រឿង វិញ្ញាណចងអាឃាត Ep-6
រឿង: វិញ្ញាណចងអាឃាត
_________________________
បន្ទាប់ពីអាម៉ាប់បានស្លាប់ទៅ
ធីគិតតែពីអង្គុយយំ គេពិតជាអាណិតវាណាស់ អ្វីដែលអាធីស្ដាយបំផុតគឺមិនទាន់បានធ្វើល្អជាមួយនឹងអាម៉ាប់នៅឡើយទេ
ហើយវាក៏ទៅបាត់ មិនសូម្បីតែលាគេជាលើកចុងក្រោយ។
មួយថ្ងៃបានកន្លងផុតទៅទៀតហើយ ពេលរាត្រីក៏លំអោនកាយចូលមកដល់ម្ដងទៀត
សភាពផ្ទះទាំងមូលនៅតែដដែល ខុសត្រង់តែមនុស្សដែលកំពុងជាប់នៅក្នុងនេះប៉ុណ្ណោះ
តាំងពីគ្នាប្រាំបីរហូតសល់តែ៤នាក់។ តើទាំងបួននាក់ដែលនៅសល់ពេលនេះកំពុងតែស្ថិតក្នុងសភាពបែបមិច?
“អាធី! សុំអង្វរឯងឈប់យំទៀតទៅ
ឯងយំហើយបានអីមកវិញ? ឯងយំហើយអាចអោយអាម៉ាប់រស់វិញមែនទេ
ឯងយំហើយអាចអោយពួកវាឯទៀតរស់វិញដែរទេ???” ដេនដែលស្ងាត់មាត់ស្ងាត់កជាយូរក៏ស្រែកឡើង
ពេលនេះអ្វីៗកំពុងតែពិបាកទៅៗផង មកត្រូវស្ដាប់សម្លេងយំគ្មានបានការរបស់អាធីទៀត
ធ្វើអោយគេមិនអាចទប់កំហឹងបានក៏ស្រែកអោយអាធីម៉ាអស់សម្លេង។
២នាក់ទៀតដែលកំពុងតែអង្គុយបញ្ឈរជង្គង់ក៏ត្រូវភ្ញាក់ព្រើតដោយសារសម្លេងរបស់ដេនដែរ
ពួកគេមិនហ៊ាននិយាយអីនោះទេ ព្រោះអាធីពិតជាទំឡង់ដល់គេពិតមែន។
ដេនខឹងពេកក៏ហក់ទៅទាត់ជញ្ជាំងមួយជើងពេញទំហឹង
សឹងតែអាចអោយជញ្ជាំងកញ្ចាស់មួយនេះរលំទៅហើយ។
ទាត់ហើយគេក៏ដើរឡើងលើផ្ទះត្រុយក្នុងសភាពងងឹងព្រាលៗ
ដោយមិនឆ្វល់ពី៣នាក់ទៀតដែលកំពុងតែធ្វើមុខឆ្ងល់ៗមើលមកគេនោះទេ។
ដេនដើរឡើងលើផ្ទះដោយក្លាហានបំផុត
គ្មានអារម្មណ៍ភ័យខ្លាចអ្វីទាំងអស់ គេដើរចូលបន្ទប់ដែលវិនធ្លាប់ឡើងមក ដែលវិនធ្លាប់និយាយអ្វីផ្ដេសផ្ដាសថា
មានមនុស្សស្រីដែលស្លាប់ក្នុងបន្ទប់នេះ។ ដេនដើរមកឈប់ពីមុខបន្ទប់នោះ ហើយសម្លឹងទៅខាងក្នុងដោយកែវភ្នែកមុតស្រួច
គេសម្រួលអារម្មណ៍មុននឹងដើរចូលទៅ។
ជំហានវែងៗហ្វាហាប់បានបោះចូលទៅបរិវាណបន្ទប់យ៉ាងក្នុង
អ្វីដែលដេនបានឃើញគឺទទេស្អាតដូចពីមុន គ្មានអ្វីប្លែកទេ ក្រៅពីរបស់បាក់បែកដែលសេសសល់នៅទីនេះ
និងធូរលីដីដែលហោះកាត់ផ្ទៃអាកាសទៅមក
ដេនចូលទៅអង្គុយលើកៅអីបាក់បែកមួយហើយបិទភ្នែករំលឹកដល់អ្វីម្យ៉ាង
ពេលនេះរូបភាពជាច្រើនដែលកំពុងបញ្ចាំងក្នុងខួរក្បាលរបស់ដេនមិនមែនជារូបភាពដែលវិនបានឃើញនៅទៅនេះពីមុននោះទេ
តែជារូបភាពដែលមិត្ដភក្ដិគេទាំងអស់បានស្លាប់ មនុស្សទីមួយដែលបានស្លាប់មុនគេគឺអាផាត
អាផាតកំពុងតែជិះម៉ូតូក្នុងសភាពស្រវឹងស្រា
តែគេបើកបរក្នុងសភាពមួយដែលមើលទៅមិនយ៉ាប់យឺននោះទេ
តែស្រាប់តែមានឡានមួយគ្រឿងបើកពីណាមកមិនដឹង បានបើកបុកគេមួយទំហឹង ធ្វើអោយអាផាតប៉ើងទៅម្ខាងយ៉ាងតំណំដោយមិនបានត្រៀមខ្លួន
មិនត្រឹមតែប៉ុណ្នឺងទេ ឡាននោះនៅបើកថយក្រោយកិនបំបែកក្បាលបញ្ចប់ជីវិតរបស់គេថែមទៀតផង
តែឡានដែលកំពុងតែបើកលើផ្លូវនោះ បែរជាគ្មានមនុស្សបញ្ជាទៅវិញ
នៅមិនឆ្ងាយពីសាកសពរបស់អាផាតប៉ុន្មានមានមនុស្សស្រីម្នាក់កំពុងតែឈរញញឹមយ៉ាងសមចិត្ដដែលបានឃើញអាផាតស្លាប់បែបនេះ
ហើយភ្លាមៗនោះទាំងឡានទាំងមនុស្សក៏ស្រាប់តែបាត់ភ្លាមៗគ្មានស្រមោលឡើយ។
បន្ទាប់ពីនោះគឺ៣នាក់ទៀតដែលកំពុងតែចរាចរណ៍លើផ្លូវលំមួយ
គ្នារបស់គេ២នាក់ដែលបានជិះម៉ូតូជាមួយគ្នាស្រាប់តែលែងកំរើកខ្លួន ធ្វើអោយដួលទៅលើអាម្នាក់ទៀតដែលបើកទន្ទឹមវា
ពួកវាទាំង៣ស្លាប់ដោយអនោចអធម្មបំផុត តាមពិតមិនមែនសុខៗវាលែងកំរើកខ្លួននោះទេ
គឺដោយសារតែមានមនុស្សស្រីម្នាក់កំពុងតែអោបរួបរឹតពួកវាទាំង២ដោយដៃរបស់នាងវែងមូលដែលរួមរឹតពួកគេ២នាក់ប្រៀបដូចជាពស់រុំចំណី
ធ្វើអោយគ្នាគេទាំង២នាក់ពិបាកដកដង្ហើមយ៉ាងខ្លាំង ក៏ស្លាប់ភ្លាមៗតាំងពីនៅលើម៉ូតូ ហើយមនុស្សស្រីដដែលនោះក៏កំពុងឈរសើចយ៉ាងសមចិត្ដដោយកែវភ្នែកក្រហមឆ្អៅពពេញទៅដោយកំហឹង។
បន្ទាប់មកទៀតគឺអាឡាំ វាត្រូវបានមនុស្សស្រីម្នាក់នោះអូស ក របស់វាដើរ
ដើររហូតទាល់តែវាធ្លាក់បែកក្បាលស្លាប់ក្នុងឈាមទាំងថ្កុក បន្ទាប់ពីនោះគឺម្នាក់ទៀតដែលបានត្រូវព្យួរ
ក នោះ មិនមែនសុខៗវាទៅព្យួរ ក ខ្លួនឯងទេ គឺនាងម្នាក់នោះអូសវាទៅ វាត្រូវបានស្រីនោះសណ្ដំគ្មានសតិទៅហើយ
វាត្រឹមតែធ្វើតាមអ្វីដែលនាងនោះនិយាយអោយវាធ្វើ រួចហើយក៏បន្ដមកអាផេង នាងក៏ប្រែរូបរាងមកចូលក្នុងខ្លួនរបស់អាផេង
ធ្វើអោយវាបាត់បង់សតិគ្រប់គ្រងខ្លួនឯងមិនបាន នាងប្រើប្រាស់រាងកាយអាផេងដើម្បីបន្ដមកស្លាប់វិនម្នាក់ទៀត
សំណាងដែលគេមកទាន់ ហើយមនុស្សចុងក្រោយគេគឺអាម៉ាប់
អាម៉ាប់ត្រូវគេពង្វក់ដូចគ្នាដោយសារវាឃ្លានពេក វាគ្រប់គ្រងខ្លួនឯងមិនបាន
ត្រូវបង្ខំចិត្ដចាប់គីងគក់ស៊ីទាំងចិត្ដមិនចង់ វាបានលែងគីងគក់នោះទៅហើយដោយសម្រេចចិត្ដមិនស៊ីវិញព្រោះវាដឹងថា
គីងគក់ជាសត្វមួយដែលមានសារជាតិពុលជាប់ខ្លួន
តែស្រីចង្រៃនោះចាប់ហែកមាត់អាម៉ាប់អោយវាស៊ី ចុងក្រោយវាក៏ត្រូវបានស្លាប់យ៉ាងវេទនា។
ដេនស្ទុះភ្ញាក់ពីកៅអីវិញទាំងក្រញ៉ាងខ្លួន
គេលើកដៃខ្ទប់ក្បាលខ្លួនឯងហើយព្យាយាមគ្រវីទៅមក គេទទួលយកមិនបានទេ
គ្រប់យ៉ាងមិនមែនជាការចៃដន្យទេ វាគឺជាការសងសឹក!!
“មីខ្មោចចង្រៃ!!!! នាងឯងខ្លាំងមែនឆាប់ចេញមក!
ចេញមកសាកជាមួយយើងមក!!!” ដេនខ្ទប់ក្បាលហើយស្រែកខ្លាំងៗ គេវាសដៃទៅមកដោយកំហឹងពេញខ្លួន
“ចេញមក!! បើខ្លាំងណាស់មកយកយើងម្នាក់ទៀតមក!!!”
ដេនស្រែកហើយស្រវ៉ាដំបងមកកាន់នឹងដៃជាប់ត្រៀមជាស្រេចសម្រាប់ការបង្ហាញខ្លួនរបស់ខ្មោចដែលសម្លាប់គ្នីគ្នារបស់គេនោះ
“ដេន!”
ផូស//
មួយដំបងស្វាគមន៍វិនពេញទំហឹងចំកណ្ដាលក្បាល
វិនដែលខំរត់មកទាំងប្រញាប់ប្រញាល់ដង្ហើមដង្ហក់សឹងមិនដល់គ្នាដើម្បីមកមើលថាអាដេនមានរឿងអី
តែក៏ត្រូវបានមួយដំបងចំកណ្ដាលក្បាលមកវិញយ៉ាងតំណំ
ឈាមហូរស្រោចខ្លួនរបស់វិនដូចជាទឹកដែលកំពុងតែហូរ វិនសម្លឹងមើលសភាពរបស់ដេន ដែលពេលនេះកំពុងតែខុសប្រក្រតីហើយ។
ដេនដែលបានបានវាយចំវិនមុននេះ ក៏ត្រូវក្ដោបក្បាលខ្លួនឯងម្ដងទៀត
ហើយស្រែកខ្លាំងៗដូចមនុស្សខុសប្រក្រតី
“ទេ!!! យើងគ្មានចេតនាទេ យើង....
យើងមិនបានចង់សម្លាប់ឯងទេអាវិន!!!” គេផ្ដួលខ្លួនទៅដីហើយក្ដោបក្បាលខ្លួនឯងរំកិលថយក្រោយដោយគ្រវីក្បាលតតាត់។
វិនមិនខ្វល់ថាក្បាលរបស់គេពេលនេះទៅជាយ៉ាងណាទេ
ទោះឈាមហូរមកបិទបាំងមុខរបស់គេពេលនេះក៏ដោយក៏គេមិនខ្វល់ដែរ គេឈានជំហានមួយៗទៅរកដេន
“អាដេន... តាំងអារម្មណ៍ ឯងមិនអីទេ
ធ្វើចិត្ដអោយបាន” វិនព្យាយាមនិយាយលួងលោមដល់ដេន តែគេបែរជាងើបឈរឡើងហើយច្រានវិនចេញមួយទំហឹង
គង់តែបានអាធីនិងម៉ក់មកពីជួយទប់ពីក្រោយទេ
ពុំនោះទេវិនប្រាកដជាដួលបោកក្បាលស្លាប់នឹងជ្រុងកៅអីមិនខាន។
“អាដេនឯងឆ្កួតស្អីនឹង??”
អាធីស្រែកសួរទៅដេនពេលដែលឃើញថាក្បាលរបស់អាវិនមានឈាមហូរមកមិនឈប់
ហើយក្នុងដៃរបស់អាដេនបែរជាមានកាន់ដំបង ទោះមិនដឹងថាមានរឿងអីកើតឡើង
តែគេប្រាកដចិត្ដថាក្បាលអាវិនដែលបែកនោះប្រាកដជាស្នាដៃរបស់អាដេន។
“ឆ្កួតហេ??? នាងឯង!!!
នាងឯងជាអ្នកសម្លាប់គ្នារបស់យើង!! យើងត្រូវតែអោយនាងឯងស្លាប់ម្ដងទៀត!!!” ថាហើយដេនក៏យារដំបងមកសំពោងក្បាលរបស់អាធី
សំណាងដែលវាគេចទាន់ តែដេននៅមិនអស់ចិត្ដទេ វាយារម្ដងទៀតដើម្បីបំបែកក្បាលរបស់អាធី
ម៉ក់ឃើញដូច្នេះក៏ស្រឡាំងកាំងធ្វើអ្វីមិនត្រូវ
“ឯងឈរស្ងៀមធ្វើអី? មិចក៏មិនជួយចាប់អាដេនទៅ!!”
វិនស្រែកប្រាប់ទៅម៉ក់ពេលដែលឃើញវាឈរត្រេងត្រាញមិនព្រមធ្វើអី វិនពេលនេះកំពុងតែខ្សត់កំលាំងមិនអាចជួយអ្វីបានក៏បានត្រឹមតែតោងកៅអីក្រោកឈរ
តែគេប្រឹងក្រោកមិនបានទេ កំលាំងរបស់គេពេលនេះខ្សត់ណាស់។
ម៉ក់ស្ទុះទៅចាប់ក្រពៀកដៃរបស់ដេនពីក្រោយហើយព្យាយាមតោងខ្លួនរបស់គេ
មិនអោយគេកាន់ដំបងកើត ពេលដែលដេនធ្លាក់ដំបងពីដៃហើយ អាធីក៏ធាក់ដេនមួយជើងពេញទំហឹង ដេនក្ដោបពោះរមួលខ្លួនប្រកាច់់នឹងដី។
“ឯងកើតស្អី មិចក៏ក្លាយជាបែបនេះ??”
អាធីទាត់ដេនមួយជើងទៀតបំណងអោយវាស្វាងនិងឆាប់មានសតិក្នុងខ្លួនវិញ
“ហ៊ឺក.....ហ៊ឺៗៗ..” ដេនបញ្ចេញសម្លេងយំយ៉ាងឈឺចាប់
ទាំង៤នាក់ស្ងៀមស្ងាត់រងចាំចម្លើយពីមាត់របស់គេ
“គ្នារបស់យើងទាំងប៉ុន្មាន
មិនមែនស្លាប់ដោយចៃដន្យទេ.... គឺមីខ្មោចចង្រៃនោះជាអ្នកធ្វើទាំងអស់!!!!!”
គេនិយាយហើយព្រមទាំងស្រែកដោយសម្លេងឈឺចាប់ គេត្រូវតែសងសឹក
ត្រូវតែអោយខ្មោចនោះទៅស្លាប់ម្ដងទៀត ដេនស្បថក្នុងចិត្ដដោយស្រែកយំខ្លាំងៗរំពងពេញសភាពបន្ទប់ទាំងមូល។
វិនព្យាយាមជូតឈាមចេញពីផ្ទៃមុនហើយប្រឹងងើបឈរម្ដងទៀត
ដោយដើរសំដៅចូលទៅក្នុងបន្ទប់ទឹកដែលនៅក្នុងបន្ទប់មួយនេះ។
វិនទាញទ្វារបន្ទប់ទឹកបើកយឺតៗ ហើយដើរទៅរកអាងទឹក
អ្វីដែលនៅក្នុងនោះគឺដូចគេស្មានមិនខុស សាកសពមួយដែលសល់តែឆ្អឹង កំពុងតែដេកក្នុងនេះ
គេយកដៃរបស់គេបារឆ្អឹងទាំងនោះ ពេលនេះវាមិនមែនមានលក្ខណៈពេញលេញនោះទេ
គ្រាន់តែអាចមើលដឹងថា វាជាឆ្អឹងរបស់សាកសព។ ២នាក់នោះដើរចូលក្នុងបន្ទប់ទឹកតាមវិនក៏ឈរឆ្ងល់
លើកលែកតែដេនប៉ុណ្ណោះដែលកំពុងដេកយំនៅឡើយ
“ឆាប់មកនេះ ជួយយកវាចេញមក”
វិននិយាយហើយក៏បារកម្ទិចកម្ទីរមួយចំនួនចេញមក
“យ...យកវាចេញធ្វើអីអាវិន?”
ធីសួរដោយសម្លេងញ័រៗ
“ឆាប់ធ្វើតាមយើងប្រាប់ទៅ”
ថាហើយពួកគេក៏នាំគ្នាបារយកចុះមកក្រោម
ហើយធ្វើតាមការណែនាំដែលវិនបានប្រាប់។ វិនរៀបចំរបស់នោះផ្គុំអោយចេញជារូបរាង ទោះមិនពេញលក្ខណៈក៏ដោយ
តែយ៉ាងណាក៏អាចបាន៥០%ដែរ។
“ឯងចង់ធ្វើអី?” ម៉ក់សួរ
វិនមិនឆ្លើយគិតតែពីរកនេះរកនោះមកធ្វើអ្វីម្យ៉ាង
ឯពួកគេទាំងពីរក៏បានត្រឹមតែឆ្ងល់ គ្មាននរណាម្នាក់ហ៊ានសួរនោះទេ
ហើយវិនក៏គិតតែពីអោនងើបៗធ្វើនូវអ្វីម្យ៉ាងនោះ។
(នៅឯខាងនាយភុំ)
ភុំកំពុងតែតាំងសមាធិជាមួយនឹងព្រះគ្រូតាមការណែនាំរបស់គាត់
នៅសុខៗគេក៏ស្រាប់តែមានអារម្មណ៍ថា មានអ្វីម្យ៉ាងមកបុកទ្រូងខាងឆ្វេងរបស់គេអោយដឹងដល់អារម្មណ៍ឈឺចាប់
គេភ្ញាក់ក្រញ៉ាងខ្លួនហើយបើកភ្នែកឡើងយកដៃស្ទាបទ្រូងរបស់គេ។
“មានរឿងអីកើតឡើង?” គេពោលតិចៗ
តែក៏មិនរំលងពីត្រចៀករបស់ព្រះគ្រូដែរ
ព្រះគ្រូបើកភ្នែកសន្សឹមៗមើលមុខរបស់ភុំ
មុននឹងនិយាយ៖
“ឯងតាំងអារម្មណ៍របស់ឯងអោយបានស្ងប់ យើងកំពុងតែធ្វើការទាក់ទងទៅគ្នីគ្នារបស់ឯង
បើឯងតាំងអារម្មណ៍ខ្លួនឯងអោយស្ងប់បាន ឯងក៏ដូចជាកំពុងតែជួយពួកគេយ៉ាងចឹង ពេលនេះពួកគេកំពុងតែត្រូវនាងណាវិនពង្វក់សតិអារម្មណ៍អោយរវើររវាយ”
ព្រះគ្រូនិយាយដោយសម្លេងរាបស្មើ គ្មានការភ្ញាក់ផ្អើលអ្វីទាំងអស់
“ពាក់ព័ន្ធអីនឹងពួកគេ?”
ភុំសួរទាំងដែលក្នុងចិត្ដរបស់គេពេលនេះក៏មិនស្ងប់ដូចគ្នា
“យើងបានភ្ជាប់ញ្ញាណរបស់យើងនឹងអាវិន
ហើយព្យាយាមប្រាប់ដល់គេតាមអារម្មណ៍សមាធិរបស់យើង ពេលនេះមានតែធ្វើបែបនេះនោះទេទើបអាចទប់ទប់នឹងវាបាន”
“ហេតុអ្វីក៏ព្រះគ្រូភ្ជាប់ញ្ញាណជាមួយនឹងអាវិនបាន?”
ភុំលើកចិញ្ចើមសួរដោយចិត្ដចង់ដឹង
“ព្រោះវាមានញាណទី៦” ព្រះគ្រូតបវិញខ្លីៗ និយាយហើយព្រះគ្រូក៏បិទភ្នែកសមាធិវិញ
ដោយគាត់បានទំនាក់ទំនងអោយវិន រៀបចំគ្រងឆ្អឹងរបស់នាងណាវិនអោយចេញជារូបរាង ព្រមទាំងអោយនាយវិនរករបស់របរដែលនៅទីនោះមកដាក់នៅជិតសាកសពដែលបានរៀបចំទាំងអស់
អ្វីដែលនាយវិនបានឃើញពេលដែលបន្ទប់នោះបង្ហាញរូបរាងគឺត្រូវតែទៅរកមកអោយអស់។
(ស្ថានភាពនៅឯផ្នែកខាងវិន)
វិនមិនដឹងថាគេធ្វើបែបនេះធ្វើអីនោះទេ
គេដឹងត្រឹមម្យ៉ាងប៉ុណ្ណោះគឺអារម្មណ៍មួយដែលបញ្ជាមកបែបនេះ វិនដើររករបស់របរមកដាក់ទីនេះយ៉ាងលំបាក
ព្រោះសភាពទាំងមូលគឺងងឹត គ្រប់យ៉ាងពឹងលើការរាករកតែប៉ុណ្ណោះ។ វិនបានរកថ្មស្ងួតបាននៅឯបរិវាណខាងក្រៅផ្ទះ
ដោយមានអាធីនិងម៉ក់ជាអ្នកជួយរក។
អ្វីគ្រប់យ៉ាងដែលអារម្មណ៍របស់គេបញ្ជាប្រាប់រកបានគ្រប់អស់ហើយ
វិនបានបង្កាត់ភ្លើងលើក្បាលនៃសាកសពដែលបានរៀបចំ ពេលនេះពន្លឺភ្លើងមិនអាចអោយរលត់បាននោះទេ
ត្រូវតែអោយវាឆេះជាប់បែបនេះ។
ហើយសាកសពដែលបានស្លាប់ក្នុងផ្ទះនេះទាំងប៉ុន្មានគឺត្រូវលើកមកតម្រៀមគ្នានៅក្បែរនេះ
ដោយមានដេនមកជួយផងដែរ ពេលនេះគេតាំងសតិនឹងស្មារតីបានវិញហើយ
ដោយធ្វើតាមអ្វីដែលវិនបានប្រាប់។
គ្រប់យ៉ាងគឺរួចរាល់
ហើយគ្រប់គ្នាទាំងបួននាក់ត្រូវអង្គុយក្បែរនោះជារង្វង់ ហើយបិទភ្នែករំងាប់អារម្មណ៍
មិនថាមានអ្វីកើតឡើងទេ មិនអាចបែកអារម្មណ៍ជាដាច់ខាត
មិនអាចងើបចេញពីកន្លែងដែលបានអង្គុយនោះទេ។
វិនប្រាប់ទៅគ្រប់គ្នាទាំង៣តាមអារម្មណ៍ដែលទទួលបាន
គេមិនយល់ដូចគ្នាថាហេតុអ្វីបានជាមានអារម្មណ៍បែបនេះ
តែកន្លងមកគេតែងតែជឿលើអារម្មណ៍របស់គេ គ្រប់យ៉ាងដែលអារម្មណ៍គេបានប្រាប់មិនដែលខុសនោះទេ។
ពេលនេះប្រហែលជាមានដំណោះស្រាយដែលត្រូវធ្វើ គេកំពុងតែរងចាំថា
មានអ្វីកើតឡើងនាពេលបន្ដិចទៀតនេះ។
(ប៉ែកខាងព្រះគ្រូ)
ពេលនេះព្រះគ្រូកំពុងតែចាត់ចែងធ្វើសីម៉ានិងបាយសីមួយចំនួន
ហើយគាត់បានចាត់ចែងអោយម្ដាយនាយភុំទៅរកគ្រូភ្លេងចំនួន៤វង់ដើម្បីត្រៀមនាថ្ងៃស្អែក។ ឯភុំត្រូវបានព្រះគ្រូអោយអង្គុយសមាធិមិនអោយចេញទៅណាដាច់ខាតក្នុងអំឡុងពេលនេះ
លុះត្រាតែមានបញ្ជាពីគាត់។
ព្រះគ្រូសម្លឹងទៅមេឃដែលពេលនេះកំពុងតែស្រអាប់ខ្មៅទៅៗ
គាត់សម្លឹងចូលជ្រៅទៅចន្ទ្រាដែលកំពុងតែត្រូវពពកខ្មៅរុំព័ទ្ធខ្មួលខ្មាញ់អាប់រស្មី
ទោះជាត្រូវពពកខ្មៅពុំព័ទ្ធប៉ុណ្ណាក៏នៅតែប្រឹងបញ្ចេញបន្លឺដែរ ទោះតិចឬច្រើនក៏ដោយ។
ព្រះគ្រូដកដង្ហើមធំបន្ដិចមុននឹងនិយាយអ្វីម្យ៉ាង
“អ្វីគ្រប់យ៉ាងប្រែប្រួលមិនទៀង”
គាត់និយាយទាំងដែរភ្នែកសម្លឹងមើលទៅព្រះចន្ទជាប់។
ភុំបើកភ្នែកសម្លឹងមើលព្រះគ្រូពីចម្ងាយ
គាត់មិនដែលបែបនេះទេ ពេលនេះប្រហែលជាមានរឿងស្មុកស្មាញគិតអ្វីមិនចេញហើយ
មួយរយៈពេលហើយដែលភុំមកទីនេះនៅក្បែរព្រះគ្រូ
គេមិនដែលឃើញគាត់បញ្ចេញអាការៈបែបនេះនោះទេ។
Comments
Post a Comment