អាចបញ្ជាក់បានថាទឹកមុខរបស់គេពេលនេះបង្ហាញថាគេរងចាំតែថ្ងៃស្លាប់មកដល់តែមួយគត់។

          ឮបែបនេះហើយវិនក៏មិនដឹងនិយាយអីបន្ដមានតែដកដង្ហើមធំដូចគ្នា ខណៈពេលនេះមិនដឹងមានដំណោះស្រាយឬមធ្យោបាយណាមួយនោះទេ។

          យប់នេះពួកគេទាំង៥ត្រូវសម្រាកនៅទីនេះដោយពោះទទេទៀតហើយ សាកស្រមៃថាពួកយើងជាពួកគេទាំង៥នាក់នេះ តើមានអារម្មណ៍បែបណាដែរ? អាចទ្រាំបានដែរទេ? ទោះមិនបានក៏ត្រូវតែទ្រាំដែរ ព្រោះគ្មានជំរើសទេ!!

          ពេលនេះម្នាក់ៗកំពុងតែដេកដោយសភាពអស់កម្លាំង ព្រោះពេញមួយថ្ងៃហើយពួកគេមិនបានសម្រាកអោយស្រួលបួលទេ មិនចង់ដេកក៏ត្រូវតែដេក ព្រោះគ្មានកម្លាំងតទល់។ តែចម្លែកអីតែវិនម្នាក់ដែលដេកមិនលក់ទាល់តែសោះ គេមានអារម្មណ៍ថាមានកម្លាំងអ្វីម្យ៉ាងបញ្ជាអោយគេមិនអាចដេកបានទេ សម្លេងអ្វីម្យ៉ាងដែលកំពុងហៅគេដង្ហើយហៅគេល្វើយៗ វិនមិនអាចគ្រប់គ្រងខ្លួនឯងបានក៏ងើបត្រង់ខ្លួនដើរតាមប្រភពសម្លេងដែលបានដង្ហើយហៅដោយសភាពធេងធោង គេងើបដើរទៅមុខដោយកាយវិការគ្មានវិញ្ញាណ ខ្លួនប្រាណរបស់គេពេលនេះស្រាលដូចសំលី គេឈានជំហានមួយៗដូចជាការបញ្ជាមនុស្សយន្ដដើរសំដៅទៅកាំជណ្ដើរដោយសភាពសប់ស្ងាត់ក្នុងទីងងឹត។ ភ្នែករបស់វិនឡើងពណ៌ស មុខមាត់ចាប់ផ្ដើមស្លេកស្លាំ មើលទៅវិនពេលនេះមិនដឹងខ្លួនថាកំពុងធ្វើអីទេ គេដើរឡើងកាំជណ្ដើរមួយៗដោយជំហានយឺត កាំជណ្ដើរជាច្រើនកាំត្រូវវិនឆ្លងផុត រួចបត់ខ្លួនចូលក្នុងបន្ទប់មួយ ដែលចំហរទ្វារចោល ដូចជាទទួលស្វាគមន៍វិនដើរមកដល់យ៉ាងចឹង វិនដើរត្រង់ខ្លួនសំដៅចូលបន្ទប់នោះ ក្នុងសភាពបន្ទប់ទាំងមូលពពេញទៅដោយរបស់បាក់បែក បន្ទប់មួយនេះទំនងជាបន្ទប់គេង ពេលនេះបន្ទប់គេងមួយនេះប្រែសភាពទៅជាបន្ទប់ដ៏គួរអោយខ្លាចមួយ តែក្នុងពេលនេះបន្ទប់ទាំងមូលបានបង្ហាញចេញជារូបភាពដោយបានបង្ហាញរូបភាពមួយចំនួននៅចំពោះមុខវិន ស្រ្ដីម្នាក់កំពុងតែតោងកៅអីដើម្បីក្រោកឈរ តែមើលទៅសភាពនាងពេលនេះដូចជាអស់កម្លាំងណាស់ ដូចជាទើបនឹងត្រូវទទួលរងការវាយដុំអ្វីមួយមកលើនាង នាងព្យាយាមក្រោកឈរយ៉ាងលំបាក ដោយបានកៅអីនោះជួយ នាងក្រោកដើរដោយដំណើរទ្រេតទ្រូតសំដៅចូលក្នុងបន្ទប់ទឹក ដោយដៃម្ខាងរបស់នាងមានកាន់កាំបិតមួយចូលទៅជាមួយផង។ តើនាងចង់ធ្វើអី??

          វិនឈរភ្លឹកសម្លឹងមើលរូបភាពដែលកំពុងតែបង្ហាញដូចជាចាក់កុន គេមិនដឹងខ្លួននោះទេថាកំពុងតែមើលអ្វី ស្រ្ដីនោះដើរចូលបន្ទប់ទឹករួចទាញទ្វារបិទបន្ដិច តែមិនបានបិទជិតនោះទេធ្វើអោយវិនអាចមើលឃើញតថភាពទាំងមូលបាន នាងព្យាយាមឈោងដៃបើកទឹកដាក់បំពេញអាងទាំងមូល តាមមើលប្រហែលជាមិនមែនមកងូតទឹកទេ តើនាងប្រុងសម្លាប់ខ្លួនមែនទេ?? ហើយវាក៏បែបនោះពិតមែន!

          ពេលដែលអាងទឹកត្រូវបានដាក់ទឹកអោយពេញរួច ស្រ្ដីម្នាក់នោះក៏បានចុះចូលទៅ ដោយដៃកាន់កាំបិទជាប់ ហើយសភាពរបស់នាងគឺពិបាកមើលខ្លាំងណាស់ នាងយំឡើងខ្សោះអស់ពីខ្លួន នាងលើកកាំបិតតម្រង់មក ក របស់ខ្លួនយឺតៗមុននឹងសំរេចចិត្ដចាក់វាទម្លុះបំពង់ករបស់ខ្លួន

          ជ្រុច//

          កាំបិតសស្ងាចមុតស្រួចបានចាក់ទម្លុះបំពង់កនាងបានសម្រេចដោយដៃរបស់នាង ឈាមបាចសាចពាសពេញបន្ទប់ទឹកប្រៀបដូចជាអារកមាន់ ពេលនេះសភាពអាងទឹកទាំងមូលពោពេញដោយឈាមក្រហមឆ្អិនឆ្អៅ ស្រី្ដក៏កម្សត់បានជ្រើសរើសការធ្វើអត្ដឃាតខ្លួនឯងដ៏សាហាវឃោឃៅ មើលទៅសូម្បីតែឃាតករក៏ពិបាកនឹងជ្រើសវិធីនេះសម្លាប់គេដែរ  នាងដូចជាសាហាវពេកហើយ តាមសភាពរបស់នាងពេលនេះដូចជាមនុស្សម្នាក់ដែលទទួលរងការធ្វើទារុណកម្ម ខ្លួនប្រាណរបស់នាងស្គមស្គាំង ឯដៃជើងសុទ្ធតែមានស្លាកស្នាមដែល មានថ្មីៗព្រមទាំងស្លាកស្នាមចាស់ៗផងដែរ ប្រហែលជានាងពិបាកពេកហើយទើបបានជាធ្វើបែបនេះ។ កែវភ្នែករបស់នាងនៅបើកនៅឡើយ ហើយកែវភ្នែកនោះកំពុងតែសម្លឹងមកវិន ដោយមានតំណក់ទឹកភ្នែកលាយមកជាមួយផង។

          “អាវិន!!” ដេនស្រែកហៅវិនកាត់ផ្ដាច់នូវរូបភាពគ្រប់យ៉ាងដែលវិនបានឃើញមុននេះ​ ហើយបានហៅសតិរបស់វិនត្រលប់មកវិញ។

          “មានរឿងអី? មិចក៏ឯងមកដល់បន្ទប់នេះ?” ដេនសួរដោយភ្នែកសម្លឹងមកវិនជាប់។

          “យើង..... យើងបានឃើញ....បានឃើញ” វិនរកនឹកនិយាយមិនចេញ មិនដឹងគួរនិយាយប្រាប់ដេនបែបណា

          “បានឃើញស្អី??” ដេនសួរដោយភ្នែកខំប្រឹងសម្លឹងរេរារកមើលអ្វីដែលនៅជុំវិញនេះ តែគ្រប់យ៉ាងនៅទីនេះមានតែ ភាពងងឹតនិងធូរលីដីដែលហោះទៅមកប៉ុណ្ណោះ ក្រៅពីនេះគឺសំបុកពីងពាងរាយសុះសាយពេញបន្ទប់។

          វិនបិទភ្នែកព្យាយាមនឹកដល់រូបភាពដែលគេបានឃើញមុននេះ តែអ្វីដែលគេចាំបានគឺមានស្រី្ដម្នាក់បានស្លាប់ក្នុងបន្ទប់នេះ ហើយមុខបែបមិច សភាពបែបមិចគេចាំមិនបាននោះទេ គេដឹងត្រឹមថា នាងស្លាប់ដោយការធ្វើអត្ដឃាតខ្លួនឯងក្នុងបន្ទប់ទឹក។ វិនយកដៃខ្ទប់ក្បាលហើយព្យាយាមរំពៃមើល តែ​នៅតែមិនអាចនឹកឃើញដដែល ឯដេនតាមមើលអាការៈរបស់វិនដោយងឿងឆ្ងល់។

          “ឯងមិនអីទេ?” ដេនចាប់ស្មារបស់វិន ដោយឃើញថាគេដូចជាព្យាយាមរកនឹកអ្វីមួយយ៉ាងលំបាក

          “អាដេន យើងបានឃើញ... បានឃើញមនុស្សស្លាប់!! មនុស្សស្លាប់ក្នុងបន្ទប់នេះ!” វិនបើកភ្នែកវិញហើយព្យាយាមនិយាយប្រាប់ដេន

          “ឯងបានឃើញយ៉ាងមិច?”

          “គឺ.... គឺវាបង្ហាញមក ... យើងក៏មិនដឹងដែរ” គេគ្រវីក្បាលតិចៗហាក់ដូចជាពិបាកចងចាំណាស់។

          “ឯងសម្រួលអាម្មណ៍សិនទៅ ហើយនិយាយប្រាប់យើង មិចក៏ឯងឡើងមកទីនេះ?” ដេនសួរនូវអ្វីដែលគេចង់ដឹង គេឆ្ងល់ណាស់ ហេតុអ្វីបានជាវិនឡើងមកលើដោយសភាពបែបនេះ?

                “យើងក៏មិនដឹងដែរ” វិនពិតជាមិនដឹងមែនថាគេមកទីនេះដោយរបៀបណា គេមិនទាំងដឹងផងថាត្រូវដើរយ៉ាងមិចនោះ គេចាំច្បាស់ថាគេបានដេកលក់ហើយ ឬមួយគេដេកមមើល?

                “យើងថាឯងមមើលហើយ តោះទៅក្រោមវិញទៅ” ថាហើយដេនក៏រុញវិនពីក្រោយហើយចុះទៅក្រោមវិញ ក្រោមការសម្លឺងមើលពីខ្សែភ្នែកក្រហមមួយគូក្នុងសភាពពីទីងងឹត។

          ទាំងពីរនាក់ទៅដល់ក្រោមវិញក៏បានឃើញគ្នារបស់គេកំពុងដែលដេកលក់សុខស្រួល ហើយពួកគេទាំង២ក៏ធូរចិត្ដ ព្រោះខ្លាចដូចលើកមុន តែមិនទាន់ផុតពីមាត់ផង អាម៉ាប់ស្រាប់តែប្រកាច់ភ្លាមៗ ដេនស្ទុះទៅជួយចាប់វា ព្រោះមិនមែនប្រកាច់ធម្មតាទេនៅបញ្ឈរភ្នែកទៀត ឃើញបែបនេះមិនភ័យមិនបានទេ។

          “អាម៉ាប់!! អាម៉ាប់ឯងកើតអី?? ដឹងខ្លួនឡើង!!” ដេនព្យាយាមស្រែកដាស់សតិគេ តែក៏បានដាស់ពីរនាក់ទៀតអោយក្រោកដូចគ្នា គ្រាន់តែភ្ញាក់ដោយសារសម្លេងរបស់ដេនភ្លាម ២នាក់នោះក៏បានឃើញហេតុការណ៍របស់អាម៉ាប់ហើយក៏ស្ទុះមកអង្រួនគេភ្លាម

          “មានរឿងអីមិចក៏អាម៉ាប់វាចឹង?” ធីសួរឡើងខណៈដែលដៃរបស់គេកំពុងតែជួយអង្រួលដល់អាម៉ាប់

          “យើងក៏មិនដឹងដែរ សុខៗវាក៏ស្រាប់តែប្រកាច់បែបនេះ”

          ម៉ក់និងវិនខំប្រឹងច្របាច់ដៃច្របាច់ជើងរបស់គេ អាម៉ាប់ហាក់មិនអន់ថយទេ ប្រកាច់លើសដើម លើកនេះភ្នែកវាបញ្ឈរកាន់តែខ្ពស់ ហើយនៅមានទឹកសៗហៀរចេញតាមមាត់មកទៀត ទំនងវាបែបពពុះមាត់ហើយ

          “អាម៉ាប់!!!!!” ទាំង៤នាក់ប្រឹងស្រែកដាក់សតិអាម៉ាប់មកវិញពេលដែលវារិតតែធ្ងន់ធ្ងរទៅបែបនេះ ធីភ័យដល់ធ្លាក់យំចេញមក ហើយក៏បានទាញទឹកភ្នែករបស់៣នាក់ទៀតអោយស្រស់មកដែរ

          “អាម៉ាប់ឯងកុំស្លាប់អីហ៊ឺៗ.... អាម៉ាប់!! ដឹងខ្លួនឡើង” អាធីយំផងអង្រួនផង ធ្វើយ៉ាងណាអោយអាម៉ាប់ដឹងខ្លួនវិញ តែអត់ទេ អាម៉ាប់កំពុងតែប្រកាច់ត្រឹលៗដដែល

          “....”

          រាងកាយអាម៉ាប់លែងកំរើកទៀត ដៃជើងដែលប្រកាច់មុននេះក៏ត្រូវធ្លាក់ចុះវិញ លែងមានការបញ្ជាទៀត ទាំង៤នាក់មើលសភាពអាម៉ាប់ប្រកាច់ស្លាប់យ៉ាងអាសូរ ម្នាក់ៗគ្មានអ្នកណាកម្រើកទេ រឹងខ្លួនអស់ហើយ បាត់បង់សមាជិកម្នាក់ទៀតហើយ គេយកជិវិតមិត្ដរបស់ពួកគេម្នាក់ទៀតហើយ អាម៉ាប់គឺជាមនុស្សម្នាក់ក្នុងចំណោមគ្នា១៣នាក់ដែលសុភាពជាងគេ វាស្លូតជាជាង មិនថាគេប្រើអោយធ្វើអីទេ វាមិនដែលចេះបដិសេធឬក៏ត្អូញត្អែរទេ វាចេះតែសើចសប្បាយ ក្នុងគ្នា១៣នាក់បើគ្មានអាម៉ាប់ទេ ប្រហែលជាមិនសប្បាយទេ ព្រោះវានេះឯងដែលតែងតែធ្វើអោយគ្រប់គ្នាសើចនិងញញឹមចេញមក វាមិនដែលទាមទារអីទេ ត្រឹមមានរបស់ស៊ីនៅជិតខ្លួនគឺគ្រប់គ្រាន់ហើយ តែពេលនេះលែងមានហើយ អាម៉ាប់ទៅបាត់ម្នាក់ទៀតហើយ តើវាខុសអី? មិចក៏យកវាទៅយ៉ាងចឹង?

          “អាម៉ាប់!!!​ ហ៊ឺៗ អាម៉ាប់ ឯងកុំស្លាប់អី!! ដឹងខ្លួនឡើងមកអាម៉ាប់!!!” ធីស្រែកយំនិងអង្រួនខ្លួនអាម៉ាប់ខ្លាំងៗ គេពិតជាធ្វើចិត្ដមិនបានទេ កន្លងមកមានតែអាម៉ាប់ប៉ុណ្ណោះដែលយល់ពីគេជាងគេ មានតែអាម៉ាប់ទេដែលសុខចិត្ដអោយអាធី លលែងនិងធ្វើបាប ហើយប្រើប្រាស់វាច្រើនជាងគេ វាស្លាប់ដោយបែបនេះ គ្មានមូលហេតុបែបនេះ តើអោយវាធ្វើចិត្ដយ៉ាងមិចបាន? បើសូម្បីតែនិយាយលាមួយមាត់ក៏គ្មានបែបនេះ?

          ឯពួកគេទាំង៣នាក់ទៀតក៏បានត្រឹមតែស្រស់ទឹកភ្នែក តើពួកគេជួយអ្វីបាន? បើជិវិតពួកគេម្នាក់ៗមិនដឹងរស់ដល់វិនាទីណាដែរនោះ? សូម្បីតែខ្លួនឯងក៏មិនដឹងស្លាប់ពេលណាដូចគ្នា ជិវិតពួកគេទាំង៤ត្រូវបានគេគ្រប់គ្រងទៅហើយ មិនដឹងថាអ្នកបន្ទាប់ជាអ្នកណាទេ តើជាអ្នកណាបន្ទាប់ទៅទៀតនេះ?

          វិនងាកសម្លឹងមើលជុំវិញបរិវាណដែលអាម៉ាប់កំពុងតែដេកស្លាប់នេះ ហើយក៏បន្ទះភ្នែកនឹងរបស់ម្យ៉ាងដែលនៅលើក្បាលដំណេករបស់គេ ហើយវិនក៏ឈោងដៃយកមកមើល វាគឺជាគីងគក់ ដែលតាមមើលប្រហែលជាអាម៉ាប់អាយកមកស៊ីហើយមើលទៅ។

          “អាម៉ាប់ស្លាប់ដោយសារវាស៊ីគីងគក់ តាមមើលវាប្រហែលជាឃ្លានណាស់ហើយ” វិននិយាយដោយភ្នែកសម្លឹងទៅអាម៉ាប់ជាប់ គេខ្លោចចិត្ដអាណិតដល់អាម៉ាប់ គេដឹងថាវាប្រាកដជាឃ្លានដល់ថ្នាក់ទ្រាំមិនបាន ព្រោះអាម៉ាប់ធ្លាប់ចាប់សត្វផ្សេងៗស៊ីជាអាហារពេលដែលវានៅតាមចិញ្ចើមផ្លូវជាក្មេងអាណាថាពីមុន ដោយសារតែបានបងភុំនាំវាមកចូលក្រុម ម្លោះហើយវាក៏មិនអាចរស់ដល់ពេលនេះដែរ។

          ៣នាក់នោះសម្លឹងមកគីងគក់ដែលនៅសល់ខ្លួនពាក់កណ្ដាលក្នុងដៃរបស់វិនដោយហួសចិត្ដ មិននឹកស្មានសោះថាអាម៉ាប់វាឃ្លានដល់ថ្នាក់នឹង។

          ៤នាក់ដែលនៅសេសសល់បានរំកិលសាកសពរបស់អាម៉ាប់រុំនឹងកន្ទេលកញ្ចាស់មួយទៅដាក់នៅជ្រុងម្ខាង ហើយរៀបចំនិងជូតមុខរបស់វាអោយស្អាតបាតមុននឹងយកទៅដាក់ចោល ភ្នែករបស់អាម៉ាប់នៅបើកនៅឡើយ វិនសម្លឹងជ្រៅក្នុងកែវភ្នែកសស្លែតដែលបើកចោលនោះហើយពោលក្នុងចិត្ដ៖

          “ខ្ញុំមិនអោយអ្នកណាស្លាប់ម្នាក់ទៀតទេ”

          និយាយក្នុងចិត្ដបែបនេះហើយវិនក៏យកដៃបិទភ្នែកអាម៉ាប់អោយជិត ហើយរុញជាទៅដាក់នៅឯជ្រុងម្ខាងដែលឆ្ងាយពីកន្លែងសម្រាករបស់ពួកគេ។

          បន្ទាប់ពីរៀបចំរួចរាល់ហើយពួកគេទាំង៤នាក់ស្ងាត់អស់យ៉ាងយូរ ពេលនេះគ្មានអ្នកណាងងុយដេកទៀតទេ ដេកលែងលក់ហើយ ភ្លាមនោះអាធីក៏និយាយឡើង៖

          “តើពេលនេះលោកបងនៅឯណា?? តើគាត់កំពុងតែតាមរកពួកយើងទេ?” ធីនិយាយឡើងហើយក៏បានធ្វើអោយទាំងអស់គ្នានឹកដល់លោកបងវាភ្លាម

          “បើលោកបងដឹង គាត់ប្រាកដជាមិនអោយយើងមានរឿងទេ” ម៉ក់និយាយឡើង

          “បើលោកបងដឹងថាគ្នាយើងស្លាប់អស់ សល់តែ៤នាក់ដូច្នេះវិញ គាត់ប្រាកដខូចចិត្ដស្លាប់មិនខានទេ” វិននិយាយហើយដកដង្ហើមធំបន្ដិចមុននឹងបន្ដ “បើគ្រាន់តែបាត់បង់គ្នា៤នាក់ដំបូងគាត់បន្ទោសខ្លួនឯងណាស់ទៅហើយ ទម្រាំតែស្លាប់អស់សល់តែ៤នាក់បែបនេះទៀត?”

          “បើកុំតែលោកបង យើងមិនអាចរស់ដល់ពេលនេះទេ យើងរិតតែមិនអាចស្លាប់ក្នុងខណៈពេលនេះថែមទៀត”​ ដេននិយាយឡើងដោយកែវភ្នែកមុត ហើយសម្លឹងទៅឆ្ងាយក្នុងសភាពងងឹត ដោយមានតែបន្លឺព្រាលៗចេញពីដួងខែចាំងចូលតិចតួចតែប៉ុណ្ណោះ។

          ក្នុងសភាពដ៏ស្ងប់ស្ងាត់នៅឯខាងពួកគេ ក៏ដូចជាសភាពដ៏ស្ងប់ស្ងាត់នៅឯខាងនេះដែរ ភុំកំពុងតែរកនឹកមធ្យោបាយជួយដល់ពួកគេ ពេលនេះភុំពិបាកទ្រាំជាងពួកគេទាំង៤ទៅទៀត ក្នុងចិត្ដរបស់គេសឹងតែប្រះបែកទៅហើយ មិនដឹងថាសុខទុក្ខបងប្អូនទាំងឡាយពេលនេះយ៉ាងមិចទៅហើយទេ គេស្បថក្នុងចិត្ដថា យប់ពេញបរមីពេលណានឹងទៅជួយពួកគេទាំងនោះអោយបាន មិនអោយបាត់ម្នាក់ណានោះទេ។

          “ពួកឯងទ្រាំបន្ដិចទៅ យើងប្រាកដជាជួយពួកឯងអោយបាន” ភុំនិយាយម្នាក់ឯងក្រោមអ័ក្សផ្សែងសក្បុសនាពេលរាត្រីដោយភ្នែកមុតស្រួចសម្លឹងទៅព្រះចន្ទឥតព្រិច សឹងតែអាចពុះព្រះចន្រ្ទាជា២ទៅហើយ។

Comments

Popular posts from this blog

រឿង វិញ្ញាណចងអាឃាត End Ep-8

THREE THOUSAND WORDS

ស្រមោលស្នេហ៍ពណ៌ខ្មៅ